ប្រទេសសិង្ហបូរីបានបញ្ជាក់ពីករណីលើកដំបូងនៃវីរុសកូរ៉ូណាដែលបម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ខណៈដែលមនុស្ស១១នាក់ផ្សេងទៀតដែលត្រូវបានដាក់ឲ្យស្ថិត នៅដាច់ពីគេឬធ្វើចត្តាឡីស័ករួចទៅហើយនោះ ទទួលបានលទ្ធផលបឋមថាវិជ្ជមានមានប្រភេទវីរុសវិវត្តថ្មីនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ករណីទាំងអស់ដែលត្រូវបាននាំចូលមកពីតំបន់អឺរ៉ុប បានត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅទីកន្លែងដាច់ពីគេនៅពេលមកដល់ ហើយមនុស្សដែលជាប់ទាក់ទងបានត្រូវគេដាក់ឲ្យដាច់ពីគេនៅមុននោះដែរ។
ក្រសួងសុខាភិបាលសិង្ហបូរី បានបញ្ជាក់កាលពីយប់ថ្ងៃពុធម្សិលមិញដោយសំដៅដល់មេរោគវិវត្តថ្មីដែលឆ្លងខ្លាំងជាងមុននៅក្នុងចក្រភពអង់គ្លេសថា «នៅពេលបច្ចុប្បន្ននេះ មិនមានភ័ស្តុតាងថា វីរុសវិវត្តថ្មី B117 កំពុងរាលដាលនៅក្នុងសហគមន៍ទេ»។
មេរោគវិវត្តថ្មីនោះ បានត្រូវគេរកឃើញក្នុងចំណោម៣១ករណីមកពីតំបន់អឺរ៉ុប ដែលបានមកដល់ប្រទេសសិង្ហបូរីនៅរវាងថ្ងៃទី១៧ ខែវិច្ឆិកានិងថ្ងៃទី១៧ ខែធ្នូ ហើយត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ១៩នៅខែនេះ។
អ្នកជំងឺដែលមានវីរុសកូរ៉ូណាប្រភេទថ្មីនោះបានធ្វើដំណើរពីចក្រភពអង់គ្លេសទៅកាន់ប្រទេសសិង្ហបូរីកាលពីថ្ងៃទី៦ ខែធ្នូ បានត្រូវគេធ្វើចត្តាឡីស័កនៅពេលមកដល់ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៨ ខែធ្នូ។ អ្នកដែលបានទាក់ទងអ្នកជំងឺនោះជិតស្និទ្ធទាំងអស់ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេ ហើយបានធ្វើតេស្តអវិជ្ជមាននៅពេលដែលបញ្ចប់ការធ្វើចត្តាឡីស័ក៕