ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ធម្មនុញ្ញ​​​ដែល​​​ស្នើ​​​ឡើង​​​នៅ​​​ប្រទេស​​​ថៃ​​​​រង​​​​ការ​​​រិះ​គន់​​​ពី​​​គណ​បក្ស​​​នយោបាយ


រដ្ឋ​ធម្មនុញ្ញ​​​ដែល​​​ស្នើ​​​ឡើង​​​នៅ​​​ប្រទេស​​​ថៃ​​​​រង​​​​ការ​​រិះ​​គន់​​​ពី​​​គណ​បក្ស​​​នយោបាយ។
រដ្ឋ​ធម្មនុញ្ញ​​​ដែល​​​ស្នើ​​​ឡើង​​​នៅ​​​ប្រទេស​​​ថៃ​​​​រង​​​​ការ​​រិះ​​គន់​​​ពី​​​គណ​បក្ស​​​នយោបាយ។

រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ដែល​ព្រាង​ដោយរដ្ឋាភិបាល​គាំទ្រ​ដោយ​ពួក​យោធា​នៃ​ប្រទេស​ថៃ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រទេស​នោះ​ត្រឡប់​ទៅ​កាន់​ការ​គ្រប់​គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​វិញ ​ក៏​ប៉ុន្តែសេចក្តី​ព្រាងរដ្ឋ​ធម្មនុញ្ញនេះបាន​រង​ការរិះគន់​រួច​ទៅ​ហើយ​ពី​គណបក្ស​នយោបាយ​សំខាន់ៗ។​ ប្រតិកម្ម​នេះ​បាន​បង្កើន​នូវ​ចម្ងល់​អំពី​គោល​ដៅ​របស់​រដ្ឋ​ធម្មនុញ្ញក្នុង​ការ​បញ្ចប់​ការ​បែក​បាក់​ខាង​នយោបាយ​អស់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។​

រដ្ឋ​ធម្មនុញ្ញ​នេះ​នឹង​ក្លាយ​ជា​រដ្ឋ​ធម្មនុញ្ញ​ទី​២០​ចាប់​តាំង​ពី​ប្រទេស​ថៃបាន​ក្លាយ​ជា​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ឆ្នាំ​១៩៣២​មក ​ហើយ​ពួក​អ្នក​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​នេះ ​និយាយ​ថា ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ព្យាយាម​ប្រកប​ដោយ​ជោគជ័យ​ពេលដែល​ក្រុម​ផ្សេងៗ​ទៀត ​ខកខាន​មិន​បានធ្វើ​ឲ្យ​មាន​ស្ថិរភាព​ហើយនឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រកប​ដោយភាព​ឋិតថេរ។​

ក៏​ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​នេះ​ប្រឈម​ការ​តវ៉ា​ប្រឆាំង​រួច​ហើយពី​គណបក្ស​សំខាន់ៗ​២​របស់​ប្រទេស​ថៃ ​ដែល​និយាយ​ថា ​រដ្ឋ​ធម្មនុញ្ញ​នេះ​បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​ពួក​គេ​ចុះ​ខ្សោយ​ ​ហើយ​នឹង​ធ្វើ​បាន​លទ្ធផល​បន្តិចបន្តួច​ក្នុងការ​បញ្ចប់​ការ​បែក​បាក់​ខាង​នយោបាយដែល​បាន​បំបែក​ប្រទេស​នេះ​ជាង​១៥​ឆ្នាំ​កន្លង​មក​ហើយ។​

លោក ​Panitan Wattanayagorn ​ជា​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ និង​ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាល ​និយាយ​ថា​ គណបក្ស​សំខាន់ៗពីរ​របស់​ប្រទេស​ថៃ​អាច​បង្កើន​ការ​ជំទាស់​ប្រឆាំង​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នេះ​ មុន​ពេល​គេគ្រោង​តាក់តែង​បញ្ចប់​នៅ​ខែ​សីហា។​

«ខ្ញុំ​ខ្លាច​ថា ​សេចក្តី​ព្រាង​នោះ​មិន​មាន​ភាព​រលូន ​ជាពិសេស​ជាមួយ​សមាជិក​របស់​គណបក្ស​ភឿ​ថៃ ​ពីព្រោះ​ពួក​គេយល់​ឃើញ​ថា​ ខ្លួន​គេ​ជា​អ្នក​ចាញ់នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នេះ។​ ពួក​គណបក្សប្រជា​ធិបតេយ្យ​ ដែល​ជា​អតីត​គណបក្ស​ប្រឆាំង ​មិន​ដល់​ដូច​គ្នា​ទេ ​ក៏ប៉ុន្តែ​ពួក​គេ​នៅតែ​មិន​សប្បាយ​ចិត្ត​ ពី​ព្រោះ​រដ្ឋ​ធម្មនុញ្ញ​នេះ​មាន​គោល​បំណង​កាត់​បន្ថយ​អំណាច​របស់​ពួក​គេ ​យ៉ាង​ហោច​ណាស់​ ធ្វើ​ឲ្យ​មាន​តុល្យភាព​កាន់​តែ​ខ្លាំង​ឡើង​ដែរ‍»។​

រដ្ឋ​ធម្មនុញ្ញ​បង្កើត​សភា​តំណាង​រាស្រ្ត ​ដែល​មាន​៤៥០​អាសនៈ​ ​ដែល​សមាជិក​របស់​សភា​តំណាង​រាស្រ្ត​ ​ត្រូវជ្រើសរើស​នៅ​ក្រោម​ប្រព័ន្ធ​សមាមាត្រ​ដែល​ពួក​អ្នក​វិភាគ ​និយាយ​ថា ​នឹង​នាំ​ឲ្យ​សមាជិក​សភាមាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ ចេញ​មក​ពី​គណបក្ស​នយោបាយ​តូចៗ។​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ឥទ្ធិពលរបស់​គណបក្ស​សំខាន់ៗ ​ហើយ​វា​បង្កើត​ឱកាសខ្លាំង​ឡើង​ឲ្យ​មានរដ្ឋាភិបាល​ចម្រុះ។​

ព្រឹទ្ធ​សភា ​ដែល​មាន​សមាជិក​២​រយ​នាក់​ នឹង​មាន​សមាជិក​ជាប់​ឆ្នោត​ខ្លះ​ ក៏​ប៉ុន្តែក៏​មាន​សមាជិក​ដែល​ត្រូវតែងតាំង​ដែរ ​រួមមាន​អតីត​សមាជិក​ខាង​យោធា ​និង​ការិយាធិប​តេយ្យ​ និង​ពួក​តំណាងកម្មករ ​កសិករ ​អ្នក​សិក្សាស្រាវ​ជ្រាវ​ហើយ​នឹង​អង្គការ​នៅ​តាម​មូលដ្ឋាន។​

លោកស្រី ​Thida Thavornseth ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អង្គការ​រណសិរ្ស​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​ជន​ផ្តាច់​ការ​ឬ ​(UDD) ដែល​ជា​អង្គការ​មូលដ្ឋាន​មួយ​ហើយ​ដែល​លម្អៀង​ទៅខាងគណបក្ស​ភឿថៃ ​និយាយ​ថា ​រដ្ឋ​ធម្មនុញ្ញ​នោះនឹង​មិន​នាំ​ឲ្យ​មាន​ការ​សម្រុះ​សម្រួល​ខាង​នយោបាយ​ទេ។​

«ទេ ​មិនមែន​ទេ ​មិនមែន​ទេ។ ​វា​មិន​មែន​ជា​រដ្ឋ​ធម្មនុញ្ញ​តាម​បែប​ប្រជា​ធិបតេយ្យ​ទេ។​ ពួក​គេ​មិន​ចង់​សាកសួរពលរដ្ឋ​ទេ​ ​មុនពេល​ពួកគេ​ប្រើ​ធម្មនុញ្ញនេះ។​ ពួក​គេ​ មិន​ចង់​ឲ្យ​មាន​គណបក្ស​ខ្លាំង​ ​មិន​ចង់​មាន​រដ្ឋាភិបាល​ខ្លាំង​ទេ។​ ហើយ​ជាពិសេស ​លោក​អ្នក​ឃើញ​នាយករដ្ឋ​មន្រ្តី​មក​ពី​ក្រុម​មនុស្ស​ផ្សេង​ទៀត ​មិន​មែន​ជា​សមាជិក​សភា​ទេ‍»។​

លោកស្រីកំពុង​និយាយ​យោង​ដល់​មាត្រា​ដ៏​ចម្រូង​ចម្រាស់ដែល​នឹង​តម្រូវ​ឲ្យ​មេដឹកនាំ​រដ្ឋាភិ​បាលត្រូវ​បាន​តែងតាំង ​មិនមែន​បោះឆ្នោតជ្រើស​រើសទេ។​ មាត្រា​នោះ​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​២​ភាគ​៣​ពី​សភា​តំណាង​រាស្រ្ត។​ ពួក​អ្នក​គាំទ្រ​និយាយ​ថា ​ចំណាត់​ការ​នេះ​នឹង​អនុញ្ញាត​ឲ្យមាន​មធ្យោបាយដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​ខាង​នយោបាយ​ ​បញ្ចៀស​អន្តរាគមន៍​ខាង​យោធា។​ ពួកយោ​ធាថៃបាន​ធ្វើ​រដ្ឋ​ប្រហារចំនួន​១២​ដង​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៣២​មក។​

លោក ​Kraisak Choonhavan ​ជា​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យហើយ​នឹង​ជា​សមាជិក​ដ៏​សំខាន់ម្នាក់​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយអតីត​នាយក​រដ្ឋ​មន្រ្តី ​Yingluck Shinawatra។​ លោក​និយាយ​ថា ​បើ​គ្មាន​ការ​គាំទ្រពី​គណបក្ស​នយោបាយ​ទេ​ ​ធម្មនុញ្ញ​ថ្មី​នេះ​នឹង​ពិបាក​បាន​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន។​

«លោក​ដឹង​ទេ​ថា ​វា​នឹង​មាន​ការ​លំបាក​បំផុត​ដើម្បី​ឲ្យ​ធម្មនុញ្ញ​នោះ​បាន​ទទួល​ការ​អនុម័ត​ ប្រសិន​បើគណបក្ស​នយោបាយ​មិន​សុខ​ចិត្ត​ទទួល​យក​ ព្រោះ​ថា​ ​បើ​គ្មាន​គណបក្សនយោ​បាយ​ទាំង​នោះ​ទេ ​គេ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​ភាព​ប្រក្រតី​ឡើង​វិញ​ទេ។​ អ្វី​នឹង​កើត​មាន​ឡើង​នោះ ​ខ្ញុំ​សង្ស័យ​ថា​ ​រដ្ឋ​ធម្មនុញ្ញ​នឹង​ត្រូវ​សរសេរ​ម្តង​ទៀត​ ហើយ​ការណ៍​នេះ​មាន​ន័យ​ថា ​ពួក​មេ​ដឹកនាំ​យោធា​នឹង​កាន់​អំណាច​កាន់​តែ​យូរ​ទៅ​ទៀត»។​

ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រទេស​ថៃ​មាន​ការ​បែង​បាក់​រវាងគណបក្ស​នយោបាយ​សំខាន់ៗ​ពីរ​ដែល​បាន​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​និង​តាម​រយៈ​ប្រអប់​ឆ្នោត​ដើម្បី​កាន់កាប់​រដ្ឋាភិបាល។​

នៅ​ជ្រុង​ម្ខាង​គឺ​គណបក្ស​ដែល​ផ្តោត​លើ​ប្រជា​ពលរដ្ឋ​ គាំទ្រ​ដោយ​អតីត​នាយរដ្ឋ​មន្រ្តី ​Thaksin Shinawatra ​ដែល​ជា​មហា​សេដ្ឋី​ម្នាក់​ដែល​រស់​នៅ​និរទេស​ខ្លួន។​គណបក្ស​របស់​លោក​បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ចាប់តាំង​ពី​ឆ្នាំ​២០០១​មក​ ភាគ​ច្រើន​តាម​រយៈ​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​ថៃ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល។​ នៅ​ជ្រុង​ម្ខាង​ទៀត​គឺ ​គណបក្ស​ប្រជា​ធិបតេយ្យ​ថៃ ​ដែល​ជា​គណបក្ស​ដ៏​មាន​ចំណាស់​ជាង​គេ​បំផុត​របស់​ថៃ ​ដែល​រួមមាន​ក្រុមមាន​ទ្រព្យ​សម្បត្តិ​ជាច្រើន​នៅ​ថៃ។​

លោក​ Kraisak​ និយាយ​បន្ត​ទៀត​ថា ​ការណ៍​នេះ​ជា​ឬសគល់​នៃ​ការ​បែក​បាក់​របស់​ថៃ ​ដែល​រដ្ឋ​ធម្មនុញ្ញ​បាន​ធ្វើ​ការ​ដោះ​ស្រាយ​បាន​បន្តិច​បន្តួច។​

ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​សាកល្បង​ដ៏​សំខាន់​បំផុត​គឺ​ថា​ តើ​រដ្ឋាភិបាល​យោធា​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណ​ជន ហើយ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​នោះ​ស្រប​ច្បាប់​ដែរ​ឬ​ទេ? ​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ពី​ដំបូង​បានប្រាប់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ការ​បោះឆ្នោត​ប្រជា​មតិអំពី​រដ្ឋ​ធម្មនុញ្ញនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​ទេ ​ក៏ប៉ុន្តែ​ពួក​មន្រ្តី​មិន​បាន​ប្រកាសពី​ការ​សម្រេចនោះ​ទេ៕​

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG