ពលរដ្ឋខ្មែរចំនួន១០នាក់ ក្នុងចំណោម១៩នាក់ ត្រូវបានដោះលែងពីពន្ធនាគារខេត្តស្រះកែវប្រទេសថៃ បន្ទាប់ពីពួកគេត្រូវបានកាត់ទោស និងផាកពិន័យក្នុងម្នាក់ៗ ជាង២៥ម៉ឺនរៀល ពីបទឆ្លងដែនខុសច្បាប់ចូលឧទ្យានជាតិថៃដើម្បីកាប់ឈើគ្រញូងដ៏មានតម្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍។
តាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយជាបន្តបន្ទាប់នៅថ្ងៃទី១៨ ខែឧសភានេះ ឲ្យដឹងប្រជាពលរដ្ឋខ្មែរ ចំនួន១៩នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពេលពួកគេលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូង ក្នុងខេត្តស៊ីសាកេត និងខេត្តស្រះកែវប្រទេសថៃ។ ប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួននេះ មានចំនួនពីរក្រុមផ្សេងគ្នា ដោយមួយក្រុមមានគ្នា៩នាក់ និងមួយក្រុមទៀត មានគ្នា១០នាក់ មកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ និងខេត្តកំពង់ធំ។ ក្រោយឃាត់ខ្លួន ពលរដ្ឋខ្មែរទាំង១៩នាក់ ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារក្នុងខេត្តស្រះកែវ និងខេត្តស៊ីសាកេត។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ដដែលបន្តថា ពលរដ្ឋខ្មែរចំនួន១០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា នៅឧទ្យានជាតិប៉ាងស៊ីដា ខេត្តស្រះកែវ ត្រូវបានកាត់ទោស និងផាកពិន័យ ក្នុងម្នាក់ៗចំនួន២.៥០០បាត ឬស្នើនឹងជាង២៥ម៉ឺនរៀល ពីបទឆ្លងដែនខុសច្បាប់ចូលឧទ្យានជាតិ។ ទោះជាយ៉ាងណា ពួកគេត្រូវបានអាជ្ញាធរថៃសម្រេចដោះលែង និងបញ្ជូនមកកម្ពុជាវិញ នារសៀលថ្ងៃទី១៨ ខែឧសភានេះ។ ដោយឡែកអ្នកកាប់ឈើខុសច្បាប់ចំនួន៩នាក់ផ្សេងទៀតកំពុងជាប់ឃុំឃាំងនៅខេត្តស៊ីសាកេតនៅឡើយ ដោយរងចាំអាជ្ញាធរថៃបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលើកចុងក្រោយដែល VOA បានទទួលពីក្រសួងការបរទេសកម្ពុជា។
VOA មិនអាចទាក់ទង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសដើម្បីសុំការអធិប្បាយបន្ថែមបានទេ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ។
លោក ស៊ុម ចាន់គា មន្រ្តីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យដែលនៅជាប់ខេត្តស្រះកែវប្រទេសថៃ បានប្រាប់VOA ថា ពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីប្រទេសថៃ តែងមានការនាំពីក្រុមមេខ្យល់ ដោយកុហកថាចូលទៅកាប់ឈើនៅតំបន់ធម្មតា។ លោកបន្ថែមថា ការសម្រេចចិត្តធ្វើចំណាកស្រុកឆ្លងដែនខុសច្បាប់ ដោយសារប្រជាពលរដ្ឋទាំងនោះជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងកង្វះទីផ្សារការងារក្នុងស្រុក ដែលលោកថា រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់។
លោកស៊ុម ចាន់គា នៃសមាគមសិទ្ធិមនុស្សអាដហុកបញ្ជាក់នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា៖
«មិនមានអ្វីដែលរដ្ឋាភិបាលពិបាកនឹងធ្វើទេព្រោះឲ្យតែមានទីផ្សារ។ ទី១៖ ទីផ្សារកសិផលរបស់គាត់ ជួយប្រមែប្រមូលទិញឲ្យមានតម្លៃ ហើយធានានូវតម្លៃឲ្យគាត់រស់បាន កុំឲ្យយកកសិផលពីបរទេសចូលមកខ្មែរបែរជាខ្មែរលក់ចេញទៅក្រៅមិនបាន លក់កន្លែងឯងកាន់តែថោក។ ទី២៖ គឺទាក់ទងទៅលើទីផ្សារការងារ ឲ្យមានកុំឲ្យខ្មែរយើងពឹងថា ថៃជាទីផ្សារ ហើយយើងលក់កម្លាំងពលកម្មទៅឲ្យថៃ»។
កន្លងមកប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានឆ្លងដែនចូលទៅកាប់ឈើដោយខុសច្បាប់ក្នុងទឹកដីប្រទេសថៃ។ ប្រជាពលរដ្ឋដែលឆ្លងដែនដោយប្រថុយប្រថានខុសច្បាប់ មួយចំនួនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជា ឯខ្លះត្រូវបានចាប់ឃុំឃាំង ឬខ្លះរងការបាញ់ប្រហារបណ្តាលឲ្យរបួស និងបាត់បង់ជីវិតផងដែរ។ របាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ដែលចេញកាលពីដើមឆ្នាំ២០១៧នេះ ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ មានករណីទាហានថៃបាញ់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ស្លាប់យ៉ាងហោចណាស់ចំនួន២នាក់ របួស៧នាក់ និងចាប់ខ្លួនចំនួន ២៩៣នាក់៕