លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជានាព្រឹកថ្ងៃសុក្រឲ្យបង្កើតគណៈកម្មការថ្មីមួយជាបន្ទាន់ ដើម្បីបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ទៅប្រទេសវៀតណាម និងគំរាមដកមន្ត្រីនៅខេត្តជាប់ព្រំដែនដែលបើកផ្លូវឱ្យឈ្មួញដឹកឈើខុសច្បាប់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យVOA ដឹងថា គណៈកម្មការថ្មីមួយនេះ មានលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាប្រធាន និងមានអាទិភាពអាចប្រើប្រាស់ឧបករណ៍យោធារួមទាំង ឧទ្ធម្ភាគចក្រពីរគ្រឿង ក្នុងចំណោមឧបករណ៍យោធាដែលបានទិញពីប្រទេសចិន។
លោក ផៃ ស៊ីផាន បានបន្ថែមថា៖«តាមសេចក្តីស្នើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ហ្នឹងសូមឲ្យបង្កើតគណៈកម្មការមួយដែលទទួលខុសត្រូវផ្ទាល់ ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ [សៅ] សុខា ដែលយើងនិយាយភាសាសាមញ្ញថាជាមេប៉េអឹមនោះ ឲ្យដឹកនាំការបង្ក្រាប។ ហើយការបង្ក្រាបនោះ លោកអនុញ្ញាតឲ្យប្រើប្រាស់ ឧទ្ធម្ភាគចក្រពីរគ្រឿង ដើម្បីធ្វើការងារផ្តាច់មុខរឿងហ្នឹង ហើយអាចប្រើប្រាស់កាំភ្លើងយន្ត និងអាវុធផ្សេងទៀតក្នុងការបំផ្លាញការដឹកឈើខុសច្បាប់នេះឯង»។
លោកថាឈ្មួញខុសច្បាប់ភាគច្រើនបានដឹកជញ្ជូនឈើខុសច្បាប់ពីបណ្តាខេត្តមួយចំនួនក្នុងភាគឦសាន រួមទាំងខេត្តព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ឆ្លងចូលខេត្តត្បូងឃុំ និងទៅកាន់ប្រទេសវៀតណាមដែលនៅជាប់នោះ។
យោងតាមរបាយការណ៍ដែលបានបង្ហាញដោយសាកលវិទ្យាល័យ Maryland នៃរដ្ឋ Maryland របស់សហរដ្ឋអាមេរិក តាមទិន្នន័យដែលបានផ្តល់ដោយប្រព័ន្ធផ្សាយរណបបានបញ្ជាក់ថា ព្រៃឈើប្រទេសកម្ពុជាបានបាត់បង់ប្រមាណ៧,១ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០១២។ ក៏ប៉ុន្តែតាមរបាយការណ៍ផ្សេងមួយទៀតពីរដ្ឋបាលព្រៃឈើកម្ពុជា ឲ្យដឹងថា ក្នុងឆ្នាំ២០១០ កម្ពុជាមានគម្របព្រៃឈើប្រមាណ៥៧,០៧ភាគរយ តែចំនួននេះមានការប្រែប្រួលនាប៉ុន្មានឆ្នាំចុងក្រោយ។ អ្នកជំនាញព្រៃឈើ និងអ្នកការពារបរិស្ថានស្តីបន្ទោសការបាត់បង់ព្រៃឈើកម្ពុជា ដោយសារតែការផ្តល់ដីសម្បទាន អំពើពុករលួយ ស៊ីសំណូក និងការកាប់បំផ្លាញពីឈ្មួញឈើប្រណិតធំៗ ដែលដឹកទៅកាន់ប្រទេសចិន និងវៀតណាម។
លោក ផៃ ស៊ីផាន ទទួលស្គាល់ថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាលគឺជាការបញ្ជាក់ពីបរាជ័យរបស់មន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលរួមទាំង មន្ត្រីរដ្ឋបាលព្រៃឈើផងដែរ។
«ដោយសារពុំមានប្រសិទ្ធភាពនោះហើយបានយើងចាត់វិធានការ ទំាងគោលការណ៍ ដែលមានការចង្អុលបង្ហាញឲ្យអនុវត្តឲ្យបានយ៉ាងហ្មត់ចត់ ទំាងយន្តការ ដែលមានការទទួលខុសត្រូវដោយផ្ទាល់ពីព្រោះនៅហ្នឹងកន្លែងនោះ ដូចសម្តេចលោកបានលើកអញ្ចឹងថា តើចៅហ្វាយខេត្តនៅឯណា បានអនុញ្ញាតឲ្យគេទៅ បើមិនមានការអនុញ្ញាត? លោកនឹងមានការដកចៅហ្វាយខេត្តហ្នឹងចេញ។ ហើយចុះចៅហ្វាយស្រុកនៅឯណា? ចុះរដ្ឋបាលព្រៃឈើទៅឯណា? ហើយកងរាជអាវុធហត្ថនៅឯណា? ខ្មែរយើងគឺគ្នាច្រើនអន្សមខ្លោចអញ្ចឹងនោះឯង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីមន្ត្រីរដ្ឋបាលព្រៃឈើ និងចៅហ្វាយខេត្តត្បូងឃុំ គឺលោក ប្រាជ្ញ ចន្ទ បាននោះទេ នាថ្ងៃសុក្រនេះ។
អ្នកជំនាញបរិស្ថាន និងព្រៃឈើ សាទរចំពោះការបង្កើតគណៈកម្មការថ្មីនេះ ក៏ប៉ុន្តែ យល់ថា វាអាចជាការយឺតពេលបន្តិចក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងប្រទេសនេះ ក្រោយពេលមានការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគិរី ដែលធ្វើការមួយផ្នែកធំលើការការពារបរិស្ថាន និងឃ្លាំមើលបទល្មើសព្រៃឈើផងដែរ។
«យើងដឹងហើយ ទោះជារដ្ឋាភិបាលខ្លួនឯងក៏គិតថាហួសពេលហើយ អញ្ចឹងបានគាត់ចេញជាចំណាត់ការបង្កើតគណៈកម្មការទប់ស្កាត់ការពារការកាប់បំផ្លាញព្រៃឈើហ្នឹង។ អញ្ចឹងទាំងរដ្ឋាភិបាលក៏គាត់ដឹងថា ការបំផ្លាញព្រៃឈើគឺវាប៉ះពាល់ខ្លាំងក្លាណាស់ ហើយទើបគាត់គិតថាបើគ្មានចំណាត់ការទេគឺព្រៃឈើនឹងត្រូវបាត់បង់ទាំងស្រុង»។
លោក ឆាយ ធី ថា ការបង្កើតចំណាត់ការថ្មីនេះគួរតែធ្វើព្រមគ្នាជាមួយនឹងសកម្មភាពផងដែរ ជៀសវាងការដាក់តែចំណាត់ការថ្មីៗ ដោយមិនមានប្រសិទ្ធភាពដូចពេលកន្លងមកនេះ។ យ៉ាងណាក៏ដោយ លោកថាប្រជាពលរដ្ឋកម្ពុជាមានការតាមដានយ៉ាងជិតដិតចំពោះផែនការសកម្មភាពថ្មីៗទាំងនេះ។
«យើងគិតថា ប្រជាពលរដ្ឋគាត់ដឹងច្បាស់ហើយ ចំណុចណាដែលគេធ្វើគ្រាន់តែធ្វើ គ្រាន់តែការសម្តែង ការរៀបចំឲ្យប្រជាពលរដ្ឋទុកចិត្តទុកថ្លើម។ ហ្អាហ្នឹង ពលរដ្ឋគាត់អាចពិចារណាតាមសកម្មភាពអ្នកដឹកនំាតាមជាក់ស្តែង។ រីឯចំណាត់ការយើងឃើញថា ទាល់តែយើងអនុវត្តជាក់ស្តែងដែរ បានប្រជាពលរដ្ឋគាត់គាំទ្របាន។ តែបើសិនជាយើងគ្រាន់តែថា មិនមានការអនុវត្តជាក់ស្តែង ប្រជាពលរដ្ឋនៅតែមិនមានជំនឿអញ្ចឹង»។
ដូចគ្នានោះដែរ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាក៏បានស្នើឲ្យមានការអនុត្តច្បាប់ព្រៃឈើ និងការចូលរួមពីគ្រប់ភាគីផងដែរ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើកម្ពុជា ដែលនៅសេសសល់ចុងក្រោយនេះ។ លោកថា ការកាប់បំផ្លាញព្រៃឈើរយៈពេលចុងក្រោយនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ដែលក្រីក្រ សន្តិសុខស្បៀង និងការប្រែប្រួលធាតុអាកាសផងដែរ។
«អ្វីដែលយើងស្នើបន្ថែមហ្នឹង គឺស្នើក្នុងកម្រិតដែលអនុវត្តធ្វើម៉េចឲ្យនៅក្នុងកម្រិតអនុវត្តហ្នឹងឲ្យមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ហើយទីពីរអនុវត្តឲ្យបានពេញលេញទៅលើច្បាប់ ដែលមានជាធរមានដើម្បីធានាថា បទល្មើសព្រៃឈើត្រូវបានកាត់បន្ថយ ហើយទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ព្រៃឈើយើងគឺបច្ចុប្បន្ននៅសល់តិច។ យើងឃើញមានតែនៅសល់តែក្នុងតំបន់ព្រៃឡង់ ជុំវិញបឹងទន្លេសាប ជួរភ្នំក្រវ៉ាញ និងភូមិភាគឦសាន»។
លោក តឹក វណ្ណារ៉ា បានឲ្យដឹងថា គម្របព្រៃឈើកម្ពុជាមកដល់ពេលនេះនៅសល់ត្រឹមតែ២០ភាគរយតែប៉ុណ្ណោះនៃផ្ទៃដីសរុបរបស់ប្រទេសដ៏ក្រីក្រនេះ បើមិនរាប់បញ្ចូលទាំងព្រៃកៅស៊ូ និងដំឡូងនោះ។
ការដាក់បញ្ជាឲ្យបង្កើត គណៈកម្មការថ្មីនេះគឺធ្វើឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គសន្និបាតប្រចាំឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំបានជំរុញឲ្យមានការកែទម្រង់មួយចំនួនលើគោលនយោបាយដីធ្លី ការកាប់បំផ្លាញព្រៃឈើសម្រាប់ឆ្នាំ២០១៦ នេះ។ កន្លងមក មានការដាក់បញ្ជា និងផែនការជាបន្តបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងការកាប់បំផ្លាញព្រៃឈើនេះ។ ក៏ប៉ុន្តែសកម្មជនបរិស្ថានយល់ថា អនុសាសន៍ទំាងនោះមិនត្រូវបានគេអនុវត្តឲ្យបានល្អប្រសើរនោះទេ៕