រាជរដ្ឋាភិបាលកម្ពុជាហាក់ដូចជាបានចាប់ផ្តើមចាត់វិធានការក្នុងការដោះស្រាយការកាប់ព្រៃឈើខុសច្បាប់ ប៉ុន្តែវិធានការភាគច្រើនទៅលើបញ្ហានេះ គឺមានតែនៅលើក្រដាសតែប៉ុណ្ណោះ។ នេះបើយោងតាមសម្តីរបស់អ្នកធ្វើយុទ្ធនាការនៃអង្គការនាំមុខគេមួយខាងឃ្លាំមើលឧក្រិដ្ឋកម្មបរិស្ថាន និងអំពើពុករលួយ។
អស់រយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីអង្គការ Global Witness ដែលមានទីតាំងនៅចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយដែលមានចំណងជើងថា«ថ្លៃប្រណិត» ឬជាភាសាអង់គ្លេស “The Cost of Luxury”។ របាយការណ៍នោះបានសរសេរលម្អិតអំពីការជួញដូរឈើប្រណិតដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបញ្ចេញឈ្មោះលោកឧកញ៉ា ទ្រី ភាព ដ៏ល្បីល្បាញម្នាក់ ថាជាមេក្រុមបណ្តាញឧក្រិដ្ឋកម្ម ដែលផ្អែកលើការឃុបឃិតគ្នាដើម្បីកាប់ និងដឹកឈើខុសច្បាប់ចេញពីក្នុងព្រៃនៅកម្ពុជាយកទៅលក់នៅបរទេស។
ដោយថ្លែងមកកាន់ VOA ពីទីក្រុង ឡុងដ៏ តាមរយៈទូរស័ព្ទ អ្នកនាង Josie Cohen អ្នកធ្វើយុទ្ធនាការខាងដីធ្លីជាន់ខ្ពស់របស់អង្គការ Global Witness បានមានប្រសាសន៍ថា ថ្វីដ្បិតតែមន្ត្រីទាំងនោះបានច្រានចោលលទ្ធផលនៃការស្រាវជ្រាវនោះជាសាធារណៈក៏ដោយ ក៏រាជរដ្ឋាភិបាលហាក់ដូចជាឆ្លើយតបទៅនឹងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៥នោះ។
«ភ្លាមៗបន្ទាប់ពី [របាយការណ៍នោះបានចេញផ្សាយ] គណៈកម្មាធិការសភាមួយត្រូវបានបង្កើតឡើងនៅកម្ពុជា ដើម្បីពិនិត្យមើលទៅលើការចោទប្រកាន់ជុំវិញការកាប់ព្រៃឈើខុសច្បាប់ និងពិចារណាទៅលើភស្តុតាងនៅក្នុងរបាយការណ៍នោះ»។
អ្នកនាង Cohen បាននិយាយថា មិនមានដំណឹងអ្វីច្រើនពីគណៈកម្មាធិការនោះទេ ប៉ុន្តែដំណើរវិវឌ្ឍន៍មួយចំនួនកាលពីដើមឆ្នាំនេះ ផ្តល់ក្តីសង្ឃឹមខ្លះៗដល់បណ្តាអ្នកធ្វើយុទ្ធនាការ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីប្រកាសមួយចំនួនអំពីការកាប់ព្រៃខុសច្បាប់ និងបានបង្កើតកងកម្លាំងប្រតិបត្តិការពិសេសមួយ ដើម្បីកំណត់មុខសញ្ញាសម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ដើម្បីបិទបាំងការកាប់ព្រៃឈើខុសច្បាប់។
«ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ការការពារនោះមានតែនៅលើក្រដាសតែប៉ុណ្ណោះ ហើយយើងកំពុងតែមើលឃើញតំបន់អភិរក្សនានាក្នុងប្រទេសកម្ពុជា ដូចជា វីរៈជ័យ បានបាត់ស្រមោលទៅហើយ»។ នេះជាសម្តីរបស់អ្នកនាង Cohen ដែលនិយាយសំដៅទៅលើឧទ្យានជាតិដែលស្ថិតក្នុងខេត្តរតនៈគីរី។
ស្របពេលជាមួយគ្នានោះដែរ លោក ទ្រី ភាព បានអះអាងថា ការចោទប្រកាន់នៅក្នុងរបាយការណ៍នោះគឺជារឿងមិនពិតនោះទេ ដោយលោកបានទទូចថា ឈ្មួញជួញដូរព្រៃឈើបានប្រើប្រាស់ឈ្មោះរបស់លោកដោយពុំមានការអនុញ្ញាត។ នាង Cohen បានអះអាងថា៖ «ប៉ុន្តែ [ការចោទប្រកាន់នោះ] គឺជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ហើយយើងដឹងថា [ការបដិសេធនោះ] គឺមិនពិតនោះទេ»។
រាជរដ្ឋាភិបាលបានកាត់បន្ថយរយៈពេលនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចពី៩៩ឆ្នាំ មកនៅត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញការខាងសិទ្ធិដីធ្លីរូបនេះនិយាយថា ការធ្វើបែបនេះមិនបានជួយដល់ការទប់ស្កាត់ការរំលោភបំពានដីធ្លីនោះទេ។
អ្នកនាង Cohen បានមានប្រសាសន៍យ៉ាងដូច្នេះថា «នេះគឺជាជំហានដ៏ត្រឹមត្រូវមួយ ប៉ុន្តែគ្មានអ្វីដែលអាចបញ្ឈប់រដ្ឋាភិបាលក្នុងរយៈពេល៥០ឆ្នាំ មិនឲ្យពន្យារអាជ្ញាប័ណ្ណ [សម្បទានដីសេដ្ឋកិច្ចទាំងនោះ] បាននោះទេ។ ហើយវាពិបាកនឹងនិយាយណាស់ ដោយសារតែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មានអ្វីទាល់តែសោះអំពីការធ្វើសម្បទានដីសេដ្ឋកិច្ច»។
គិតមកត្រឹមចុងឆ្នាំ២០១៣ ៧៣ភាគរយនៃផ្ទៃដីដាំដុះកម្ពុជា ដែលស្មើនឹង២លាន៦សែនហិកតា ត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនក្នុងទម្រង់ជាសម្បទានដីសេដ្ឋកិច្ច។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក។ រដ្ឋាភិបាលអះអាងថា សម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានផ្តល់ដល់ក្រុមហ៊ុនឯកជនក្នុងតម្លៃដ៏ស្តួចស្តើង ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា តាមរយៈការបង្កើតការងារ និងជួយដល់ការនាំចេញផលិតផលកសិកម្ម។ ប៉ុន្តែភស្តុតាងជាច្រើនបន្ថែមទៀតបង្ហាញថា គោលនយោបាយនោះបានធ្វើឲ្យមនុស្សជាច្រើននៅក្នុងតំបន់ជនបទធ្លាក់ចូលកាន់តែជ្រៅទៅក្នុងភាពក្រីក្រ។
អ្នកនាង Cohen បានបន្ថែមថា «ក្រៅពីប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏មានផលប៉ះពាល់យ៉ាងច្រើនទៅលើសិទ្ធិមនុស្សផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានផលប៉ះពាល់ទៅលើអត្តសញ្ញាណវប្បធម៌ផងដែរ ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចតែម្តង»។
អ្នកនាងក៏បានលើកឡើងថា៖ «រដ្ឋាភិបាលត្រូវបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនការពារបរិស្ថាន ហើយរដ្ឋាភិបាលក៏ត្រូវសហការជាមួយនឹងសហគមន៍ក្នុងតំបន់ផងដែរ៕