ក្រុមបណ្តាញការពារព្រៃឡង់បាននិយាយថា ទោះជាពួកគេខិតខំប្រឹងប្រែងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើយ៉ាងណាក្តី តែឈ្មួញឈើបានសំរុកកាប់ព្រៃឈើខុសច្បាប់យ៉ាងខ្លាំងនៅពេលនេះ ក្នុងសហគមន៍ព្រៃឡង់ជាពិសេសនៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ។ នេះបើតាមការអះអាងរបស់លោក ហឿន សុភាព សកម្មជនការពារព្រៃឡង់ប្រចាំខេត្តកំពង់ធំ និងលោកស្រី ភោគ ហុង សកម្មជនការពារព្រៃឡង់ប្រចាំខេត្តព្រះវិហារ នៅក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
ស្តាប់កម្មវិធី Hello VOA ទាំងស្រុងនៅទីនេះ៖
សកម្មជនទាំងពីរបាននិយាយថា ការកាប់ឈើនេះ ឈ្មួញបានប្រើអ្នកស្រុកដើម្បីទៅកាប់ហើយដឹកតាមរទេះ គោយន្តសឹងតែរាល់ថ្ងៃ ជាពិសេនៅពេលយប់។ បន្ថែមលើនេះ គេក៏បានឮការប្រើម៉ាស៊ីនកាប់ឈើសឹងរាល់យប់ និងឃើញការដឹកឈើសឹងរាល់ថ្ងៃនិងរាល់យប់ដែរ។
សកម្មជនទាំងពីរបាននិយាយថា ប្រសិនបើគ្មានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេព្រៃឈើកម្ពុជា ជាពិសេសនៅព្រៃឡង់នឹងវិនាសហិនហោច ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ជាច្រើនក្នុងខេត្តទាំងបួនដែលពឹងពាក់លើអនុផលព្រៃឈើ ប៉ះពាល់ដល់ទំនៀមទំលាប់របស់ជនជាតិដើមភាគតិច និងប៉ះពាល់បរិដ្ឋាន។
សកម្មភាពរបស់បណ្តាញការពារព្រៃឡង់គឺបង្កើតឡើងដោយពលរដ្ឋ ហើយប្រឹងប្រែងទប់ស្កាត់ ដកហូតឈើពីឈ្មួញនិងពលរដ្ឋកាប់ឈើ តាមឃ្លាំមើលសកម្មភាពកាប់ឈើជាដើមក្នុងបំណងអភិរក្សព្រៃឈើឲ្យបានគង់វង្ស៕