ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​តាម​ទូរស័ព្ទ​បង្ហាញ​ថា​ពួក​អ្នក​ការ​ទូត​ស.រ.អា.​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លោក​ Biden


អតីត​អនុប្រធានាធិបតី Joe Biden និង​ជា​បេក្ខជន​ប្រធានា​ធិបតី នៃ​គណបក្ស​ប្រជាធិបតី ថ្លែង​ក្នុង​វេទិកា​រៀបចំ​ដោយ​បណ្ដុំ​អង្គការ​សុវត្ថិភាព​អាវុធ នៅ​ទីក្រុងឡាស់វេហ្គាស់ រដ្ឋ Nevada កាល​ពី​ថ្ងៃ​ទី​២ តុលា ២០១៩។
អតីត​អនុប្រធានាធិបតី Joe Biden និង​ជា​បេក្ខជន​ប្រធានា​ធិបតី នៃ​គណបក្ស​ប្រជាធិបតី ថ្លែង​ក្នុង​វេទិកា​រៀបចំ​ដោយ​បណ្ដុំ​អង្គការ​សុវត្ថិភាព​អាវុធ នៅ​ទីក្រុងឡាស់វេហ្គាស់ រដ្ឋ Nevada កាល​ពី​ថ្ងៃ​ទី​២ តុលា ២០១៩។

បើ​តាម​សារ​តាម​ទូរស័ព្ទ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ពួក​អ្នក​ស៊ើប​អង្កេត​នៃ​សភា​ស.រ.អា.​ថា​ ពួក​អ្នក​ការទូត​ស.រ.អា.​ជាន់​ខ្ពស់​បាន​សុំ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskiy ​ធ្វើការ​ស៊ើប​អង្កេតអំពី​លោក​ Joe Biden ​ដែល​ជា​គូ​ប្រជែង​ខាង​នយោបាយ​របស់​លោក​ ត្រាំ​ និង​កូន​ប្រុស​លោក។

ពួក​អ្នក​ស៊ើប​អង្កេត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ចេញ​ផ្សាយ​សារ​តាម​ទូរស័ព្ទ​ទាំង​នេះ​នៅ​ក្រោយ​ពេល​បាន​ធ្វើ​សម្ភាសន៍​លោក ​Kurt Volker ​ប្រេសិត​ពិសេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​ចំនួន​ជិត​១០​ម៉ោង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

សារ​តាម​ទូរស័ព្ទ​ទាំង​នេះ​លាត​ត្រដាង​ការ​ពិភាក្សា​មួយ​រវាង​លោក​ Volker ​និង​អ្នក​ការទូត​អាមេរិកាំង​ពីរ​នាក់​ទៀត​អំពី​ដោះ​ស្រាយ​បែប​ណា​លើ​សំណើរបស់​លោក ត្រាំ​ ឱ្យ​ស៊ើប​អង្កេត​លោក ​Biden ​ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​នៅ​ឆ្នាំ២០២០ និង​អំពី​កូន​ប្រុស​របស់​លោក Biden ​ឈ្មោះ​ Hunter​ ផងដែរ។

ការ​សន្ទនា​គ្នា​មួយ​បង្ហាញ​ថា​ លោក​ Volker បាន​សរសេរ​ទៅ​កាន់​សហការី​ជាន់​ខ្ពស់​ម្នាក់​របស់​លោក ​Zelenskiy ​ដោយ​សន្យា​ថា​នឹង​ចេញ​សោហ៊ុយ​ឱ្យ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​រូប​នេះ​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ជា​ថ្នូរ​នឹង​ការ​ស៊ើប​អង្កេត។

លោក ត្រាំ​ បាន​ជំរុញ​លោក ​Zelenskiy​ ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ដែល​បាន​បណ្តាល​ឱ្យ​មាន​បណ្តឹង​ពី​អ្នក​លួច​បញ្ចេញការ​សម្ងាត់​ម្នាក់។ បណ្តឹង​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដើម្បី​ចោទ​ប្រកាន់​លោក ត្រាំ។

លោក​ប្រធានាធិបតី​បាន​ចោទ​ប្រកាន់​លោក​ Biden ​ថា​បាន​រំលោភ​អំណាច​ដោយ​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​អ៊ុយក្រែន​ឱ្យ​ដក​ខ្លួន​ថយ​ពី​ការ​ស៊ើប​អង្កេត​បទ​ព្រហ្មទណ្ឌ​មួយ​ដែល​អាច​មាន​ជំពាក់​ទាក់ទិន​ជាមួយ​លោក​ Hunter។​

លោក​ ត្រាំ​ និង​ពួក​សម្ព័ន្ធមិត្ត​របស់​លោក​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ដែល​ថា​លោក ​Biden​ មាន​ទាក់​ទិន​នឹង​សកម្មភាព​ខុស​ច្បា​ប់ណា​មួយ​ទេ។

លោក ​Biden​ ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​បាន​ការពារ​កេរ្តិ៍​ឈ្មោះ​លោក​យ៉ាង​ខ្លាំង​ក្លា។

ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក ត្រាំ​ ដោយ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ត្រួត​ត្រា​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​លេច​ឡើង​ជា​វិបត្តិ​នយោបាយ​ធំ​បំផុត​របស់​លោក ​ត្រាំ​ ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​កាល​ពីខែ​មករា​ ឆ្នាំ​២០១៦​មក៕

XS
SM
MD
LG