លោកប្រធានាធិបតីស.រ.អា. Donald Trump បានសុំដោយបើកចំហដល់រដ្ឋាភិបាលបរទេសឱ្យស៊ើបអង្កេតគូប្រជែងខាងនយោបាយរបស់លោកហើយការណ៍នេះបង្កើនសកម្មភាពដែលជាប្រធានបទនៃការស៊ើបអង្កេតសម្រាប់ចោទប្រកាន់លោកប្រធានាធិបតី។
ឆ្លើយនឹងសំណួរអ្នកកាសែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅលើវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមាន លោក Trump បានត្រូវសួរអំពីការអនុគ្រោះពិតប្រាកដដែលលោកចង់បានពីប្រធានាធិបតីអ៊ុយក្រែន Volodmyr Zelenskiy នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃទី២៥ខែកក្កដាដែលបាននាំឱ្យមានបណ្តឹងរបស់អ្នកលួចបញ្ចេញការសម្ងាត់ម្នាក់។
លោកប្រធានាធិបតីបាននិយាយថា«ខ្ញុំផ្តល់អនុសាសន៍ឱ្យពួកគេចាប់ផ្តើមការស៊ើបអង្កេតអំពីលោក Biden និងកូនប្រុសលោក»។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានវាយប្រហារតាមពាក្យសម្តីច្រើនដងលើលោកអតីតអនុប្រធានាធិបតី Joe Biden ដែលនៅពេលនេះជាបេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យដោយនិយាយថាលោក Biden បានរំលោភអំណាចដោយដាក់គំនាបសង្កត់លើប្រទេសអ៊ុយក្រែនឱ្យដកថយពីការស៊ើបអង្កេតពីបទព្រហ្មទណ្ឌមួយដែលអាចជំពាក់ទាក់ទិនជាមួយកូនប្រុសលោក Biden ឈ្មោះ Hunter ដែលធ្វើការឱ្យក្រុមហ៊ុនថាមពលBurisma មានមូលដ្ឋាននៅក្នុងក្រុង Kyiv។
នៅមុនលោកឡើងជិះឧទ្ធម្ភាគចក្រ Marine One ដើម្បីធ្វើដំណើរមួយថ្ងៃទៅកាន់រដ្ឋ Florida លោក Trump បានចោទប្រកាន់លោក Biden ថាបាន«ឆបោក»ប្រទេសអ៊ុយក្រែននិងប្រទេសចិនផងដែរ។ លោកប្រធានាធិបតីបានថ្លែងថា«ប្រទេសចិនគួរចាប់ផ្តើមការស៊ើបអង្កេតមួយអំពីលោក Biden និងកូនប្រុសលោក»។
លោក Trump បានចោទប្រកាន់លោក Hunter Biden ថាបានប្រើប្រាស់ការធ្វើដំណើរមួយកាលពីឆ្នាំ២០១៣ដោយជិះយន្តហោះ Air Force Two ដើម្បីរកប្រាក់១ពាន់៥រយលានដុល្លារពីប្រទេសចិនសម្រាប់មូលនិធិភាគហ៊ុនឯកជនមួយដែលកូនប្រុសលោក Biden បានបង្កើត។
ពួកប្រជាធិបតេយ្យនិយាយថាអត្ថាធិប្បាយទាំងនេះរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ជាឧទាហរណ៍មួយទៀតដែលលោកបានប្រើអានុភាពរបស់តំណែងប្រធានាធិបតីដើម្បីឱ្យបានចំណេញខាងនយោបាយផ្ទាល់ខ្លួន។