ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Giuliani ដែល​ធ្លាប់​ជា «​អភិបាល​ក្រុង​ដ៏​ឆ្នើម​របស់​អាមេរិក» ឥឡូវ​ក្លាយ​ជា​បុគ្គល​សំខាន់​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទម្លាក់​លោកត្រាំ


រូបឯកសារ៖ លោក Rudy Giuliani មេធាវីសម្រាប់លោកប្រធានាធិបតី Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការ​ឃោសនាមួយ នៅក្រុង Portsmouth រដ្ឋ New Hampshire កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក Rudy Giuliani មេធាវីសម្រាប់លោកប្រធានាធិបតី Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការ​ឃោសនាមួយ នៅក្រុង Portsmouth រដ្ឋ New Hampshire កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

ការពិត ពាក្យ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ក៏​បាន​ចោទប្រកាន់​លោក Giuliani ថា​ធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​ភាព​ស្មុគស្មាញ និង​បង្ខំ​ឲ្យ​បុគ្គលិក​នៃ​ក្រសួង​ការបរទេស​អាមេរិក​ជួយ​ទប់​កុំ​ឲ្យ​បែក​រឿង។ 

វា​គឺ​ជា​មាគ៌ា​ដ៏​វែងឆ្ងាយ​និង​ចម្លែក​មួយ​សម្រាប់​លោក Rudy Giuliani ដែល​ជា​រដ្ឋអាជ្ញា​ដ៏​ស្វាហាប់​មួយ​រូប។ លោក​ត្រូវ​បាន​គេ​ផ្ដល់​កិត្តិនាម​ថា​ជា​ «អភិបាល​ក្រុង​ដ៏​ឆ្នើម​របស់​អាមេរិក»​ ចំពោះ​ការ​ដឹកនាំ​ទីក្រុង​ញូវយ៉ក បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០០១។

លោក Giuliani ក៏​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​សង្ឃឹម​មួយ​រូប​ផង​ដែរ។ ឥឡូវ​នេះ លោក​កំពុង​តែ​ព្យាយាម​វាយបក​នឹង​ការ​ចោទប្រកាន់​ដែល​ថា លោក​គឺ​ជា​បុគ្គល​សំខាន់​មួយ​រូប​នៅ​ក្នុង​រឿង​អាស្រូវ​អន្តរជាតិ​មួយ ដែល​កំពុង​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ពី​តំណែង។

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ លោក Giuliani វ័យ​៧៥​ឆ្នាំ បាន​ជួប​ជាមួយ​នឹង​បណ្ដា​មន្ត្រី​មក​ពី​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បើក​ការ​ស៊ើបអង្កេត​មួយ​ទៅ​លើ​អតីត​ប្រធានាធិបតី​លោក Joe Biden និង​កូន​ប្រុស​គឺ​លោក Hunter Biden។ លោក Hunter Biden ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ថាមពល​មួយ​របស់​អ៊ុយក្រែន​ ដែល​មាន​ឈ្មោះ​ថា Burisma Holdings។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក Giuliani បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​លើ​ការ​ចោទប្រកាន់​ថា​ មាន​ការ​សហការ​គ្នា​រវាង​មន្ត្រី​អ៊ុយក្រែន​និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Hillary Clinton នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ដោយ​លើកឡើង​ថា លោក Joe Biden ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ការ​ឃុបឃិត​គ្នា ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​បាន​នោះ។

ពិត​ណាស់ លោក Joe Biden ត្រូវ​បាន​គេ​មើល​ឃើញ​ជា​យូរ​ណាស់​មក​ហើយ​ថា​ជា​គូ​ប្រជែង​ដ៏​សំខាន់​បំផុត​របស់​លោក​ ត្រាំ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការបោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ លោក Biden ក៏​ជា​គូ​ប្រជែង​មួយ​រូប ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា គឺ​ជា​កង្វល់​ធំ​បំផុត​របស់​លោក​ប្រធានាធិបតី ត្រាំ ផង​ដែរ។ លោក Giuliani ​ថ្លែង​ថា លោក​បាន​ចាត់​វិធានការ​ទាំង​នេះ​ក្នុង​នាម​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី។

ពាក្យ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់

រឿង​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា​ ដោយ​មាន​ការ​បញ្ចេញ​នូវ​ពាក្យ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់ ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ប្រាកដ​មែន​តាមរយៈ​ការ​សរសេរ​សម្រាយ​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដែល​សេតវិមាន​បាន​បញ្ចេញ។ មាន​ការ​អះអាង​ថា លោក​ប្រធានាធិបតី​ ត្រាំ បាន​ដាក់​សម្ពាធ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ឲ្យ​ស៊ើបអង្កេត​លើ​លោក Biden និង​កូនប្រុស ក្នុង​ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​អំពី​រឿង​ជំនួយ​ផ្នែក​យោធា។

ប៉ុន្តែ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែកក្កដា រវាង​លោក ត្រាំ ជាមួយ​នឹង​លោក Zelenskiy បាន​កើតឡើង ក្រោយ​ពី​លោក Giuliani បាន​ធ្វើ​ការងារ​សំខាន់​ជាច្រើន​អស់​រយៈពេល​រាប់​ខែ ដោយ​ត្រូវ​ជិះ​យន្ដហោះ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច​ដើម្បី​ទៅ​ជួប​ជាមួយ​នឹង​មន្ត្រី​បច្ចុប្បន្ន​និង​អតីត​របស់​អ៊ុយក្រែន​ជា​ច្រើន​ថ្នាក់ ដើម្បី​សង្កត់ធ្ងន់​ទៅលើ​ទ្រឹស្ដី​របស់​លោក​អំពី​លោក Biden និង​កូនប្រុស។

ការពិត ពាក្យ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ក៏​បាន​ចោទប្រកាន់​លោក Giuliani ថា​ធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​ភាព​ស្មុគស្មាញ និង​បង្ខំ​ឲ្យ​បុគ្គលិក​នៃ​ក្រសួង​ការបរទេស​អាមេរិក​ជួយ​ទប់​កុំ​ឲ្យ​បែក​រឿង។

ថ្លែង​ទៅ​កាន់​កាសែត The Washington Post កាល​ពី​ដើម​ឆ្នាំ​នេះ លោក Giuliani ប៉ាន់ប្រមាណ​ថា លោក​បាន​ជួប​ជាមួយ​នឹង​រដ្ឋអាជ្ញា​អ៊ុយក្រែន​បច្ចុប្បន្ន​និង​អតីត​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់ នៅ​ក្នុង​កិច្ចខិតខំប្រែងប្រែង​ដើម្បី​ជំរុញ​ឲ្យ​ករណី​ចោទប្រកាន់​ទៅ​លើ​លោក Biden និង​កូនប្រុស​ដំណើរការ​ទៅ​មុខ។

លោក​មិនមាន​ការ​លាក់លៀម​ក្នុង​ការ​បញ្ចេញ​គំនិត​នេះ​ជា​សាធារណៈ​នោះ​ទេ។

ជា​ឧទាហរណ៍ កាល​ពី​ខែ​ឧសភា លោក​បាន​ទាមទារ​លើ​បណ្ដាញ​សង្គម Twitter ថា «ពន្យល់​ខ្ញុំ​ថា​ហេតុអ្វី​បាន​ជា​លោក Biden មិន​គួរ​ត្រូវ​បាន​គេ​ស៊ើបអង្កេត បើ​កូន​ប្រុស​របស់​លោក​ទទួល​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​មហាសេដ្ឋី​អ៊ុយក្រែន​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​រុស្ស៊ី ខណៈ​ពេល​ដែល​លោក​ធ្វើ​ជា​អនុប្រធានាធិបតី​អាមេរិក​ ហើយក៏​ជា​បុគ្គល​សំខាន់​របស់​អ៊ុយក្រែន​ដែរ​នោះ?»

កាល​ពី​ខែ​មិថុនា លោក​បាន tweet ម្ដង​ទៀត​អំពី​លោក Biden ដោយ​បាន​លើកឡើង​ថា មាន​ការ​ចោទប្រកាន់​ថា លោក​អនុប្រធានាធិបតី​បាន​សូកប៉ាន់​អតីត​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Petro Poroshenko។ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​អ្វី​សម្រាប់​ការ​ចោទប្រកាន់​នេះ​ទេ ហើយ​ក៏​គ្មាន​អ្វី​កើតឡើង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។

ការ​បំពេញ​ការងារ​ការ​ទូត​ក្រៅ​ផ្លូវការ

លោក Giuliani បាន​ព្យាយាម​ជំរុញ​ទៅ​លើ​ទ្រឹស្ដី​ដែល​ថា លោក Biden ដែល​ពេល​នោះ​ជា​អនុប្រធានាធិបតី​អាមេរិក បាន​ចាត់​វិធានការ​មិន​សមរម្យ​កាល​ពី​ឆ្នាំ​២០១៥ ដោយដាក់​សម្ពាធ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​គៀវ ឲ្យ​បណ្ដេញ​អគ្គរដ្ឋអាជ្ញា​អ៊ុយក្រែន លោក Viktor Shokin ចេញ​ពី​តំណែង។ ប៉ុន្តែ​លោក Shokin ត្រូវ​បាន​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ចាត់ទុក​ថា​ជា​ជន​ពុករលួយ។ ​

ការ​អះអាង​របស់​លោក Giuliani ដូច​ដែល​បាន​បង្ហោះ​សារ​លើ​ Twitter តាម​ទូរទស្សន៍ និង​ក្នុង​បទសម្ភាសន៍​នានា គឺ​ថា មូលហេតុ​ពិតប្រាកដ​របស់​លោក Joe Biden គឺ​ដើម្បី​រារាំង​នូវ​ការ​ស៊ើបអង្កេត​ដែល​កំពុង​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Burisma ដើម្បី​ជា​ប្រយោជន៍​ដល់​កូនប្រុស​របស់​លោក។ កូនប្រុស​របស់​លោក Biden ត្រូវ​បាន​ដាក់​បញ្ចូល​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន​នេះ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​ប្រាក់​ខែ​ចំនួន​ប្រាំ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ លោក Giuliani មិន​មាន​ភស្តុតាង​អ្វី​ទាំងអស់​ដែល​អាច​បង្ហាញ​ថា លោកBiden និង​កូនប្រុស​បាន​ធ្វើ​រឿង​មិន​ត្រឹម​ត្រូវ​នោះ។ ការ​ពិត​ទៅ ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា នៅ​ពេល​ដែល​រដ្ឋអាជ្ញា​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង មិនមាន​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Burisma ដែល​លោក Biden ត្រូវ​ពង្វាង​នោះ​ទេ។

​ក្រុម​មន្ត្រី​ក៏​បាន​និយាយ​ថា ពួកគេ​គ្មាន​មូលហេតុ​ដែល​ត្រូវ​ជឿ​ថា លោក Hunter Biden បាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់​នោះ​ទេ។ ​

ទោះ​ជា​មាន​ការ​រិះគន់​ថា លោក​កំពុង​តែ​ប្រតិបត្តិការ​ក្រោម​ក្រសួង​ការបរទេស​ក៏​ដោយ ក៏​លោក Giuliani មិន​ផ្លាស់ប្ដូរ​គោលជំហរ​របស់​លោក​ទេ ទោះ​ជា​នៅ​ពេល​ដែល​លោក​ទទួល​ស្គាល់​ថា លោក​កំពុង​តែ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​អ៊ុយក្រែន​តាំង​នាម​ឲ្យ​លោក​ប្រធានាធិបតី​ ត្រាំ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន The New York Times កាល​ពី​ខែ​ឧសភា លោក​បាន​ថ្លែង​ថា៖ «យើង​មិនមែន​កំពុង​តែ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ណា​មួយ​នោះ​ទេ។ យើង​កំពុង​តែ​ជ្រៀតជ្រែក​ក្នុង​ការ​ស៊ើបអង្កេត​មួយ ដែល​យើង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ដូច្នេះ»។

លោក​បាន​បន្ថែម​ថា៖ «នេះ​មិនមែន​ជា​គោលនយោបាយ​ការបរទេស​ទេ។ ខ្ញុំ​ស្នើ​ឲ្យ​ពួកគេ​បើក​ការ​ស៊ើបអង្កេត​មួយ​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​រួច​ទៅ​ហើយ ហើយ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ប្រាប់​ឲ្យ​ពួកគេ​ឈប់។ ខ្ញុំ​នឹង​ផ្ដល់​មូលហេតុ​ដល់​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​គួរ​ឈប់​ស៊ើបអង្កេត​នោះ​ទេ ព្រោះ​ព័ត៌មាន​ទាំង​នោះ​នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​អតិថិជន​របស់​ខ្ញុំ ហើយ​ប្រហែល​ជា​កាន់​តែ​មាន​សារសំខាន់​សម្រាប់​រដ្ឋាភិបាល​របស់​ខ្ញុំ​ថែម​ទៀត»។

​ការងារ​ក្រៅ​របស់​លោក Giuliani នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សមាជិក​រដ្ឋសភា​អាមេរិក ដែល​បាន​ប្ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​៩ ខែ​កញ្ញា ទៅ​កាន់​លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។ សេចក្ដីថ្លែងការណ៍​នោះ​មាន​សេចក្ដីថា៖ «ឯកសារ​សាធារណៈ​កាន់​តែ​ច្រើន​បង្ហាញ​ថា អស់រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ លោក​ប្រធានាធិបតី​និង​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក គឺ​លោក Rudy Giuliani ហាក់​ដូចជា​បាន​ធ្វើ​សកម្មភាព​ដែល​ហួស​ពី​សំណាញ់​ច្បាប់​និង​ការទូត ដើម្បី​គំរាមកំហែង​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លក្ខណៈ​នយោបាយ​ចំនួន​ពីរ ដោយ​យោង​លើ​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លិខិត​នោះ​ត្រូវ​បាន​ផ្ញើ​ទៅ មុន​ពេល​ដែល​មាន​ពាក្យ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​បង្ហាញ​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​លោក ត្រាំ បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy​។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​ថា រដ្ឋសភា​ដែល​ដឹក​នាំ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​អាមេរិក​ចេញ​ពី​តំណែង។ ​

ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ចំនួន​បី​បាន​កោះហៅ​លោក​ Pompeo កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា​ ចំពោះ​ការ​ដែល​លោក​ខកខាន​មិន​បាន​ផ្ដល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចខិតខំប្រឹងប្រែង​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ជា​របស់​លោក ត្រាំ និង​ជំនួយការ​របស់​លោក«​ក្នុង​ការ​ដាក់​សម្ពាធ​មិន​ត្រឹមត្រូវ​ចំពោះ​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ជួយ​ដល់​លោក​ប្រធានាធិបតី​អាមេរិក​ឲ្យ​ឈ្នះ​ការ​បោះឆ្នោត​ម្ដង​ទៀត។

លោក Pompeo មិន​ទាន់​បាន​ពិភាក្សា​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ចំពោះ​ចំណាត់ការ​របស់​លោក Giuliani ជាមួយ​នឹង​អ៊ុយក្រែន​និង​ក្រសួង​ការបរទេស​អាមេរិក​នោះ។
លោក Giuliani មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នោះ។ តាមរយៈ​ការ​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍ លោក​បាន​អះអាង​ថា តាមពិត​លោក​កំពុង​តែ​ធ្វើការ​តាម​បញ្ជា​របស់​ក្រសួង​ការបរទេស​ទេ ហើយ​លោក​នៅ​តែ​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​ចោទប្រកាន់​ទៅ​លើ​លោក Biden និង​កូនប្រុស។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ទស្សនាវដ្ដីThe Atlantic ក្នុង​អំឡុង​ពេល​ដែល​អ្នកសារព័ត៌មាន​បាន​ពណ៌នា​ថា លោកកំពុង​ខឹង​យ៉ាង​ខ្លាំង​និង​បាន​ស្រែក​ថា៖ «វា​មិន​អាច​ទៅ​រួច​ទេ​ដែល​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​គឺ​ជាអ្នកក្លាហាន​ ចំណែក​ខ្ញុំ​មិនមែន​ជា​អ្នក​ក្លាហាន​នោះ។ ខ្ញុំ​នឹង​ក្លាយ​ជាអ្នក​ក្លាហាន! នៅ​ពេល​ដែល​រឿងរ៉ាវ​ទាំង​នេះ​ចប់​សព្វគ្រប់ ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​កា្លហាន​»។

មិត្ដភាព​យូរអង្វែង

លោក ​ត្រាំ និង​លោក Giuliani គឺ​ជា​មិត្ដភក្ដិ​នឹង​គ្នា​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម៉្លេះ នៅ​ពេល​ដែល​លោក​ ត្រាំ ដែល​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​គាំទ្រ​បេក្ខភាព​របស់​លោក Giuliani សម្រាប់​តំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក។ ​

ជា​ការ​តបស្នង​មក​វិញ លោក Giuliani ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​លោក ត្រាំ ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦។ សុន្ទរកថា​និង​វត្តមាន​របស់​លោក​ពេល​ខ្លះ​មាន​លក្ខណៈ​ខ្លាំង​ក្លា​ រហូត​ធ្វើ​ឲ្យ​អ្នក​ជំនាញការ​ចោទ​ជា​សំណួរ​ដោយ​បើក​ចំហ​អំពី​វិចារណញ្ញាណ​របស់​លោក​ទៀត​ផង។

ក៏​ប៉ុន្តែ​លោក Giuliani មាន​ការ​គាំទ្រ​និង​គោរពចំពោះ​លោក ត្រាំ យ៉ាង​ខ្លាំង រហូត​ដល់​ហ៊ាន​ធ្វើ​ការងារ​មួយ​ចំនួន​ ដូចជា​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជំនួស​លោក​ ត្រាំ ទៀតផង។

លោក​ Giuliani គឺ​ជា​អ្នក​តំណាង​លោក ត្រាំ តែ​ម្នាក់​គត់ ដែល​ហ៊ាន​និយាយ​ការពារ​លោក​ប្រធានាធិបតី ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​កម្មវិធី​ទូរទស្សន៍ Access Hollywood ដ៏​ល្បីល្បាញ​ កាល​ពី​ខែ​តុលា ឆ្នាំ២០១៦។ ខ្សែ​អាត់​សំឡេង​នោះ​បង្ហាញ​ពី​ការ​សារភាព​របស់​លោក ត្រាំ ដែល​ពេល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក ថា​បាន​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី។ ពីរ​ថ្ងៃ​ក្រោយ​មក លោក Giuliani បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្ងៃ​អាទិត្យ​លើ​កញ្ចក់​ទូរទស្សន៍​របស់​អាមេរិក​ធំៗ​ចំនួន​ប្រាំ​ដើម្បី​និយាយ​ពីរឿង​នោះ។

លោក Giuliani បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​របស់​សាធារណជន​កាល​ពី​ទសវត្សរ៍​១៩៨០ ខណៈ​ដែល​លោក​ធ្វើការ​ជា​មេធាវី​សហព័ន្ធ​របស់​អាមេរិក​នៅ​ក្នុង​សង្កាត់​ខាង​ត្បូងនៃ​ទីក្រុង ញូវយ៉ក។ លោក​បាន​ដឹកនាំ​ឲ្យ​មាន​ការ​កាត់ទោស​ឧក្រិដ្ឋជន​ដែល​ជា​អ្នក​ធ្វើការងារ​ក្នុង​ការិយាល័យ​និង​មេក្រុម​ឧក្រិដ្ឋកម្ម​ល្បីល្បាញ​មួយ​ចំនួន។

ខណៈ​ដែល​លោក​ Giuliani ​ត្រូវ​បាន​មនុស្ស​ជាច្រើន​កោតសរសើរ​ចំពោះ​ស្នាដៃ​ការងារ​ដ៏​ជោគជ័យ​របស់​លោក លោក​ក៏​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ទូលំទូលាយ​ចំពោះ​យុទ្ធសាស្ត្រ​គាបសង្កត់​របស់​លោក​ ដែល​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​បាក់មុខ​ជា​សាធារណៈ ដែល​ពួកគេ​ទាំង​នោះ​មិន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​កសាង​កំហុស​អ្វី​មួយ​នោះ​ទេ។

ក្នុង​នាម​ជា​អភិបាល​ក្រុង​ញូវយ៉ក លោក Giulliani បង្ហាញ​មុខមាត់​ម៉ឺងម៉ាត់​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​ពេល​លោក​កាន់​តំណែង​ចំនួន​ពីរ​អាណត្តិ នៅ​អំឡុងពេល​ដែល​លោក​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ទីក្រុង​នេះ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំរុញ​ឲ្យ​ប៉ូលិស​បង្ក្រាប​ទៅ​លើ​បទល្មើស​រដ្ឋប្បវេណី ដោយ​ផ្អែក​ទៅ​លើ​ទ្រឹស្តី​ថា ធ្វើ​ដូច្នេះ​នឹង​ជួយ​កាត់​បន្ថយ​បទឧក្រិដ្ឋ​កម្រិត​ធ្ងន់ ហើយ​ទីក្រុង​នេះ​នឹង​ក្លាយ​ជា​ទីក្រុង​មាន​សុវត្ថិភាព​ជាង​មុន​ ក្នុង​អំឡុងពេល​ដែល​លោក​កាន់​តំណែង​ជា​អភិបាល​ក្រុង​។

នៅ​ពេល​ដែល​អាណត្តិ​ចុងក្រោយ​ក្នុង​តំណែង​ជា​អភិបាល​ក្រុង​នេះ​ជិត​បញ្ចប់ ការ​វាយប្រហារ​ភេរវកម្មនៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា ឆ្នាំ២០០១ ធ្វើឲ្យ​គេ​ផ្ដោត​លើ​លោក Giuliani ខណៈ​ដែល​លោក​ដឹកនាំ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ស្ដារ​ស្ថានភាព​ទីក្រុង​នេះ​ពី​ការ​វាយប្រហារ​ភេរវកម្ម​នោះ។ លោក​ទទួល​បាន​ការ​កោតសរសើរ​ស្ទើរ​តែ​ពេញ​ទំហឹង​ចំពោះ​ស្នាដៃ​ការងារ​ស្ដារ​ស្ថានភាព​ក្រោយ​ពី​ការ​វាយប្រហារ​ភេរវកម្ម​នោះ។ លោក​ត្រូវ​បាន​គេ​ផ្ដល់​កិត្តិនាម​ឲ្យ​ថា​ជា «អភិបាល​ក្រុង​ដ៏​ឆ្នើម​របស់​អាមេរិក»។ ភ្លាមៗ​ក្រោយ​ពី​បញ្ចប់​មុខ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល លោក​ក៏​បាន​ទៅ​បើក​ក្រុមហ៊ុន​ប្រឹក្សា​ពី​សន្ដិសុខ​មួយ​ដែល​មាន​ឈ្មោះ​ថា Giuliani Partners។

ក្រោយ​មក​លោក​បាន​ត្រឡប់មក​បង្ហាញ​ខ្លួន​ជា​សាធារណៈ​បន្ដិច​នៅ​ឆ្នាំ​២០០៨ ដោយសារ​លោក​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​លោក​មិន​បាន​ទទួល​ការ​តែងតាំង​ពី​គណបក្ស​នោះ​ទេ។ ថ្វីត្បិត​តែ​គេ​គិត​ថា​លោក​នឹង​ពិចារណា​ប្រជែង​យក​តំណែង​ផ្សេង​ទៀត ដោយ​រួម​ទាំង​តំណែង​ជា​អភិបាល​រដ្ឋ​ញូវយ៉ក​និង​តំណែង​ប្រធានាធិបតី​ក៏​ដោយ ក៏​លោក Giuliani មិន​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ណា​មួយ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG