ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​អ៊ុយក្រែន​គ្រោង​ផ្ដល់​សក្ខី​កម្ម​ក្នុង​រឿង​ស៊ើប​អង្កេត​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង


រូបឯកសារ៖ ​លោក Kurt Volker អតីត​បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ដែល​ទើប​លាលែង​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។
រូបឯកសារ៖ ​លោក Kurt Volker អតីត​បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ដែល​ទើប​លាលែង​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Volker បាន​លាលែង​ពី​តំណែង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

បុគ្គលិក​នៃ​គណៈកម្មាធិការ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចំនួន ៣ ដែល​កំពុង​ផ្ដោត​លើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង គ្រោង​នឹង​រៀបចំ​សវនាការ​បិទ​ទ្វារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក Kurt Volker អតីត​បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ដែល​ទើប​លាលែង​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

សំណួរ​ដែល​នឹង​ចោទ​សួរ​លោក Volker ទំនង​ជា​ផ្ដោត​លើ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​កក្កដា​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky សកម្មភាព​របស់​លោក Volker បន្ទាប់ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ និង​សកម្មភាព​របស់​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក Trump បាន​ដាក់​សម្ពាធ​លើ​លោក Zelensky ឲ្យ​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

ការ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​កាល​ពី​សប្ដាហ៍​មុន។ ពាក្យ​បណ្ដឹង​នោះ​បាន​បញ្ជាក់​ថា យោង​ទៅ​តាម​មន្ត្រី​សេតវិមាន​ជា​ច្រើន​នាក់ លោក Trump បាន​ដាក់​សម្ពាធ​លើ​លោក Zelensky ឲ្យ «ជួប ឬ​ក៏​និយាយ​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ដែល​លោក​ប្រធានាធិបតី Trump បាន​តែងតាំង​យ៉ាង​ច្បាស់​ជា​បេសកជន​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ក្នុង​រឿង​នេះ» ដែល​នោះ​គឺ​លោក Giuliani និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr។

លោក Volker បាន​លាលែង​ពី​តំណែង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

លោក Volker បាន​ជួយ​ព្យាយាម​រៀបចំ​ឲ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា​រវាង​លោក Giuliani និង​លោក Zelensky។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ទីប្រឹក្សា​របស់​លោក Zelensky លោក Volker បាន​រៀបចំ​ឲ្យ​ទីប្រឹក្សា​នោះ​ទាក់ទង​ជាមួយ​នឹង​លោក Giuliani។

ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Trump និង​លោក Zelensky លោក Volker និង​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន និង​បុគ្គល​នយោបាយ​ផ្សេង​ទៀត៕

XS
SM
MD
LG