ការបោះឆ្នោតបឋមបានចាប់ផ្តើមនៅក្នុងរដ្ឋតិចសាសនៅសប្តាហ៍នេះដែលជាការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការឃោសនាបោះឆ្នោតសភាឆ្នាំ២០១៨នេះ។
អាសនៈទាំងអស់ចំនួន៤៣៥ក្នុងសភាតំណាងរាស្រ្តហើយអាសនៈ១ភាគ៣នៃព្រឹទ្ធសភាដែលមានចំនួន១០០នឹងត្រូវបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោតនៅឆ្នាំនេះ នឹងមានផលប៉ះពាល់ខាងនយោបាយដ៏ខ្លាំងសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំ សម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋរបស់លោកនិងពួកគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង។
ក្នុងរដ្ឋតិចសាសដែលជារដ្ឋអភិរក្សនិយមពួកគណបក្សប្រជាធិបតេយ្យបានចេញមកបោះឆ្នោតក្នុងចំនួនយ៉ាងច្រើននៅក្នុងការបោះឆ្នោតបឋមដែលជាសញ្ញាដំបូងនៃការកើនឡើងពួកអ្នកបោះឆ្នោតនៅឆ្នាំនេះដែលប្រហែលបង្ហាញពីការមានសារៈសំខាន់សម្រាប់ប្រធានាធិបតីត្រាំហើយនឹងគណបក្សទាំង២។
និន្នាការមួយដែលបានបង្ហាញរួចហើយគឺការកើនឡើងយ៉ាងខ្លាំងនូវចំនួនបេក្ខជនស្រ្តី ជាពិសេសខាងគណបក្សប្រជាធិបតេយ្យដូចជាលោកស្រី Lizzie Pannill Fletcher នៅក្នុងរដ្ឋតិចសាស។
លោកស្រី Lizzie Pannill Fletcher បានថ្លែងថា៖«យើងមានអារម្មណ៍ថា វាជាពេលវេលាដើម្បីធ្វើឲ្យសំឡេងរបស់យើងឮនិងជាពេលវេលាដើម្បីយើងមានអាសនៈមួយនៅក្នុងសភា»។
ពួកខាងគណបក្សប្រជាធិបតេយ្យបានធ្វើការជំទាស់ប្រឆាំងប្រធានាធិបតីត្រាំដែលជាចំណុចសំខាន់នៅក្នុងការស្វះស្វែងរបស់ពួកគេដើម្បីឲ្យមានសំឡេងភាគច្រើនក្នុងសភាតំណារាស្រ្តនិងព្រឹទ្ធសភាវិញ។
ក៏ប៉ុន្តែ ពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋក៏បានចេញមកបោះឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋតិចសាសនៅសប្តាហ៍នេះហើយពួកគណបក្សសាធារណរដ្ឋជាច្រើនកំពុងគាំទ្រលោកប្រធានាធិបតី។
អ្នកស្រី Jennifer Drabbant អ្នកគាំទ្រប្រធានាធិបតីត្រាំបាននិយាយថា៖ «លោកប្រធានាធិបតីកំពុងធ្វើការងារដ៏ល្អយ៉ាងច្រើនសម្រាប់ប្រទេសនេះហើយខ្ញុំសង្ឃឹមថា ពួកគេមើលឃើញថា យើងមានពលរដ្ឋគ្រប់ជាតិសាសន៍ទាំងអស់នៅទីនេះដែលគាំទ្រប្រធានាធិបតីរបស់យើង»។
លោកប្រធានាធិបតីត្រាំក៏ជំរុញឲ្យពួកអ្នកគាំទ្រកុំឲ្យនៅស្ងៀមនៅឆ្នាំនេះ។ លោកប្រធានាធិបតីដូណាល់ ត្រាំបានថ្លែងថា៖ «អស់លោក អ្នក ដឹងទេថា អស់លោក អ្នក កំពុងបន្ធូដៃ។ លោក អ្នក កំពុងមើលទូរទស្សន៍ហើយនិយាយថា អូរ!ប្រហែល ខ្ញុំមិនចាំបាច់ទៅបោះឆ្នោតនៅថ្ងៃនេះទេ។ យើងទើបតែឈ្នះឆ្នោតប្រធានាធិបតី។ ហើយបន្ទាប់មក យើងបានបរាជ័យយ៉ាងធ្ងន់ ហើយយើងមិនអាចឲ្យរឿងនេះកើតមានឡើងទេ»។
លោក Bill Gastonជាអ្នកវិភាគនិយាយថា ថ្វីបើមានភាពលំបាកខាងនយោបាយនៅឆ្នាំទី១នៃការកាន់ដំណែងក៏ដោយ ប្រធានាធិបតីត្រាំ បានប្រមូលផ្តុំពួកគណ បក្សសាធារណរដ្ឋឲ្យគាំទ្រលោក។ លោក Bill Gaston នៃវិទ្យាស្ថាន Brookings បានថ្លែងថា៖ «អ្នកបោះឆ្នោតកាន់តែច្រើនឡើងចូលរួមជាមួយគណបក្សសាធារណរដ្ឋ អ្នកបោះឆ្នោតទាំងនោះមានទំនោផ្តល់ការយល់ព្រមដល់ប្រធានាធិបតីដូណាល់ ត្រាំ ហើយនៅក្នុងការជាក់ស្តែង ខ្ញុំគិតថា គណបក្សសាធារណរដ្ឋនៅពេលឥឡូវនេះជាគណបក្សរបស់លោក ត្រាំ»។
ក៏ប៉ុន្តែ ទោះបីមានអត្រានៃការគាំទ្រនេះក៏ដោយ ការគាំទ្រនោះនៅតែទាបបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
លោក Tim Malloy អ្នកស្ទង់មតិការបោះឆ្នោតបាននិយាយថា៖ «នៅពេលដែលប្រជាប្រិយភាពរបស់ប្រធានាធិបតីធ្លាក់ចុះ ទំនុកចិត្តនិងការប្រាថ្នាបោះឆ្នោតឲ្យពួកគណបក្សសាធារណរដ្ឋក៏ធ្លាក់ចុះដែរ ហើយនេះជានិន្នាការដែលកំពុងកើតមានឡើងប្រឆាំងនឹងពួកគណបក្សសាធារណរដ្ឋ។ ពួកគេមានការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏លំបាកនៅខាងមុខ»។
លោក John Hudak និយាយថា សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនបានសម្រេចរួចទៅហើយថា នឹងចូលនិវត្តិន៍។ នេះជាសញ្ញាមួយទៀតនៃអ្វីដែលអាចជាការកើនឡើងនូវការគាំទ្រគណបក្សប្រជាធិបតេយ្យនៅឆ្នាំនេះ។«មានសមាជិកជាច្រើនដែលនឹងចូលនិវត្ត ពីព្រោះតែទិដ្ឋភាពនយោបាយ។មានមនុស្សចង់បានអាសនៈដែលកាន់កាប់ដោយពួកគណបក្សសាធារណរដ្ឋកាន់តែច្រើនឡើងជាងអាសនៈដែលកាន់កាប់ដោយពួកគណបក្សប្រជាធិបតេយ្យ»។
ជ័យជម្នះខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខែវិច្ឆិកា អាចធ្វើឲ្យជាប់គាំងរបៀបវារៈរបស់ប្រធានាធិបតីត្រាំនៅក្នុងសភា ដែលអាចជារយៈពេល២ឆ្នាំដ៏លំបាកសម្រាប់ប្រធានាធិបតីឆ្ពោះទៅកាន់ការបោះឆ្នោតប្រធានាធិបតីលើកក្រោយនៅឆ្នាំ២០២០៕
ប្រែសម្រួលដោយជឹង ប៉ូជីន