ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ស្នើ​សភា​ផ្ដល់​ថវិកា​ចំនួន ១៨ ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​ជួប​ជុំ​មេដឹកនាំ​សាធារណរដ្ឋសភា​នៅ​ជំរំ Camp David រដ្ឋ Maryland​ កាលពី​ថ្ងៃទី​០៦ មករា​ ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​ជួប​ជុំ​មេដឹកនាំ​សាធារណរដ្ឋសភា​នៅ​ជំរំ Camp David រដ្ឋ Maryland​ កាលពី​ថ្ងៃទី​០៦ មករា​ ២០១៨។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រាប់​សភា​ថា ខ្លួន​ត្រូវការ​ថវិកា​ចំនួន ១៨ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល ១០ ឆ្នាំ ខាង​មុខ ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​នឹង​ប្រទេស​ម៉ិកស៊ិក​ដំណាក់កាល​ដំបូង។

ថវិកា​នេះ​គឺ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ថ្មី​ប្រវែង ៥០៥ គីឡូម៉ែត្រ និង​ពង្រឹង​ជញ្ជាំង​ព្រំដែន​ប្រវែង ៦៥១ គីឡូម៉ែត្រ នៃ​ជញ្ជាំង​ព្រំដែន​ដែល​មាន​ស្រាប់។ តួលេខ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គម្រោង​ហិរញ្ញវត្ថុ​លំអិត ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​គយ និង​ការពារ​ព្រំដែន​អាមេរិក ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ។

ជា​រួម សំណើ​នេះ​ត្រូវការ​ថវិកា​សរុប​ចំនួន ៣៣ ពាន់​លាន​ដុល្លារ​ដើម្បី​ចំណាយ​លើ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ថ្មី ដែល​ក្នុង​នោះ​ថវិកា​ចំនួន ៥ ពាន់ ៧ រយ​លាន​ដុល្លារ​សម្រាប់​បច្ចេកវិទ្យា ថវិកា ១ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​ផ្លូវ និង​ការ​ថែ​រក្សា និង​ថវិកា ៨ ពាន់ ៥ រយ​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​បុគ្គលិក​ថ្មី ដែល​ក្នុង​នោះ​មាន​ដូចជា​ភ្នាក់ងារ​យាម​ល្បាត​ព្រំដែន​ចំនួន ៥ ពាន់​នាក់ និង​មន្ត្រី​ព្រួត​ពិនិត្យ​ព្រំដែន​ចំនួន ២ ពាន់ ៥ រយ​នាក់​បន្ថែម​ទៀត។

លោក​ប្រធានាធិបតី Donald Trump បាន​ចាត់ទុក​បញ្ហា​ជញ្ជាំង​ព្រំដែន​ជា​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​កន្លង​មក ដោយ​លោក​បាន​សន្យា​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​លោក​ថា លោក​នឹង​សាងសង់ «ជញ្ជាំង​ព្រំដែន​ដ៏​ធំ និង​ស្រស់​ស្អាត» មួយ នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​ជាប់​នឹង​ប្រទេស​ម៉ិកស៊ិក។

រដ្ឋបាល​របស់​លោក Trump បាន​ស្នើ​សភា​ឲ្យ​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន ១ ពាន់ ៦ រយ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ដើម្បី​សាង​សង់​ជញ្ជាំង​ព្រំដែន​ថ្មី​ជំនួស​ឲ្យ​ជញ្ជាំង​ព្រំដែន​ចាស់​ប្រវែង ១១៨ គីឡូម៉ែត្រ​នៅ​ក្នុង​រដ្ឋ California និង​រដ្ឋ Texas ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ពួកគេ​នឹង​ស្នើ​សុំ​ថវិកា​ចំនួន ១ ពាន់ ៦ រយ​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG