ពួកសមាជិកព្រឹទ្ធសភាស.រ.អ.បានលើកការប្រជុំកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយមិនបានបោះឆ្នោតអំពីសេចក្តីព្រាងច្បាប់មួយដើម្បីផ្តល់ប្រាក់កាសឱ្យរដ្ឋាភិបាលហួសពីថ្ងៃសុក្រទេ។
ពួកសមាជិកព្រឹទ្ធសភាទាំងនេះនឹងធ្វើការជជែកដេញដោលគ្នាជាថ្មីឡើងវិញនៅព្រឹកថ្ងៃសុក្រនេះអំពីសេចក្តីព្រាងច្បាប់មួយបានត្រូវអនុម័តរួចស្រេចហើយដោយសភាតំណាងរាស្ត្រអាមេរិកាំងកាលពីយប់ថ្ងៃព្រហស្បតិ៍។
វិធានការនេះបានត្រូវអនុម័តដោយការបោះឆ្នោត ២៣០សំឡេងទល់នឹង ១៩៧ សំឡេង។
ពួកសមាជិកសភាមានជម្រើសពីរគឺយល់ព្រមតាមវិធានការចំណាយបណ្តោះអាសន្នមួយមានរយៈពេលមួយខែដែលគេស្គាល់នៅក្នុងវិមានសភា
Capitol Hill ថាសេចក្តីសម្រេចចិត្តមានធ្វើបន្ត (continuing resolution) ហើយជម្រើសមួយទៀតត្រូវបិទផ្នែកខ្លះនៃរដ្ឋាភិបាលរហូតដល់ពេលណាមានការយល់ព្រមគ្នាអំពីការផ្តល់ប្រាក់កាសឱ្យរដ្ឋាភិបាល។
ពួកប្រជាធិបតេយ្យមិនបានគាំទ្រដល់សេចក្តីព្រាងច្បាប់នេះទេ ហើយបានបង្ខំឱ្យមានការចរចាគ្នារវាងលោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងក្រុមសមាជិកសភាអភិរក្សនិយមហៅជាភាសាអង់គ្លេសថា
House FreedomCaucus ដើម្បីធ្វើឱ្យប្រាកដប្រជាថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័ត។ លោក Mark Meadows ប្រធានក្រុម House Freedom Caucus បានសន្យាថានឹងបោះឆ្នោតឱ្យមានការផ្តល់ប្រាក់ចំណាយដល់ក្រុមយោធានិងគាំទ្រដល់សេចក្តីព្រាងច្បាប់មួយស្តីពីអន្តោប្រវេសន៍ដែលពួកអភិរក្សនិយមចង់ឱ្យមាន៕