ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​ភេរវកម្ម​នៅ​សណ្ឋាគារ​ទេសចរណ៍​ទុយនីស៊ីបាន​សម្លាប់​មនុស្ស​៣៧នាក់


ប៉ូលិស​ឃាត់​ខ្លួន​បុរស​ម្នាក់​ (រូប​កណ្តាល) ដែល​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ចូលរួម​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​សណ្ឋាគារ​មួយ​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ក្រុង Sousse ប្រទេស​ទុយនីស៊ី កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។
ប៉ូលិស​ឃាត់​ខ្លួន​បុរស​ម្នាក់​ (រូប​កណ្តាល) ដែល​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ចូលរួម​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​សណ្ឋាគារ​មួយ​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ក្រុង Sousse ប្រទេស​ទុយនីស៊ី កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។

ក្រុម​មន្រ្តី​នៃ​ប្រទេស​ទុយនីស៊ីនិយាយ​ថា ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ជិត​សណ្ឋាគារ​មួយ​កន្លែង​នៅ​ឆ្នេរ​សមុទ្រ​មីឌីទែរ៉ាណេ​បាន​ធ្វើ​ឲ្យ​មនុស្ស​៣៧​នាក់​ស្លាប់ ​រួម​មាន​ជនជាតិ​អង់គ្លេស ​អាល្លឺម៉ង់​ និង​បែលហ្សិក។

ក្រុម​មន្រ្តី​ក្រសួង​មហាផ្ទៃ​និយាយថា ​ខ្មាន់​កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រទៅ​លើ​មនុស្សនៅ​ឆ្នេរសមុទ្រជិត​សណ្ឋាគារ Imperial Marhaba នៅ​ក្នុង​ទីក្រុង Sousse នៃ​ប្រទេស​ទុយនីស៊ី ​ដែល​ជា​កន្លែង​ដ៏​មានប្រជា​ប្រិយភាព​សម្រាប់​អ្នក​ទេសចរណ៍​មក​ពី​ទ្វីប​អឺរ៉ុប ​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​មក​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង។

ក្រុម​មន្រ្តី​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​បានឆ្លើយតប​ដល់​ការ​វាយ​ប្រហារ​នោះ ​ហើយ​ថា ​ខ្មាន់​កាំភ្លើង​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​នោះ។ ​មនុស្ស​៣៦​នាក់​បាន​រង​របួស។

លោក Mohammed Ali Aroui អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា «ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​បរិវេណ​សណ្ឋាគារ​នោះ ហើយ​បាន​ចាប់​ផ្តើម​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ទេសចរណ៍​ និង​បុគ្គលិក​សណ្ឋាគារ​ ហើយ​និង​មនុស្ស​ដែលស្ថិត​នៅ​ក្នុង​បរិវេណ​នោះ។​ យើង​បាន​ឡោមព័ទ្ធ​តំបន់​នោះ​ ហើយ​កំពុង​ឆែក​ឆេរ​មនុស្ស‍»។

ខ្មាន់​កាំភ្លើង​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ។ គ្មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុសត្រូវ​នៅ​ឡើយ​ទេ។

លោក​នាយក​រដ្ឋ​មន្រ្តី David Cameron នៃ​ប្រទេស​អង់គ្លេស និង​លោក Matteo Renzi នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អ៊ីតាលី​បាន​សម្តែង​នូវ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​ទុយនីស៊ី និង​ពលរដ្ឋ​បារាំង​ បន្ទាប់ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ទាំង២​នោះ ​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ។

លោក​នាយករដ្ឋ​មន្រ្តី​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា «បេះដូង​របស់​ខ្ញុំ​បាន​ស្ថិត​នៅ​ជាមួយ​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួឲ្យ​រន្ធត់។ខ្ញុំ ​បាន​និយាយ​ជា​មួយ​ប្រធានាធិបតី​បារាំង Francois Hollande ​នៅឯ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ហើយ​សូម​ចូលរួម​រំលែក​ទុក្ខ និងសាម​គ្គីភាព​ជាមួយ​ប្រជា​ពលរដ្ឋ​បារាំង​នៅ​ពេល​នេះ។ ខ្ញុំ​នឹង​និយាយ​ជាមួយ​រដ្ឋាភិបាល​ទុយនីស៊ី ហើយ​ជា​ថ្មី​ម្តងទៀត​សូម​ចូលរួម​ការ​រំលែក​ទុក្ខ ​និង​សាមគ្គីភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ​នេះ‍»៕

XS
SM
MD
LG