ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Hollande៖ ម្នាក់​ស្លាប់​ ម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម


រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Bernard Cazeneuve (កណ្តាល)និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​រោង​ចក្រ​ឧស្ម័ន​មួយ​នៅ​ក្រុង Saint-Quentin-Fallavier ជិត​ទីក្រុងLyon ភាគអាគ្នេយ៍បារាំង​ នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Bernard Cazeneuve (កណ្តាល)និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​រោង​ចក្រ​ឧស្ម័ន​មួយ​នៅ​ក្រុង Saint-Quentin-Fallavier ជិត​ទីក្រុងLyon ភាគអាគ្នេយ៍បារាំង​ នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី​បារាំង Francois Hollande មាន​ប្រសាសន៍​ថា ​ជន​សង្ស័យ​ម្នាក់ ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​អ្វី​ដែលលោក​ប្រធានាធិបតី​បាន​ហៅ​ថា ​ជាការ​វាយ​ប្រហារ​ និង​ការផ្ទុះ​គ្រាប់​បែក​ភេរវកម្មនៅឯ​រោង​ចក្រឧស្ម័ន​ ដែល​បាន​សម្លាប់​ម​នុស្ស​យ៉ាង​ហោច​ណាស់​មួយ​នាក់​នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បារាំង។​

ការវាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ខាង​ក្រៅ​ទីក្រុង Lyonភាគ​អាគ្នេយ៍។ ក្បាល​មនុស្ស​ម្នាក់​បាន​ត្រូវ​គេរក​ឃើញ​នៅ​ឯ​ច្រក​ចេញ​ចូល​របស់​រោង​ចក្រ​ ​ដែល​មានអម​ដោយ​បដា​ ឬ​ទង់​ជាតិ​ដែល​មាន​សរសេរ​ជាភាសា​អារ៉ាប់។

លោកប្រធានា​ធិបតី Hollande បាន​មាន​ប្រសាសន៍​ថា«នេះជា​ការ​វាយ​ប្រហារ​ភេរវកម្ម‍ គ្មាន​ការ​ងឿយ​ឆ្ងល់​អំពី​រឿង​នេះ​ឡើយ‍‍»។ លោក​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ពី​ទីក្រុង Brussels ភ្លាមៗ​មុន​ពេល​ចេញ​ពី​សន្និសីទ​កំពូល​របស់​សហភាព​អឺរ៉ុប។

ខណៈ​ដែល​សេចក្តី​លម្អិត​នៅ​មិន​ទាន់​ល្អិត​ល្អន់​នៅ​ឡើយ ​លោក​ប្រធានា​ធិបតី​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ ​ដែល​បាន​កើត​មាន​ឡើង​ប្រហែល​ម៉ោង​១០ ​នៅ​ក្នុង​ស្រុក។ លោកប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា កម្មករ​ផ្សេង​ទៀត​របស់​រោង​ចក្រ​បាន​ត្រូវ​ជម្លៀស​ចេញ​ ហើយ​សន្តិសុខ​បាន​រឹត​បន្តឹង​នៅជុំ​វិញ​រោងចក្រ​នោះ។

បារាំង​បាន​បើក​ការ​ស៊ើប​អង្កេតភេរវកម្ម​ភ្លាម​ៗ​ បន្ទាប់​ពី​ការវាយ​ប្រហារ​បាន​ត្រូវ​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ។

ពួកអ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​នឹង​ភ្នែក​នៅឯ​រោងចក្រ​ក្នុង​ទីក្រុង Saint-Quentin-Fallavier ​ដែល​ជា​ក្រុង​ដ៏​តូច​មួយ​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Lyon ​និយាយ​ថា ជន​វាយ​ប្រហារ​យ៉ាង​ហោច​ណាស់​មួយ​នាក់​បាន​បើក​ឡាន​ចូល​ក្នុង​បរិវេណ​រោង​ចក្រ​ ហើយ​បាន​ចុច​បំផ្ទុះគ្រឿង​ផ្ទុះ​យ៉ាង​ហោចណាស់​ក៏​មួយ​គ្រាប់​ដែរ៕

XS
SM
MD
LG