យោងទៅតាមច្បាប់ថ្មីដែលបានដាក់ស្នើទៅសភា អូស្រ្តាលីនឹងមានអំណាចដកហូតពលរដ្ឋដែលមានសញ្ជាតិ២ ប្រសិនបើពួកគេចូលរួមក្នុងសកម្មភាពភេរវកម្ម។
លោក Peter Dutton រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍បានព្រមាននៅពេលដែលលោក ដាក់ស្នើអ្វីដែលហៅថាសេចក្តីព្រាងច្បាប់នៃភាពស្មោះស្ម័គ្រចំពោះអូស្រ្តាលី កាលពីថ្ងៃពុធម្សិលមិញ។
សេចក្តីព្រាងច្បាប់នោះបានចែងថា ពលរដ្ឋមានសញ្ជាតិ២ដែលប្រយុទ្ធជាមួយក្រុមភេរវជនអាចបាត់បង់សញ្ជាតិរបស់ខ្លួន ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពភេរវកម្ម ឬត្រូវបានចោទប្រកាន់ពីការធ្វើសកម្មភាពភេរវកម្មរបស់តុលាការអូស្រ្តាលី។
វាជាការប៉ុនប៉ងនៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលអូស្រ្តាលីដើម្បីដោះស្រាយជាមួយពលរដ្ឋអូស្រ្តាលីរាប់សិបនាក់ដែលត្រូវបានគេគិតថា បានរត់គេចខ្លួនទៅកាន់ប្រទេសអ៊ីរ៉ាក់ និងស៊ីរីដើម្បីប្រយុទ្ធជាមួយក្រុមជ្រុលនិយមទាំងនោះ រួមទាំងក្រុមរដ្ឋអ៊ីស្លាមផង។
លោក Dutton បាននិយាយទៀតថា «ការបាត់បង់សញ្ជាតិជាស្វ័យប្រវត្តិនឹងត្រូវកើតឡើង មិនថាតើការធ្វើសកម្មភាពនោះកើតមានឡើងនៅខាងក្នុង ឬនៅខាងក្រៅអូស្រ្តាលីទេ។ ការបាត់បង់សញ្ជាតិនឹងត្រូវមានភ្លាមៗ បន្ទាប់ពីជននោះបានចូលរួមក្នុងសកម្មភាព»។
នៅក្រោមផ្នែកនៃសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នោះ កូនចៅរបស់ពលរដ្ឋដែលមានសញ្ជាតិ២ដែលគេទុកចោលក៏អាចបាត់បង់សញ្ជាតិរបស់ខ្លួន ប្រសិនបើពួកគេ បានទទួលសញ្ជាតិដោយផ្អែកលើឪពុកម្តាយជាអ្នកទទួលខុសត្រូវនោះ។
រដ្ឋាភិបាលអូស្រ្តាលីនិយាយថា អ្នកដែលជាទិសដៅទាំងនោះនឹងមានសិទ្ធិប្តឹងឧទ្ធរណ៍ពីការបាត់បង់សញ្ជាតិរបស់ខ្លួនទៅតុលាការ ថ្វីបើសិទ្ធិនេះមិនមាននិយាយនៅក្នុងសេចក្តីព្រាងច្បាប់នោះក៏ដោយ៕