ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​គម្រាម​កំហែង​ភេរវកម្ម​គ្រប​ដណ្តប់​ក្នុង​កិច្ច​ប្រជុំ​សហភាព​អឺរ៉ុប


ទាហាន​ឆ័ត្រ​យោង​បែល​ហ្ស៊ិក​ល្បាត​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​គណៈកម្មការ​អឺរ៉ុប​នៅ​កណ្តាល​ទីក្រុង​ Brussels កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​ ឆ្នាំ​២០១៥។

រដ្ឋ​មន្រ្តី​ការបរទេស​របស់​សហភាព​អឺរ៉ុប​បាន​ជួប​គ្នា​ក្នុង​ទីក្រុង Brussels ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​ការវាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​បារាំង​និង​ការវាយ​ ឆ្មក់​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​បែលហ្សិក។

រដ្ឋ​មន្រ្តី​ ទាំង​អស់​នឹង​ពិភាក្សា​ពី​ជម្រើស​នានា​ ខណៈ​ដែល​ទ្វីប​អឺរ៉ុប​កំពុង​រៀប​ចំ​សម្រាប់​សន្និសិទ​កំពូល​ពិសេសនៅ​ខែ​ ក្រោយ ​ដែល​ផ្តោត​លើការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។

​តំបន់​ភាគ​ច្រើន​ ក្នុង​អឺរ៉ុប​នៅ​តែ​មាន​ភាពតានតឹង​ហើយ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ ខ្ពស់ ​ខណៈ​ដែល​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​បែលហ្សិក​និយាយ​ថា ​ជន​ដែល​រង​ការចោទ​ប្រកាន់​ជា​មេ​គំនិត​នៅ​ក្នុង​ការវាយ​ប្រហារ​ភេរវកម្ម ​ដែល​មិន​បាន​សម្រេច​ជោគ​ជ័យ​កាល​ពី​សប្តាហ៍​មុន ​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

លោក Koen Geens និយាយ​ថា​ជន​សង្ស័យ​នោះ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៤​នាក់​ដែល​បាន​ ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ក្រិក​ទេ ​ដែល​ជន​នោះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​រត់​គេច​ខ្លួន។ ក៏​ប៉ុន្តែ​រដ្ឋ​អាជ្ញា​បែលហ្សិក​នៅ​តែ​មាន​ផែនការ​សុំ​ឲ្យ​ក្រិក​ធ្វើ​ បត្យាប័ន​ជន​ម្នាក់នៃ​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​នៅ​ក្នុង​ការទាក់​ទិន​ជាមួយ​ការវាយ​ប្រហារ​ភេរវកម្មដែល​មិន​បាន​សម្រេច។

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បែលហ្សិក​បាន​កំណត់​ឈ្មោះ​មេ​ក្លោងដែល​រៀប​ចំ​ ផែនការ​ដែល​កំពុង​ត្រូវ​បាន​តាម​រក​ចាប់​ខ្លួន​នោះ​ថា​ជា Abdelhamid Abaaoud។បុរសជន​ជាតិ​បែលហ្សិក​ដើម​កំណើត​ម៉ារ៉ុក មាន​អាយុ​២៧ឆ្នាំ​រូប​នោះ ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ដឹកនាំ​ក្រុម​អ៊ីស្លាម​ជ្រុល​និយមក្នុង​ទីក្រុង Verviers ភាគ​ខាង​កើត​នៃ​ប្រទេស​បែលហ្សិក។ ក្រុម​អាជ្ញា​ធរ​និយាយ​ថា ​ក្រុម​នោះ​បំរុង​នឹង​បើក​ការវាយ​ប្រហារ​ភេរវកម្ម​ដ៏​សំខាន់​មួយ​ទៅ​លើ​ ទីកន្លែង​ប៉ូលីស​ មុន​ពេល​ក្រុម​មន្រ្តីប៉ូលីស​បាន​វាយ​ឆ្មក់​ទី​កន្លែង​លាក់​ខ្លួន​របស់​ ពួកគេ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន ​ដោយ​បាន​សម្លាប់​ពួក​គេ​២​នាក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​មួយ។

ទន្ទឹម​នឹង​នេះ​ដែរ ​អឺរ៉ុប​កំពុងតែ​ទ្រេត​ទ្រោត​ពី​ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង ​ប៉ារីស​នៅ​ដើម​ខែ​នេះ ​ដែល​បាន​សម្លាប់​មនុស្ស​១២​នាក់​នៅ​ឯ​ការិយាល័យ​ទស្សនាវដ្តី​រូប​ត្លុក Charlie Hebdo មន្រ្តី​ប៉ូលីស​ម្នាក់​និងង​មនុស្ស​៤នាក់​នៅ​ហាង​លក់​គ្រឿង​ទេស​អាហារ​របស់​ ជន​ជាតិ​ជ្វីស៕

XS
SM
MD
LG