ទោះបីជាកោះតៃវ៉ាន់ បានបាត់បង់សម្ព័ន្ធមិត្តការទូតទៅប្រទេសចិនដែលជាគូរប្រកួតប្រជែងធំមួយក៏ដោយ ក៏រដ្ឋាភិបាលដែលកាន់តែឯកោមួយនេះ បានឈ្នះរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងកម្រិតមួយនៃទំនាក់ទំនងអន្តរជាតិ ដែលប្រជាជនទូទៅអាចដឹងបាននោះគឺ ចំនួនប្រទេសដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋតៃវ៉ាន់អាចចូលដោយមិនចាំបាច់មានទិដ្ឋាការ។
ប្រភពពីក្រសួងការបរទេសបាននិយាយថា តៃវ៉ាន់បានបញ្ចុះបញ្ចូលប្រទេសចំនួន១៦៦ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួនចំនួន២៣លាននាក់ អាចចូលក្នុងប្រទេសទាំងនោះដោយមិនចាំបាច់មានទិដ្ឋាការ ឬគ្រាន់តែមានការបំពេញបែបបទទិដ្ឋាការសាមញ្ញមួយ ដែលពេលខ្លះមានការភ័យខ្លាចថាប្រទេសចិនអាចនឹងធ្វើការសងសឹកវិញ។ ចំណែកភាគីប្រទេសចិនវិញ ពលរដ្ឋចិនអាចចូលទៅកាន់ប្រទេសតែ២១ ប៉ុណ្ណោះដោយមិនចាំបាច់តម្រូវឲ្យមានទិដ្ឋាការ។
ការកើនឡើងនៃចំនួនប្រទេសដែលមិនទាមទារទិដ្ឋាការ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប តាំងពី១០ឆ្នាំមុនមក បានបង្ហាញថា កោះតៃវ៉ាន់បានពង្រីកវិស័យការទូតយ៉ាងហោចណាស់ក៏បានមួយផ្នែកដែរ បើទោះបីជាប្រទេសចិនមានវិធានការតបតក៏ដោយ ហើយនេះក៏ជាអ្វីមួយសម្រាប់បង្ហាញដល់ប្រជាពលរដ្ឋតៃវ៉ាន់ដែលចង់ឃើញសមិទ្ធផលផ្នែកគោលនយោបាយបរទេសកាន់តែច្រើន។
លោកស្រី Joanna Lei នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល Chunghua 21st Century នៅកោះតៃវ៉ាន់ បាននិយាយថា៖ «ទោះបីជាទំនាក់ទំនងការបរទេស គឺជារឿងដាច់ឆ្ងាយមួយសម្រាប់មនុស្សភាគច្រើនក៏ដោយ ក៏ការមានលទ្ធភាពធ្វើដំណើរដោយសេរីនៅជុំវិញពិភពលោកគឺជាបទពិសោធន៍ផ្ទាល់ខ្លួនចំពោះបុគ្គលម្នាក់ៗ»។
លោកស្រី Lei បានបន្តថា៖ «ប្រសិនបើតៃវ៉ាន់នៅតែបន្តទទួលបានការធ្វើដំណើរដោយមិនប្រើទិដ្ឋាការ នោះមានន័យថា ប្រទេសជាច្រើនទទួលស្គាល់រដ្ឋបាលតៃវ៉ាន់ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋមកពីតៃវ៉ាន់ចូលក្នុងទឹកដីរបស់ពួកគេបាន។ ដូច្នេះ នេះគឺជាជោគជ័យដ៏ធំមួយខាងផ្នែកកិច្ចការបរទេស»។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ និងបានទទូចឲ្យមានការរួបរួមគ្នាឡើងវិញជាមួយកោះនេះ ដែលមានការដឹកនាំដោយខ្លួនឯងតាំងពីទសវត្សរ៍១៩៤០មកម៉្លេះ ហើយបានព្យាយាមដាក់កម្រិតលើឋានៈរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ។ ដើម្បីឲ្យតៃវ៉ាន់នៅជាផ្នែកមួយរបស់ចិន ជាជាងឲ្យកោះនេះក្លាយជាប្រទេសឯករាជ្យមួយនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានរារាំងតៃវ៉ាន់មិនឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិតាំងពីទសវត្សរ៍១៩៧០។
ប្រទេសចិនថែមទាំងបានផ្ដល់ជំនួយឲ្យប្រទេសទាំងឡាយណាដែលប្តូរសម្ព័ន្ធភក្តីភាពពីតៃវ៉ាន់មកជាមួយរដ្ឋាភិបាល ក្រុងប៉េកាំងវិញទៀតផង។ រដ្ឋាភិបាលក្រុងតៃប៉ិ នៅសល់ប្រទេសសម្ព័ន្ធមិត្តតែ២០ប៉ុណ្ណោះ បន្ទាប់ពីប្រទេសប៉ាណាម៉ាបានទទួលស្គាល់ប្រទេសចិនកាលខែមុន។ ប្រទេសចំនួនជាង១៧០ បានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង។
ការជំរុញការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋតៃវ៉ាន់បន្ថែមទៀត ត្រូវបានចាប់ផ្ដើមនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Ma Ying-jeou ដែលបានកាន់តំណែងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៦។ នៅពេលនោះប្រទេសចិននិងតៃវ៉ាន់ បានទុកវិបត្តិនយោបាយមួយអន្លើ ដើម្បីកសាងទំនុកចិត្តជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដែលការធ្វើដូច្នេះធ្វើឲ្យទីក្រុងប៉េកាំងពិបាកនឹងរារាំងកិច្ចការក្រៅផ្លូវការរបស់តៃវ៉ាន់ ឬទំនាក់ទំនងនៅក្រៅប្រទេស។
លោក Huang Kwei-bo ប្រធានគណៈកម្មាធិការរៀបចំផែនការនិងស្រាវជ្រាវនៃក្រសួងការបរទេសកោះតៃវ៉ាន់ ពីឆ្នាំ២០០៩ ដល់២០១១ បានថ្លែងថា៖ «សារទូរលេខទាក់ទងនឹងកិច្ចការនេះ ត្រូវបានបញ្ជូនទៅគ្រប់ការិយាល័យនិងបេសកកម្មក្រៅប្រទេសទាំងអស់ ហើយយើងបានបន្តរំឭកដល់មន្រ្តីទាំងអស់អំពីសារៈសំខាន់ និងភាពបន្ទាន់នៃការទទួលបានលិខិតលើកលែងទិដ្ឋាការ ឬធ្វើទិដ្ឋាការនៅពេលធ្វើដំណើរទៅដល់»។
លោក Huang បាននិយាយថា រដ្ឋាភិបាលក្នុងក្រុងតៃប៉ិក៏បានរឹតបន្តឹងលើការពន្យារសុពលភាពលិខិតឆ្លងដែនផងដែរ ដើម្បី«កាត់បន្ថយភាគរយ» នៃអត្រាក្លែងបន្លំឯកសារ ដែលជួយបន្ធូរបន្ថយដល់ការបារម្ភមួយផ្នែកនៅក្រៅប្រទេស។
លោក Huang បានបន្ថែមថា៖ «យើងបានព្យាយាមប្រាប់ប្រទេសគោលដៅទាំងអស់ថា កុំឲ្យបារម្ភអំពីទណ្ឌកម្មពីអាជ្ញាធរប៉េកាំង» ពីព្រោះក្រោមការដឹកនាំដ៏កក់ក្ដៅរបស់លោកប្រធានាធិបតី Ma នឹងធ្វើឲ្យការលើកលែងទិដ្ឋាការមិនមែនជាបញ្ហារសើបនៅក្នុងបរិបថទនយោបាយ»។
យោងតាមតារាងទិដ្ឋាការឆ្នាំ២០១៥ របស់ស្ថាប័ន Henley & Partners បានបង្ហាញថាលិខិតឆ្លងដែនតៃវ៉ាន់ ស្ថិតក្នុងលេខរៀងទី២៨ នៅក្នុងពិភពលោកនៅឆ្នាំ២០១៥ ទាក់ទងនឹងការចូលទៅកាន់ប្រទេសផ្សេងទៀតដោយមិនចាំបាច់ប្រើទិដ្ឋាការ។ ចំណែកឯ ប្រទេសចិនវិញស្ថិតក្នុងលេខរៀងទី៩៣។
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ មិនមានទំនុកចិត្តលើរដ្ឋាភិបាលក្រុងប៉េកាំងទេ ទោះបីជាលោកស្រីមិនបានឆ្លងកាត់បន្ទាត់ក្រហមរបស់ចិន ក្នុងការស្វែងរកឯករាជ្យភាពតាមផ្លូវច្បាប់ ដើម្បីក្លាយជាកោះឯករាជ្យក៏ដោយ។ ទំនាក់ទំនងដែលមិនមានភាពរីករាយនេះ អាចធ្វើឲ្យតៃវ៉ាន់កាន់តែពិបាកក្នុងការដាក់ប្រទេសផ្សេងៗចូលទៅក្នុងបញ្ជីប្រទេសលើកលែងទិដ្ឋាការរបស់ខ្លួន នេះបើយោងតាម លោក Liu Yih-Jiun សាស្រ្តាចារ្យជំនាញកិច្ចការសាធារណៈនៃសាកលវិទ្យាល័យ Fo Guang នៅតៃវ៉ាន់។
ប៉ុន្តែកាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅនេះ កោះតៃវ៉ាន់និងប្រទេសប៉ារ៉ាហ្កាយដែលមានចំណងការទូតជាមួយគ្នា បានយល់ព្រមឲ្យប្រជាពលរដ្ឋរបស់ខ្លួនចូលប្រទេសទាំងពីរទៅវិញទៅមក ដោយមិនចាំបាច់មានទិដ្ឋាការ។ ក្រសួងការបរទេសតៃវ៉ាន់ ក៏កំពុងតែត្រៀមឲ្យពលរដ្ឋហ្វីលីពីន ចូលក្នុងទឹកដីរបស់ខ្លួនដោយមិនចាំបាច់មានទិដ្ឋាការដែរ បើទោះជាថ្មីៗនេះ រដ្ឋាភិបាលក្រុងម៉ានីលនៅតែទាមទារទិដ្ឋាការពីប្រជាពលរដ្ឋតៃវ៉ាន់ក៏ដោយ។
យោងតាមលោកស្រី Eleanor Wang អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់បានឲ្យដឹងថា បណ្ដាប្រទេសនានាបានឲ្យប្រជាពលរដ្ឋតៃវ៉ាន់ចូលក្នុងប្រទេសរបស់ខ្លួនដោយមិនបាច់មានទិដ្ឋាការដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាដើម្បីឲ្យចុះសម្រុងកាន់តែល្អជាមួយរដ្ឋាភិបាលក្រុងតៃប៉ិ។
លោកស្រី Wang បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា៖ «ចំពោះប្រទេសផ្សេងៗទៀតដែលចង់ឲ្យអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់ចូលក្នុងប្រទេសរបស់ខ្លួនដោយមិនបាច់មានទិដ្ឋាការ ប្រទេសទាំងនោះអាចទាក់ទាញប្រជាពលរដ្ឋតៃវ៉ាន់ឲ្យទៅធ្វើដំណើរកំសាន្តបានកាន់តែច្រើន ដែលអាចជួយឲ្យមានទំនាក់ទំនងទៅវិញទៅមកនិងជួយឲ្យសេដ្ឋកិច្ចរបស់ពួកគេទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង ដូច្នេះពួកគេយល់ព្រមលើកលែងទិដ្ឋាការ»។
ប្រទេសចិនព្យាយាមសុំគោលការណ៍លើកលែងទិដ្ឋាការទៅក្រៅប្រទេស ដោយសារតែប្រជាពលរដ្ឋរបស់ខ្លួន ពេលខ្លះនៅតែធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។ អង្គការការពារសិទ្ធិមនុស្សដែលមានឈ្មោះថា ក្រុមប្រឹក្សាសន្និបាតរដ្ឋសភាអឺរ៉ុបបាននិយាយកាលពីឆ្នាំ២០១៥ថា «ប្រជាពលរដ្ឋចិនប្រើបណ្ដាញគេចពន្ធខុសច្បាប់ដើម្បីចូលទៅអឺរ៉ុប ហើយពួកគេអាចនឹងត្រូវ«អ្នកជួញដូរមនុស្សកេងប្រវ័ញ្ច»។
នៅតៃវ៉ាន់ លោក Lin Chong-pin សាស្រ្តាចារ្យចូលនិវត្តន៍ជំនាញការសិក្សាយុទ្ធសាស្ត្រនៅតៃប៉ិបាននិយាយថា «ប្រទេសនេះបានទទួលជោគជ័យលើប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងកម្រិតជាក់លាក់មួយ ដូច្នេះប្រជាជនតៃវ៉ាន់មិនចង់ចេញពីប្រទេសរបស់ខ្លួន ទៅនៅប្រទេសផ្សេងនោះទេ»។
លោកបាននិយាយទៀតថា៖ «ប្រជាពលរដ្ឋភាគច្រើនចង់ត្រឡប់មកកោះតៃវ៉ាន់វិញ។ ពួកគេយល់ថាតៃវ៉ាន់មានភាពងាយស្រួលក្នុងការរស់នៅជាង។ ដូច្នេះបណ្ដាប្រទេសដែលផ្ដល់ការលើកលែងទិដ្ឋាការឲ្យតៃវ៉ាន់ មិនទទួលរងនូវហានិភ័យអ្វីទេ»៕
ប្រែសម្រួលដោយ សើ សាយ្យាណា