លោក Liu ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានចំណាយពេល៨ឆ្នាំចុងក្រោយនៃជីវិតរបស់លោកជាអ្នកទោសមនសិការ ហើយបានទទួលមរណភាពនៅមន្ទីរពេទ្យក្នុងតំបន់ Shenyang នៃប្រទេសចិន។ លោកត្រូវបានគេផ្ទេរចេញពីបន្ទប់ពន្ធនាគារទៅកាន់មន្ទីរពេទ្យមួយនៅតំបន់នេះដើម្បីព្យាបាលជំងឺ ជាទីកន្លែងចុងក្រោយនៃជីវិតរបស់លោក។ ការណ៍នេះបានបង្កឲ្យមានជាជម្លោះជាសាធារណៈ អំពីគុណភាពនៃការមើលថែទាំលោក និងអំពីការបដិសេធលើសំណើរបស់ក្រុមគ្រួសារលោក ដែលស្នើសុំផ្ទេរលោកទៅទទួលការព្យាបាលនៅសហរដ្ឋអាមេរិក ឬអាល្លឺម៉ង់។
កេរ្តិ៍ឈ្មោះរបស់លោក Liu ក្នុងនាមជាអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលឥតសំចៃមាត់ ត្រូវបានគេដឹងឭយ៉ាងសុះសាយ។ ជីវប្រវត្តិសង្ខេបរបស់លោក រួមមាន អ្នកនិពន្ធដ៏មានប្រជាប្រិយភាព និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ ដែលទទួលការដាក់ទណ្ឌកម្មពីរដ្ឋាភិបាល។ លោកក៏ត្រូវបានគេស្គាល់តាមរយៈការរិះគន់លើវប្បធម៌បែបបុរាណរបស់ចិន និងការជំរុញឲ្យក្រុមអ្នកអក្សរសាស្រ្ត ដូចរូបលោក បង្ហាញទស្សនៈបែបបុគ្គលនិយមឲ្យកាន់តែច្រើនថែមទៀត។ អាជីពដ៏មានទស្សនៈវិស័យរបស់លោក ត្រូវបានប្រែប្រួល នៅក្នុងរដូវផ្ការីកក្នុងឆ្នាំ១៩៨៩ នៅពេលដែលលោក Liu រួសរាន់បញ្ចប់ថ្នាក់អាហារូបករណ៍របស់លោកនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York ហើយវិលត្រឡប់ទៅមាតុភូមិចូលរួមការធ្វើបាតុកម្មប្រឆាំងតវ៉ានៅទីលាន Tiananmen ។
ក្រោយការបង្ក្រាបដោយហិង្សាដែលប្រជាជនចិនបានស្គាល់ថា ជាការសម្លាប់រង្គាលថ្ងៃទី៤ ខែមិថុនា លោក Liu ត្រូវបានគេលាបពណ៌ថាជា «ជនដៃដល់» ហើយត្រូវជាប់ពន្ធនាគារ។
បន្ទាប់ពីលោកត្រូវបានគេដោះលែងនៅដើមឆ្នាំ១៩៩១ លោក Liu បានបន្តអំពាវនាវឲ្យមានកំណែទម្រង់នយោបាយ ហើយក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្នុងជំរំពលកម្មចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩។ លោក Liu នៅតែបន្តគោលដៅទាមទារឲ្យមានកំណែទម្រង់របស់លោក បន្ទាប់ពីលោកត្រូវបានគេដោះលែង។
បញ្ចប់ប្រព័ន្ធនយោបាយឯកបក្ស
ក្នុងឆ្នាំ២០០៨ លោក Liu និងអ្នករិះគន់ប្រឆាំងផ្សេងៗ និងបញ្ញវន្តនានា បានផ្សព្វផ្សាយឯកសារច្បាប់មួយ ដែលត្រូវបានគេស្គាល់ថា ធម្មនុញ្ញ០៨ ដែលយកគំរូតាមផ្នែកខ្លះនៃធម្មនុញ្ញ៧៧របស់ក្រុមអ្នករិះគន់ប្រឆាំងរបស់ជនជាតិឆេក និងបានដាក់បញ្ចូលទ្រឹស្តីរបស់លោក Vaclav Havel ដែលបានព្រាងក្នុងឆ្នាំ១៩៧៧។ ធម្មនុញ្ញ០៨នេះ ស្នើសុំឲ្យមានការបញ្ចប់ប្រព័ន្ធនយោបាយឯកបក្សរបស់ប្រទេសចិន និងបង្កើតនូវរបបសាធារណៈរដ្ឋថ្មីមួយ ដែលជា«សហព័ន្ធ»នៃតំបន់ និងសហគមន៍នយោបាយផ្សេងៗ ដោយមានការចូលរួមពិតប្រាកដពីសាធារណជន។
លោកបាននិយាយក្នុងបទសម្ភាសនៅពេលនោះថា៖ «ប្រសិនបើមានការវិវឌ្ឍណាមួយក្នុងសង្គម និងនយោបាយចិន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះមែន នោះវាគឺកើតឡើងដោយសារតែប្រជាពលរដ្ឋ បាននឹងកំពុងរុញច្រានឲ្យមានការផ្លាស់ប្តូរ។ ជាចុងក្រោយ ការផ្លាស់ប្តូរនឹងកើតមានឡើង នៅពេលបញ្ហានៅតែមាន ហើយប្រជាជនជាច្រើនចេះខ្វាយខ្វល់ពីបញ្ហានោះ»។
បើទោះជាលោករីករាយនឹងសេរីភាពខ្លះៗនៅក្រៅពន្ធនាគារក៏ដោយ គំនិតដែលថារូបលោក និងអ្នកដទៃដែលមានគំនិតដូចលោក អាចនឹងត្រូវគេចាប់ឃុំម្តងទៀតនោះ មិនបានដែលឃ្លាតឆ្ងាយពីការគិតរបស់លោកឡើយ។
លោក Liu បានប្រាប់អ្នកយកព័ត៌មានប្រចាំទីក្រុងហុងកុងថា៖ «សម្រាប់ពួកយើងដែលស្ថិតក្នុងចលនាប្រឆាំងក្រោមរបបផ្តាច់ការ កិច្ចការមួយរបស់យើង គឺត្រូវប្រឈមមុខនឹងក្រុមប៉ូលិស និងចំណាយពេលវេលាក្នុងពន្ធនាគារ។ ដូច្នេះ អ្នករិះគន់ប្រឆាំងម្នាក់ៗ មិនត្រឹមតែត្រូវរៀនសូត្រពីរបៀបប្រឆាំងក្នុងបរិយាកាសគាបសង្កត់ប៉ុណ្ណោះទេ តែលើសពីនេះ យើងត្រូវដឹងពីរបៀបតទល់នឹងការបង្រ្កាបនានា និងការចំណាយពេលវេលានៅក្នុងពន្ធនាគារផងដែរ»។
សាលដីកាកាត់ក្តីលើលោក Liu បានកើតឡើងក្នុងឆ្នាំ២០០៩ ដែលពេលនោះលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ដោយសារលោកចូលរួមចំណែកក្នុងចលនាធម្មនុញ្ញ០៨ និងសកម្មភាពវិទ្ធង្សនា។ កេរ្តិ៍ឈ្មោះល្បីល្បាញពេញសាកលលោករបស់លោក បានលេចឡើងបន្ទាប់ពីរូបលោកត្រូវបានគេប្រតិដ្ឋនាមថា ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១០ «សម្រាប់ការតស៊ូបែបអហិង្សាដ៏យូរឆ្នាំដើម្បីមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សក្នុងប្រទេសចិន»។
លោក Liu បានដឹងពីការផ្តល់កិត្តិយសនេះតាមរយៈភរិយារបស់លោក ក្នុងអំឡុងពេលភរិយាលោកបានចូលសួរសុខទុក្ខដ៏រឹតត្បិតក្នុងពន្ធនាគារ។ លោកបានឆ្លើយតបថា ពានរង្វាន់នេះគួរតែត្រូវបានឧទ្ទិសជូនដល់អ្នកដែលបានលះបង់ជីវិតក្នុងមហាបាតុកម្មប្រឆាំងតវ៉ាឆ្នាំ១៩៨៩ និងក្នុងព្រឹត្តិការណ៍បង្ក្រាបជាបន្តបន្ទាប់ផ្សេងៗទៀត។
«ខ្ញុំគ្មានសត្រូវទេ»
លោក Liu ត្រូវបានគេទទួលស្គាល់ថាជាអ្នកតស៊ូមតិ ដើម្បីឲ្យមានការផ្លាស់ប្តូរក្នុងប្រទេសចិនតាមរយៈមធ្យោបាយសមហេតុសមផល និងអហិង្សា។ ភ្លាមៗមុនពេលលោកត្រូវបានកាត់ទោសក្នុងឆ្នាំ២០០៩ លោក Liu បានសរសើរប្រព័ន្ធច្បាប់របស់ចិន រាប់បញ្ចូលទាំងការទទួលបានការប្រាស្រ័យទាក់ទងបែបសណ្តោសប្រណី នៅពេលដែលលោកជាប់ក្នុងពន្ធនាគារ នៅក្នុងលិខិតមួយដែលមានចំណងជើងថា «ខ្ញុំគ្មានសត្រូវទេ»។
លោក Liu បានសរសេរក្នុងលិខិតដែលត្រូវបានគេអានជួសនៅពេលដែលលោកអវត្តមានក្នុងពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពថា៖ «ក្តីស្អប់អាចបំផ្លាញមនសិការ និងបញ្ញារបស់បុគ្គលម្នាក់ ហើយការគិតពីភាពជាសត្រូវ អាចនឹងបំពុលព្រលឹងរបស់ជាតិមួយបាន»។
ពាក្យពេចន៍របស់លោក Liu បានដាស់ស្មារតីអ្នកតស៊ូមតិនានាដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងប្រទេសចិន។
ក្រុមអ្នករិះគន់បានលើកឡើងពីសកម្មភាពឃោរឃៅនៅក្នុងពន្ធនាគារ រួមមានការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើសកម្មជននានាដែលស្តែងឲ្យឃើញពីប្រព័ន្ធពន្ធនាគារចិនមិនសូវមានលក្ខណៈមនុស្សជាតិ ស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ជាងអ្វីដែលលោក Liu បានពិពណ៌នាទៅទៀត។ អ្នករិះគន់មួយចំនួនយល់ថា អាជ្ញាធរផ្តល់ក្តីសណ្តោសអត់ឱនលើលោក Liu ដើម្បីឲ្យលោកអាចថ្លែងសារជាសាធារណៈអំពីទង្វើល្អដែលគាំទ្ររដ្ឋាភិបាល។
ក្រុមអ្នករិះគន់លើករណីលោក Liu បានលើកយកករណីមេធាវីសិទ្ធិមនុស្ស លោក Gao Zhisheng ដែលក្រោយពីការដោះលែងរូបលោក សមាជិកគ្រួសាររបស់លោកស្ទើរតែមិនស្គាល់លោកឡើយ ពីព្រោះលោកត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរក្នុងពន្ធនាគារ។
ក្រុមអ្នករិះគន់ដដែលនេះក៏បានលើកឡើងពីករណីសកម្មជនជាតិ Hunan និងអ្នករៀបចំគម្រោងឈ្មោះ Li Wangyang ដែលមិនអាចមើលឃើញ ហើយបានបាត់បង់ធ្មេញស្ទើរតែទាំងអស់ ដោយសារតែការវាយដំលើក្បាលលោកជាបន្តបន្ទាប់ រហូតដល់លោកដើរមិនរួច នៅពេលដែលលោកត្រូវបានដោះលែងក្នុងឆ្នាំ២០១១។ លោក Li បានទទួលមរណភាពដោយមន្ទិលសង្ស័យក្នុងមន្ទីរពេទ្យក្នុងឆ្នាំ២០១២ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានប្រាប់អ្នកយកព័ត៌មានមកពីទីក្រុងហុងកុងថា៖ «បើទោះជាពួកគេកាត់ក្បាលរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនឹងមិនបកត្រឡប់ក្រោយ»ពីភាពសកម្មនិយមរបស់លោកដែរ។
បំណងចង់ចាកចេញពីប្រទេសចិនមិនបានសម្រេច
លោក Liu នៅជាប់ពន្ធនាគាររយៈពេលតែ៣ឆ្នាំទៀតតែប៉ុណ្ណោះ នៅពេលដែលលោកបានទទួលមរណភាពក្នុងមន្ទីរពេទ្យទី១នៃសាកលវិទ្យាល័យវេជ្ជសាស្រ្តចិន ដែលមានទីតាំងនៅទីក្រុងប៉ែកឦសាននៃតំបន់ Shenyang។
ក្រុមវេជ្ជបណ្ឌិតអាល្លឺម៉ង់ និងអាមេរិក ដែលត្រូវបានគេអនុញ្ញាតឲ្យចូលសួរសុខទុក្ខលោកក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរាយការណ៍ពីស្ថានភាពរបស់លោក Liu ថា ប៉ុន្មានថ្ងៃមុនពេលមរណភាព លោក Liu បានប្រាប់ក្រុមវេជ្ជបណ្ឌិតថា លោកមានបំណងចង់ចាកចេញពីប្រទេសចិនទៅព្យាបាលជំងឺនៅកន្លែងផ្សេង។
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា «អាចមានជម្រើសផ្សេងទៀត (សម្រាប់ការព្យាបាលលោក Liu) រួមមានដូចជាការព្យាបាលបែបជួយស្តារសម្បទា និងការព្យាបាលរោគដោយចំហាយវិទ្យុសកម្ម» ប៉ុន្តែ «ការបញ្ជូនរូបលោកទៅព្យាបាលនៅកន្លែងផ្សេងគួរតែត្រូវធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើបាន»។ ក៏ប៉ុន្តែ អាជ្ញាធរចិននៅរក្សាជំហរថា លោក Liu ស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរពេក ដែលមិនអាចផ្ទេរទៅណាបានឡើយ។
លោក Liu Xiaobo បានទទួលមរណភាពដោយបន្សល់ទុកកូនប្រុសម្នាក់ និងភរិយាដែលលោកបានរួមរស់ជាមួយអស់រយៈពេល២១ឆ្នាំ ។ ភរិយារបស់លោក គឺលោកស្រី Liu Xia ដែលជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់របស់ស្វាមីលោកស្រី ត្រូវបានរាយការណ៍ថា លោកស្រីបានប្តេជ្ញាតាំងចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយ «សត្រូវរបស់រដ្ឋ»។ តាមរយៈកំណាព្យនៃខ្សែជីវិតរបស់អ្នកទាំងពីរ លោកស្រីបានរៀបរាប់ថា៖ «ខ្ញុំចូលចិត្តគូររូបដើមឈើ។ អ្នកដឹងទេថាហេតុអ្វី? ដោយសារតែខ្ញុំចូលចិត្តរូបភាពនៃការឈររបស់ដើមឈើ។ អ្នកអាចនិយាយបានថា ឆាកជីវិតដែលលះបង់លើការក្រោកឈរគួរឲ្យធុញទ្រាន់។ ខ្ញុំឆ្លើយថា វាអីចឹងមែន តែខ្ញុំត្រូវតែក្រោកឈរ៕
ប្រែសម្រួលដោយ កោះ សុគន្ធី