ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រិះគន់​ថា​ រដ្ឋាភិបាល​ហុងកុង​បង្កើត​គំរូ​គ្រោះថ្នាក់​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ប៉ូលិស​ចិន​មាន​វត្តមាន​ក្នុង​ស្ថានីយ​រថភ្លើង​ខ្លួន


សន្និសីទអំពីការរៀបចំឲ្យមាន រថភ្លើងល្បឿនលឿន ក្វាងចូវ-ស៊ិនចិន-ហុងកុង នាស្ថានីយរថភ្លើង West Kowloon ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។
សន្និសីទអំពីការរៀបចំឲ្យមាន រថភ្លើងល្បឿនលឿន ក្វាងចូវ-ស៊ិនចិន-ហុងកុង នាស្ថានីយរថភ្លើង West Kowloon ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

គម្រោង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​រួម​មួយ​ ដែល​ត្រូវបាន​ណែនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​ហុងកុង​កាល​ពី​ដើម​ខែ​នេះ​ ដែល​អនុញ្ញាត​ឲ្យ​ប៉ូលិស​ចិន​ដី​គោក​មាន​វត្តមាន​នៅ​ឯ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ទីក្រុង​កំពង់ផែ​នេះ​ ទៅ​កាន់​ទីក្រុង​ធំៗ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​ការ​ជំទាស់​ខ្លាំង​ពី​ក្រុម​ប្រឆាំង ​នៅ​ពេល​ដែល​គម្រោង​នេះ​ត្រូវ​ឆ្លង​កាត់​ការពិនិត្យ​ផ្នែក​នីតិ​បញ្ញត្តិ។

ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​អ្នក​ជំនាញ​ច្បាប់​ជា​ច្រើន​ និយាយ​ថា​ រដ្ឋបាល​ថ្មី​ដែល​ទើប​ចូល​កាន់​ដំណែង​របស់លោកស្រី​ Carrie Lam ប្រធាន​រដ្ឋបាល​ទីក្រុង​ហុងកុង​ ប្រហែល​ជា​បាន​បង្កើត​បញ្ហា​នយោបាយ​ដែល​អាច​នឹង​មាន​ឥទ្ធិពល​អាក្រក់​មួយ។

ពួកគេ​បាន​ចោទ​រដ្ឋបាល​លោកស្រី​ Lam​ អំពី​ការ​កេង​ប្រវ័ញ្ច​លើ​ចន្លោះ​ប្រហោង​នៃ​រដ្ឋ​ធម្មនុញ្ញ​ខ្នាត​តូច​របស់​ទីក្រុង​នេះ​ ដោយ​ព្រាង​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ ​និង​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​និង​សេរីភាព​ប្រជាពលរដ្ឋ​ហុងកុង ប្រសិន​បើត្រូវ​បាន​អនុវត្ត​ បើ​ទោះ​បី​ជា​អ្នក​ជំនួញ​ជាច្រើន​ចូលចិត្ត​ប្រើប្រាស់​ខ្សែ​រថភ្លើង​នេះ ​ដោយ​សារ​តែ​ភាព​ងាយ​ស្រួល​ ជា​ជាង​ស្វ័យភាព​ក្តី។

គ្មាន​ភាព​ក្លាហាន​

លោកស្រី​ Claudia Mo​ តំណាង​រាស្ត្រ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ជា​អតីត​សមាជិក​គណបក្ស​ Civic Party បាន​បន្ទោស​លោកស្រី​ Lam ថា ​បាន​បរាជ័យ​នៅ​ក្នុង​ការ​សាកល្បង​លើក​ទី១ ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្រជាពលរដ្ឋ​ហុងកុង។

លោក​ស្រី​ Mo​ និយាយ​ថា៖​ «លោកស្រី [Lam] ​គឺ​គ្មាន​សេចក្ដី​ក្លាហាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឡើយ។ លោកស្រី​គឺ​ជា​មនុស្ស​ជំនាញ​ការិយាធិបតេយ្យ។​ លោកស្រី​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​គេ​ប្រាប់​ឲ្យ​ធ្វើ។ នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ»​ សម្រាប់​ប្រជាពលរដ្ឋ​ហុងកុង។

កាល​ពី​ចុងខែ​កក្កដា​ រដ្ឋបាល​លោក​ស្រី​ Lam​ បាន​ប្រកាស​អំពី​ច្រក​អន្តោប្រវេសន៍​រួម​គ្នា​មួយ​ នឹង​ត្រូវ​បង្កើត​នៅ​ស្ថានីយ​ West Kowloon ​ដែល​មាន​ខ្សែ​រថភ្លើង​ឆ្លង​ព្រំដែន​ទៅ​កាន់​ទីក្រុង​ក្វាងចូវ។​ នៅ​ទី​នោះ​ មន្ត្រី​ចិន​ដី​គោក​មាន​យុត្តាធិការ​ពេញលេញ​អស់​មួយ​ភាគ​បួននៃ​បរិវេណ​ដែល​ជួល​ឲ្យ​ចិន​ដី​គោក ក៏​ដូច​ជា​នៅ​ក្នុង​រថភ្លើង ទោះបី​ជា​រថភ្លើង​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ចម្ងាយ​២៦​គីឡូម៉ែត្រ​ក្នុង​ទីក្រុង​ក៏​ដោយ។

ច្បាប់​របស់​ប្រទេស​ចិន​ ដែល​ដើរ​យឺត​ជាងច្បាប់​ហុងកុង​ឆ្ងាយ​ក្នុងការ​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​នៅ​ក្នុង​បញ្ចេញ​មតិ​ ច្បាប់នោះ​នឹង​ត្រូវ​អនុវត្ត​នៅ​តាម​បុស្តិ៍ត្រួត​ពិនិត្យ​ចិន​ដី​គោក​ និង​ក្នុង​រថភ្លើង​នៃ​គម្រោង​តម្លៃ​១១​ប៉ី​លាន​ដុល្លារ ដែល​កំណត់​ឲ្យ​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​ក្រោយ​នេះ។

មន្ត្រី​រដ្ឋាភិបាល​នៃ​ទីក្រុង​ហុងកុង អះអាង​ថា​ កិច្ច​ព្រមព្រៀង​រួម​កន្លែង​នេះ​ នឹង​មិន​បំពាន​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហុងកុង​ទេ​ ដោយសារ​តំបន់​ដែល​ជួល​ឲ្យ​ចិន​នេះ​ នឹង​ត្រូវ​ចាត់​ទុក​ថា​នៅ​ខាង​ក្រៅ​ព្រំដែន​ទីក្រុង​ ហើយ​ការជួល​នេះ​នឹង​អនុវត្ត​ទៅ​តាម​មាត្រា​ទី​២០​ ដែល​ចែង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ផ្ដល់​អំណាច​ដែល​ទីក្រុង​ហុងកុង​មិន​មាន​ រួម​មាន​អំណាច​ដើម្បី​អនុញ្ញាត​ការ​ជួល​ដី​ទាំង​នោះ។

នីតិ​រដ្ឋ​នៅ​តែ​រក្សា​ដដែល

លោក​ស្រី​ Lam​ បាន​សន្យា​ថា ​សំណើ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​ ឬ​ក៏​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ទីក្រុង​នេះ​ឡើយ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​គោលនយោបាយ​ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ»​ឡើយ។

លោក​ស្រី​ Lamនិយាយ​ថា៖ «នេះ​មិន​មែន​ជា​សំណួរ​អំពី​ជម្រើស​រវាង​ភាព​ងាយ​ស្រួល​របស់​អ្នក​ដំណើរ​ប្រើប្រាស់​រថភ្លើង​ល្បឿន​លឿន​ និង​នីតិរដ្ឋ​របស់​ហុងកុង​ឡើយ»។

ប៉ុន្តែ​ អ្នក​ជំនាញ​ច្បាប់​មិនយល់​ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ឡើយ។

បញ្ហា​ប្រឈម​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​

លោក​ Kevin Yam​ នៃ​ក្រុម​មេធាវី​ Progressive Lawyers Groupនិយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​មាន​សក្ដានុពល​ក្នុង​ការ​បង្កើត​តុលាការ​រដ្ឋ​បាន​ ដែល​តុលាការ​ទីក្រុង​ហុងកុង​មិន​អាច​ពិនិត្យ​ពិច័យ​បាន។

លោក​ Yam និយាយ​ថា៖​ «អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ គឺ​មិន​បាន​ប្រកាន់​ខ្ជាប់​តាម​ធម្មនុញ្ញភាព​លើគម្រោង​នោះ​ឡើយ​ ប៉ុន្តែ​បែរ​ជា​ព្យាយាម​រារាំង​ការពិនិត្យ​ពិច័យ​ដោយ​រដ្ឋធម្មនុញ្ញ​ទៅ​វិញ»។ លោក​បាន​បន្ថែម​ថា​ ការអនុវត្ត​ច្បាប់​ចិន​ដី​គោក​ សូម្បី​តែ​នៅ​ផ្នែក​តូច​មួយ​នៃ​ក្រុង​ហុងកុង​ក្តី ក៏​ជា​ការ​រំលោភ​ដោយ​ផ្ទាល់​លើ​តម្រូវការ​ជាក់លាក់នៃ​រដ្ឋធម្មនុញ្ញ​ដែរ។

លោក​ James To ជា​មេធាវី​និង​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ក៏​បាន​អះអាង​ដែរ​ថា​ រដ្ឋាភិបាល​ទីក្រុង​ហុងកុង ​ក៏​បាន​រំលោភ​លើ​មូលដ្ឋាន​នៃ​ការ​តាក់តែង​មាត្រា​ទី​២០​ ខណៈ​គោល​បំណង​របស់​មាត្រា​នេះ​ គឺ​ដើម្បី​ផ្ដល់​ស្វ័យភាព​ក្នុង​កម្រិត​ខ្ពស់​មួយ​ដល់​ទី​ក្រុង​ហុងកុង។

លោក​ To និយាយ​ថា៖​ «ការ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ គឺ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​ ឬ​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​ហុងកុង​ បោះបង់​[ដោយ​តាម​សម្រួល]​ នូវ​ស្វយ័ត​ភាព​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ ខ្ញុំ​គិត​ថា វា​ជា​ការ​មើលស្រាល​យ៉ាងខ្លាំងដល់​គោលការណ៍​ដើម​នៃ​មាត្រា​ទី​២០»។

តើ​អាច​មាន​បាតុកម្ម​ Occupy Central ឡើង​វិញ​ទេ?

ក្រុម​អ្នក​ប្រឆាំង​ភ័យ​ខ្លាច​ថា គម្រោង​របស់​ចិន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ចិន​ដីគោក​ជាមួយ​ហុងកុង​ តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​រួម​គ្នា​នេះ អាច​ដុត​បញ្ឆេះ​ឡើង​វិញ​ និង​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ចលនា​ Occupy Movement កាល​ពី​ឆ្នាំ​២០១៤។​

ប្រជាពលរដ្ឋ​វ័យ​ក្មេង​បាន​ចាប់​ផ្ដើម​មើល​ឃើញ​រួច​ទៅ​ហើយ​ថា គម្រោង​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​បន្ថែម​ក្នុងការ​ពង្រីក​ការ​គ្រប់គ្រង​របស់​ចិន​មក​លើ​ទីក្រុង​ហុងកុង។​ សិស្ស​វិទ្យាល័យ​អាយុ​១៦​ឆ្នាំ​ម្នាក់​ និយាយ​ថា​ លោក​យល់ឃើញ​ថា​ «វិធានការ​គ្រប់គ្រង​សេរីភាព​របស់​ចិន»​ គឺ​កាន់​តែ​មិន​អាច​ទទួល​យក​បាន​ បន្ទាប់​ពី​អ្នក​នៅ​ទីក្រុង​នេះ​ជួប​ប្រទះ​នឹង​ការ​ចាប់​ជំរិត​ក្រុម​អ្នក​លក់​សៀវភៅ​ និង​អ្នក​ជំនួញ​ចិន​ម្នាក់។

បន្ថែម​លើ​នោះ​ តំណាង​រាស្ត្រ​លោក​ Jeremy Tam​ ដែល​ធ្លាប់​ជា​អ្នក​បើក​យន្តហោះ​ម្នាក បាន​អះអាង​ថា​ រដ្ឋាភិបាល​ទីក្រុង​នេះ​បាន​បំភ័ន្ត​សាធារណជន​ទូទៅ​ ដោយ​លើក​យក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​ថា​ស្រដៀង​គ្នា​នឹង​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​បរទេស​ រួមមាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ព្រំដែន​រវាង​ប្រទេស​បារាំង​និង​ចក្រភព​អង់គ្លេស​តាម​រយៈ​សេវា​រថភ្លើង​ Eurostar។​

លោក​ Tam​ និយាយ​ថា៖​ «នៅ​ពេល​លើក​យក​ឧទាហរណ៍​ពី​សហរដ្ឋ​អាមេរិក​និង​កាណាដា​ ក៏​ដូច​ជា​អង់គ្លេស​និង​បារាំង​មក​និយាយ ពួកគេ​បាន​ប្រើប្រាស់​ឧទាហរណ៍​នោះ​ដោយ​មិន​ត្រឹមត្រូវ ពីព្រោះ​ប៉ុស្តិត្រួត​ពិនិត្យ​ទាំង​នោះ [រួម​ទាំង​ខ្សែ​រថភ្លើង​ Eurostar]​ មាន​កិច្ចព្រមព្រៀង​តែ​លើ​ផ្នែក​អន្តោប្រវេសន៍​ប៉ុណ្ណោះ។​ ហើយ​យុត្តាធិការ​ទាំង​នេះ​ ជា​ពិសេស​យុត្តាធិការ​ស្តីពី​ឧក្រិដ្ឋជន​ ឬ​អំណាច​ក្នុង​ការ​ចាប់​ខ្លួន​។ល។​ នៅ​តែ​ជា​កិច្ចការ​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ»៕

ប្រែ​សម្រួល​ដោយ៖​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG