ភ្នាក់ងារព្រំដែនសហរដ្ឋអាមេរិកបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងប្រទេសម៉ិកស៊ិកកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ដើម្បីបញ្ឈប់ជនចំណាកស្រុកប្រហែល ១៥០ នាក់ មិនឲ្យបំបែករបងព្រំដែននៅជិតទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជនចំណាកស្រុកបានព្យាយាមឡើងលើរបង ឬក៏លូនក្រោមរបងព្រំដែន ប៉ុន្តែទីភ្នាក់ងារនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារម្សិលមិញថា អាជ្ញាធរអាមេរិកបានប្រើឧស្ម័នបង្ហូរទឹកភ្នែកលើជនចំណាកស្រុកដែលគប់ដុំថ្ម គឺមិនមែនលើអ្នកដែលព្យាយាមឆ្លងចូលសហរដ្ឋអាមេរិកនោះទេ។
សេចក្ដីប្រកាសនេះបានសរសេរថា៖ «គ្មានភ្នាក់ងារណាម្នាក់ឃើញជនចំណាកស្រុកណាមួយ រួមទាំងកូនក្មេងផងដែរនៅឯព្រំដែន ទទួលឥទ្ធិពលនៃជាតិគីមីណាមួយ ដែលសំដៅលើអ្នកគប់ដុំថ្មនៅឆ្ងាយពីបន្ទាត់ព្រំដែននោះទេ»។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា អាជ្ញាធរបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនេះ ដើម្បីបញ្ឈប់អ្នកគប់ដុំថ្ម ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារនៅកន្លែងកើតហេតុ។
ភ្នាក់ងារសន្តិសុខព្រំដែនបានចាប់ខ្លួនមនុស្ស ២៥ នាក់ ចំណែកឯអ្នកគប់ដុំថ្មខ្លះទៀតបានរត់គេចចូលទៅកាន់ប្រទេសម៉ិកស៊ិកវិញ។
ជនចំណាកស្រុកដែលបានព្យាយាមបំបែករបងព្រំដែននេះ គឺជាផ្នែកមួយនៃក្រុមជនចំណាកស្រុកតំបន់អាមេរិកកណ្ដាលប្រហែលជាង ៧ ពាន់នាក់ ដែលធ្វើដំណើរទៅកាន់ព្រំដែននៃទីក្រុង Tijuana ប្រទេសម៉ិកស៊ិក ដើម្បីរង់ចាំសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក៕