នាងត្រូវបានគេរង់ចាំទទួលស្វាគមន៍ និងសួរសំណួរជាច្រើន នៅពេលដែលនាងធ្វើដំណើរដល់កំពង់ផែទីក្រុង New York កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះ។
នាង Thunberg ដែលជាសកម្មជនតស៊ូមតិរឿងប្រែប្រួលអាកាសធាតុរូបនេះ និយាយដូច្នេះថា៖ «វាជារឿងចម្លែកដែលមនុស្សគ្រប់គ្នាតែងតែសួរខ្ញុំអំពី [ប្រធានាធិបតីសហរដ្ឋអាមេរិក] លោក Donald Trump។ ប៉ុន្តែ ខ្ញុំចង់និយាយថា ខ្ញុំចង់ឲ្យលោក Trump ជឿលើវិទ្យាសាស្ត្រ ប៉ុន្តែ ច្បាស់ណាស់ លោកមិនបានធ្វើដូច្នេះនោះទេ។ ខ្ញុំចង់បញ្ជាក់ថា ដោយសារតែគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលលោក Trump បានអំពីរឿងវិបត្តិអាកាសធាតុជាបន្ទាន់នេះ ខ្ញុំក៏មិនអាចបញ្ចុះបញ្ចូលលោកបានដែរ។ ឥឡូវនេះ ខ្ញុំគ្រាន់តែផ្ដោតលើការផ្សព្វផ្សាយអំពីការយល់ដឹង [រឿងប្រែប្រួលអាកាសធាតុ] នេះតែប៉ុណ្ណោះ ហើយមនុស្សទូទៅនឹងចាប់ផ្ដើមខ្វាយខ្វល់ និងដឹងថា វិបត្តិប្រែប្រួលអាកាសធាតុនេះធំប៉ុណ្ណា»។
នាង Thunberg បានចាប់ផ្ដើមមិនចូលរៀនតែម្នាក់ឯងនៅរៀងរាល់ថ្ងៃសុក្រកាលពីមួយឆ្នាំមុន ដើម្បីធ្វើការតវ៉ានៅខាងក្រៅរដ្ឋសភាស៊ុយអែត ឲ្យមានការចាត់វិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចាប់តាំងពីពេលនោះមក នាងបានជម្រុញទឹកចិត្តកុមារជាង ២ លាននាក់នៅក្នុងប្រទេសចំនួន ១៣៥ នៅទូទាំងពិភពលោក ឲ្យចូលរួមនៅក្នុងការធ្វើកូដកម្មមិនចូលរៀននៅរៀងរាល់ថ្ងៃសុក្រនេះ។
កាលពីថ្ងៃសុក្រទី ៣០ ខែសីហាកន្លងទៅនេះ នាង Thunberg និងក្មេងជំទង់រាបរយនាក់ផ្សេងទៀតបានធ្វើការតវ៉ានៅពីមុខអង្គការសហប្រជាជាតិ។ ពួកគេអំពាវនាវឲ្យមនុស្សពេញវ័យនៅជុំវិញពិភពលោកចូលរួមជាមួយពួកគេធ្វើកូដកម្មប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅថ្ងៃសុក្រទី ២០ ខែកញ្ញាខាងមុខនេះ នៅទូទាំងពិភពលោក។
នាង Thunberg នឹងថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំនានានៅលើពិភពលោកនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុសាកលលោកនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះ។ ភ្លើងឆេះព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យការប្រជុំរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះ ផ្ដោតជាពិសេសបន្ទាន់លើបញ្ហាប្រែប្រួលអាកាសធាតុនេះ៕
ប្រែសម្រួលដោយ ភី សុភាដា