ខណៈដែលការរាលត្បាតនៃជំងឺកូវីដ១៩គំរាមកំហែងនិងធ្វើឲ្យហួសលទ្ធភាពផ្តល់សេវាថែទាំរបស់ក្រុមវេជ្ជបណ្ឌិតនិងមន្ទីរពេទ្យនានានៅទូទាំងសហរដ្ឋអាមេរិក ស្ថាប័នបច្ចេកវិទ្យាវេជ្ចសាស្ត្រនិងមណ្ឌលសុខភាពកំពុងព្យាយាមបង្កើន «ការយល់ច្បាស់ពីស្ថានការណ៍» ដែលអាចផ្តល់ដល់ក្រុមវេជ្ជបណ្ឌិតនូវអ្វីដែលពួកគេចង់ដឹងពីអ្នកជំងឺដែលឈឺនិងសម្រាកព្យាបាលពេញបន្ទប់សង្គ្រោះបន្ទាន់។
លោក Warren Ratliff នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា MDmetrix ដែលកម្មវិធីកុំព្យូទ័រ software អាចវិភាគផ្នែកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យថ្លែងថា វាពិបាកណាស់សម្រាប់ក្រុមវេជ្ជបណ្ឌិតនិងបុគ្គលិកក្នុងការដឹងថាអ្នកជំងឺប្រភេទណានឹងមកព្យាបាល»។
លោក Ratliff ថ្លែងបន្ថែមថា បុគ្គលិកពេទ្យ«អាចឃើញថាអ្នកជំងឺច្រើនរហូតត្រូវតម្រង់ជួរ» ប៉ុន្តែពួកគេមានឧបករណ៍តិចតួចដើម្បីប្រៀបធៀបចំនួនអ្នកជំងឺដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេក៏មិនដឹងថានឹងប្រើប្រាស់វិធីព្យាបាលរបៀបណាសម្រាប់អ្នកជំងឺណាផងដែរ»។
ក្តីបារម្ភរបស់គ្រូពេទ្យ
ក្រុមហ៊ុន MDmetrix ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតមួយរូបដែលរសាយចិត្តដោយលោកមិនអាចវិភាគទិន្នន័យរបស់អ្នកជំងឺបាន។ ជាមួយនឹងកំណត់ត្រាសុខភាពតាមប្រព័ន្ធអេឡិចត្រូនិច ដែលត្រូវបានប្រើប្រាស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយនិងដើម្បីទារថ្លៃព្យាបាលផងនោះ ក្រុមវេជ្ជបណ្ឌិតជាទូទៅអាចមើលកំណត់ត្រាអ្នកជំងឺតែម្តងម្នាក់។
ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រដូចជាក្រុមហ៊ុន MDmetrix ផ្តល់តារាងព័ត៌មាននិងកម្មវិធីដែលក្រុមវេជ្ជបណ្ឌិតនិងមន្ទីរពេទ្យអាចស្វែងរកព័ត៌មានស៊ីជម្រៅនិងនិន្នាការរបស់អ្នកជំងឺជាច្រើន។ បច្ចេកវិទ្យានេះទាញយកទិន្នន័យពីកំណត់ត្រាអេឡិចត្រូនិចរបស់អ្នកជំងឺ។
លោក Ratliff ថ្លែងថា ខណៈពេលពួកគេព្យាបាលអ្នកជំងឺ មន្ទីរពេទ្យនិងក្រុមវេជ្ជបណ្ឌិតនានាប្រឈមនឹងការឆ្លើយនឹងសំណួរដែលមើលទៅដូចជាសំណួរសាមញ្ញដូចជា តើបំពង់បញ្ចូលអុកស៊ីហ្សែនចំនួនប៉ុន្មានត្រូវបានប្រើប្រាស់? តើអុកស៊ីហ្សែនទាបមានន័យថាកើតជំងឺកូវីដ១៩ឬ? តើមានអ្នកណាតាមដានស្ថានភាពអ្នកជំងឺដែលត្រូវបានធ្វើតេស្តនិងបញ្ជូនទៅផ្ទះវិញហើយឬនៅ?
លោកថ្លែងថា ក៏មានតម្រូវការផ្នែកព័ត៌មានថាតើមានការផ្តល់ការព្យាបាលដោយវិធីផ្សេងសម្រាប់ក្រុមផ្សេងទៀតដែរឬយ៉ាងណា។
អ្នកជំងឺម្នាក់ៗទទួលបានការព្យាបាលខុសៗគ្នា
លោក Ratliff ចោទសួរថា៖ «តើការព្យាបាលខុសគ្នាដែរឬទេសម្រាប់អ្នកជក់បារីនិងអ្នកមិនជក់បារី? នៅប៉ុន្មានឆ្នាំខាងមុខ របាយការណ៍ស្តីពីសកម្មភាពបន្ទាប់មួយនឹងចេញផ្សាយ។ ប៉ុន្តែពេលនោះវានឹងយឺតពេលទៅហើយ ប្រសិនបើអ្នកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងពេលបច្ចុប្បន្ន»។
ដោយគ្រាន់តែចុចប៊ូតុង អ្នករដ្ឋបាលរបស់គ្លីនិកនិងមន្ទីពេទ្យនឹងទទួលបានតារាងព័ត៌មានរបស់ក្រុមហ៊ុន MDmetrix អំពីជំងឺកូវីដ១៩ ដែលពួកគេអាចមើលដើម្បីជួយព្យាបាលអ្នកជំងឺ។ ព័ត៌មាននោះថ្មីៗបំផុតដែលបង្ហាញពីរបៀបព្យាបាលណាមួយដែលប្រសើរជាងវិធីព្យាបាលមួយផ្សេងទៀតសម្រាប់អ្នកជំងឺណាម្នាក់»។
សម្រាប់ការព្រួយបារម្ភលើបញ្ហាឯកជនភាព ទិន្នន័យដែលទាញយកមកពីកំណត់ត្រារបស់អ្នកជំងឺមិនបង្ហាញពីអត្តសញ្ញាណរបស់អ្នកជំងឺនោះទេ គឺគោរពទៅតាមច្បាប់ឯកជនភាពក្នុងការព្យាបាលសុខភាព។ នេះបើតាមប្រសាសន៍របស់លោក Ratliff។ មណ្ឌលសុខភាពនៅសាកលវិទ្យាលវ៉ាស៊ីនតោននិងមណ្ឌលសុខភាព Harborview នៅរដ្ឋវ៉ាស៊ីនតោនប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន MDmetrix។ ក្រុមហ៊ុននេះក៏បានផ្តល់បច្ចេកវិទ្យាឈ្មោះថា «បន្ទប់តាមដានស្ថានការណ៍ជំងឺកូវីដ១៩» (COVID-19 Mission Control) ដោយឥតគិតថ្លៃដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពនានាផងដែរ។
ការបង្កើនការប្រើប្រាស់នៃកំណត់ត្រាសុខភាពអេឡិចត្រូនិច
ការស្រាវជ្រាវមួយរបស់សមាគម American Medical Informatics បង្ហាញពីកិច្ចប្រឹងប្រែងនៅសាកលវិទ្យាល័យ California ទីក្រុង San Diego ដើម្បីបង្កើតតារាងថ្មីមួយដែលផ្អែកលើកំណត់ត្រាសុខភាពអេឡិចត្រូនិចដើម្បីគ្រប់គ្រងវិបត្តិដែលកំពុងកើនឡើង។ អ្នកស្រាវជ្រាវលើកឡើងថា គួរបង្កើនការប្រើប្រាស់កំណត់ត្រាសុខភាពអេឡិចត្រូនិចជាអតិបរមា។
អ្នកស្រី Julia Adler-Milstein សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ California ក្នុងទីក្រុងSan Francisco ថ្លែងថា ច្រើនឆ្នាំកន្លងទៅនេះ មានការបង្កើតជាច្រើននូវឧបករណ៍បច្ចេកវិទ្យាដើម្បីវិភាគនិងទាញយកទិន្នន័យពីកំណត់ត្រាសុខភាពលើប្រព័ន្ធអេឡិចត្រូនិច។ ប៉ុន្តែការរាលត្បាតនៃជំងឺកូវីដ១៩កំពុងជំរុញឲ្យមន្ទីរពេទ្យនិងក្រុមហ៊ុននានាស្វែងរកវិធីក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ដើម្បីវិភាគលើទិន្នន័យនិងព័ត៌មានសំខាន់ៗដើម្បីផ្តល់ដល់អ្នកដែលធ្វើការសម្រេចចិត្ត។
អ្នកស្រីថ្លែងថា៖ «នេះគឺជាការធ្វើសាកល្បងពោរពេញដោយសម្ពាធ ដើម្បីអាចព្យាបាលជំងឺថ្មីនេះ»។
ការស្វែងយល់ពីនិន្នាការនៅក្នុងមន្ទីរពេទ្យក៏ជាកិច្ចការរបស់ក្រុមហ៊ុន TransformativeMed ផងដែរ។ កម្មវិធីរបស់ក្រុមហ៊ុននេះអាចកត់ត្រាលើប្រព័ន្ធអេឡិចត្រូនិចដែលអាចតាមដានអ្នកជំងឺ ពេលអ្នកជំងឺនោះប្តូរទីតាំងព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ។ មណ្ឌលសុខភាពនៅសាកលវិទ្យាលវ៉ាស៊ីនតោននិងមណ្ឌលសុខភាព Harborview នៅរដ្ឋវ៉ាស៊ីនតោន គ្លីនិក MedStar នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន និងគ្លីនិកVCU នៅទីក្រុង Richmond រដ្ឋVirginia ប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន TransformativeMed។
លោកវេជ្ជបណ្ឌិត Rodrigo Martinez ប្រធានគ្លីនិចមួយនៅស្ថាប័នTransformativeMed ហើយជាគ្រូពេទ្យត្រចៀក ច្រមុះ និងបំពង់ក មួយរូបថ្លែងថា ការតាមដានអ្នកជំងឺតាំងពីរោគសញ្ញា លទ្ធផលពីមន្ទីរពិសោធន៍ និងការព្យាបាល អាចជួយឲ្យមន្ទីរពេទ្យយល់ពីរបៀបដែលជំងឺនេះវិវត្តនៅក្នុងសហគមន៍មួយ ហើយដឹងពីវិធីព្យាបាលណាដែលមានប្រសិទ្ធភាពនិងវិធីណាដែលមិនមានប្រសិទ្ធភាព។
ឱកាសដ៏កម្រ
លោកវេជ្ជបណ្ឌិត Rodrigo Martinez បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អាចនឹងជាឱកាសដ៏កម្រមួយក្នុងជំនាន់នេះដើម្បីធ្វើឲ្យប្រព័ន្ធថែទាំសុខភាពកាន់តែប្រសើរឡើង។ ការរក្សាគម្លាតពីគ្នានឹងតម្រូវឲ្យមានការបង្កើនការស្វែងរកព័ត៌មានផ្នែកសុខភាពតាមប្រព័ន្ធអេឡិចត្រូនិច ដែលអ្នកជំងឺនិងគ្រូពេទ្យរបស់ពួកគេទំនងនឹងសប្បាយចិត្តប្រសិនបើពួកគេអាចធ្វើទៅបានតាមរយៈការហៅទូរស័ព្ទដែលមានវីដេអូ ឬហៅថា telehealth។ បច្ចេកវិទ្យា3-D ដែលត្រូវបានប្រើប្រាស់ដើម្បីជួសជុលនិងបង្កើតបំពុងបញ្ចូលអុកស៊ីហ្សែន នឹងជួយក្រុមហ៊ុនវេជ្ជសាស្ត្រ។ ហើយការធ្វើតេស្តពីផ្ទះក៏ទំនងនឹងរីកលូតលាស់ផងដែរ។
ក្រុមហ៊ុន TransformativeMed និងក្រុមហ៊ុន MDmetrix ក៏កំពុងស្វែងរកនិន្នាការដែលអាចទាញយកកំណត់ត្រាសុខភាពអេឡិចត្រូនិចរបស់អ្នកជំងឺ។
លោក Martinez ថ្លែងថា៖«យើងមិនមែនបង្កើតបច្ចេកវិទ្យាថ្មីនោះទេ។ យើងមានបច្ចេកវិទ្យាទាំងនោះរួចទៅហើយ ដែលរង់ចាំឱកាស(ដូចពេលនេះ)ដើម្បីអនុវត្តវា»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា