ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិល្បករ​ Show Biz ​គាំទ្រ​អ្នក​ធ្វើការ​ទប់ទល់​ជំងឺ​ COVID-19​ ក្នុង​ការ​សម្តែង​ឈ្មោះ​ One World Together​


រូបឯកសារ៖ រូបថតបង្ហាញពីផ្ទាំង Broadway Shows នៅទីលាន Times Square កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣។
រូបឯកសារ៖ រូបថតបង្ហាញពីផ្ទាំង Broadway Shows នៅទីលាន Times Square កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣។

អ្នក​ដែល​ជំរុញ​ពី​ក្រោយ​ការ​ផ្តើម​គំនិត​ប្រគុំ​តន្ត្រី​ពិសេស​ One World Together at Home ​នេះ​គឺ​តារា​កំពូល​ឈ្មោះ​ Lady Gaga ​ដែល​បាន​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO ​និង​អង្គការ​ Global Citizen ​ដែល​ជា​ចលនា​ដែល​ធ្វើការ​ដើម្បី​បំបាត់​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ។​

ការ​ប្រគុំ​តន្ត្រី​នេះ​នឹង​មាន​ការ​ប្រមូល​ផ្តុំ​អ្នក​សម្តែង​សំខាន់ៗ​ក្នុង​ពិភពលោក​ដោយ​មាន​រួម​បញ្ចូល​លោក ​Chris Martin​ លោក Bilie Eilish​ លោក ​John Legend​ លោក Elton John ​និង​លោក​ Stevie Wonder។​

លោក​ Hugh Evans ​ជា​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Global Citizen។​

លោក​និយាយ​ថា​ ការ​ប្រគុំ​តន្ត្រី​នេះ​នឹង​អបអរសាទរ​សេចក្តី​ក្លាហាន​និង​ការ​តាំង​ចិត្ត​របស់​ពួក​អ្នក​ធ្វើការ​ជួរមុខ​ខាង​ការ​ថែទាំ​សុខភាព​ដែល​បាន​ប្រថុយ​ប្រថាន​ជីវិត​របស់​ពួក​គេ​ដើម្បី​ជីវិត​អ្នក​ដទៃ។​ លោក​ Evans ​និយាយ​ថា៖​

«តាម​រយៈ​ការ​ប្រគុំ​តន្ត្រី​ឈ្មោះ​ One World Together at Home ​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា ​ យើង​នឹង​អំពាវនាវ​ឲ្យ​ពួក​អ្នក​មាន​ចិត្ត​សប្បុរស​ សាជីវ​កម្ម​និង​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្លើយ​តប​ជា​សាកល​ប្រឆាំង​នឹង​ជំងឺ ​COVID-19​ ដោយ​រួម​បញ្ចូល​ការ​ចែកចាយ​ប្រភព​ធនធាន​និង​ការ​ផ្តល់​ឧបករណ៍​ការពារ​ខ្លួន​ personal protective equipment ​(PPE) ​ឱ្យ​ពួក​ធ្វើការ​ខាង​ការថែទាំ​សុខភាព​ជួរមុខ​ដែល​មាន​សារៈ​សំខាន់​ជា​ចាំ​បាច់»។​

លោក​ Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​ WHO​ យល់​អំពី​មុខនាទី​ដ៏​សំខាន់​បំផុត​របស់​ពួក​ធ្វើការ​ខាង​ថែទាំ​សុខភាព​នៅ​ក្នុង​ការ​តស៊ូ​ដើម្បី​យក​ជ័យ​ជំនះ​លើ​ជំងឺ​ COVID-19។​លោក​បាន​សម្តែង​កង្វល់​ថាប្រទេស​ខ្លះ​កំពុង​ពិចារណា​អំពីការ​ប្រើ​ម៉ាស់​សម្រាប់​ពេទ្យ​និង​ម៉ាស់​ដែល​មិន​មែន​ជាម៉ាស់​ពេទ្យ​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​ទូទៅ ​ដើម្បី​បញ្ឈប់​វីរុស​កូរ៉ូណា​កុំឱ្យ​រាលដាល។​លោក​ថ្លែង​ថា​ម៉ាស់​ពេទ្យ​ត្រូវ​តែ​ផ្តល់​អាទិភាព​សម្រាប់​ឱ្យ​ពួក​អ្នក​ធ្វើការ​ខាង​ការ​ថែទាំ​សុខភាព​ជួរមុខ។​ លោក​Tedros ​និយាយ​ថា៖​

«យើង​ខ្វល់ខ្វាយ​ថា​ ការ​ប្រើប្រាស់​ម៉ាស់​ពេទ្យច្រើន​ដោយ​ប្រជារាស្ត្រ​ទូទៅ​អាច​ពន្លឿន​ដល់​ការ​ខ្វះ​ខាត​ម៉ាស់​ពិសេស​សម្រាប់​ក្រុម​មនុស្ស​ដែល​ត្រូវ​ការ​ម៉ាស់​ទាំង​នេះ​ជា​ខ្លាំង។​ នៅ​ក្នុង​កន្លែង​ខ្លះ​ការ​ខ្វះខាត​ទាំង​នេះ​បាន​ដាក់​ក្រុម​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​ឱ្យ​ឋិត​នៅ​ក្នុង​គ្រោះថ្នាក់​ពិត​ប្រាកដ»។​

លោក​ Tedros ​និយាយ​ថា​ ម៉ាស់​ត្រូវ​តែ​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​អន្តរាគមន៍​ទូលំ​ទូលាយ។​លោក​ថ្លែង​ថាម៉ាស់​តែ​មួយ​មុខ​មិន​អាច​បញ្ឈប់​ការ​រាតត្បាត​ជា​សាកល​បាន​ទេ។​ គ្មាន​ដំណោះ​ស្រាយ​ងាយ​ស្រួល​សម្រាប់​វិបត្តិ​នេះ​ទេ។​ លោក​និយាយ​ថា​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ ប្រទេស​ទាំង​អស់​ត្រូវតែ​បន្ត​ស្វែងរក​អ្នក​ជំងឺ​ទាំង​អស់​ដើម្បី​ ធ្វើ​តេស្ត​លើ​ពួក​គេ ​ដាក់​ពួក​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ឱ្យ​នៅ​ដាច់​ពី​គេ​និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់​និង​តាម​ដាន​រក​ជន​ទាំង​អស់​ដែល​មាន​ការ​ទាក់ទង​នឹង​អ្នក​ជំងឺ​ទៀត​ផង៕

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG