ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​ថា ការប្រឹងប្រែង​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់


រូបឯកសារ៖ អ្នកបច្ចេកទេស ដើរ​នៅ​រោងចក្រ​បំប្លែង​សារធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្រុង Isfahan ដែល​មាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៧។
រូបឯកសារ៖ អ្នកបច្ចេកទេស ដើរ​នៅ​រោងចក្រ​បំប្លែង​សារធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្រុង Isfahan ដែល​មាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៧។

ការ​ប្រឹង​ប្រែង​ដើម្បី​ស្តារ​កិច្ច​ព្រម​ព្រៀង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់​ ហើយ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ​មាន​ហេតុផល​តិចតួច​ ក្នុងការ​មិន​ចូល​រួម​ចរចារ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហ​រដ្ឋ​អាមេរិក​មួយ​រូប​កាល​ពី​ថ្ងៃ​ចន្ទ ពេល​លោក​លើក​អំពី​លទ្ធភាព​កិច្ចការ​ទូត​បន្ថែម​ទៀត​ ​បើ​កិច្ច​ព្រមព្រៀង​នោះ​ ​មិន​ទាន់​ត្រូវ​បាន​ស្តារ​ឡើង​វិញ។​ នេះ បើតាម​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។​

បេសក​ជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ លោក​ Robert Malley ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កាន់​តែ​បារម្ភ​ខ្លាច​ប្រទេស​អ៊ីរ៉ង់​ នឹង​ព្យាយាម​ពន្យារ​ពេល​មិន​វិល​ត្រឡប់​ទៅ​រក​ការ​ចរចា​ ប៉ុន្តែ​ថា ស.រ.អ.​មាន​វិធាន​ការ​ផ្សេង​ទៀត​ ដើម្បី​រារាំង​ប្រទេស​អ៊ីរ៉ង់​ មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ស.រ.អ.​នឹង​ប្រើ​ប្រាស់​វិធាន​ការ​នេះ​ បើ​ចាំ​បាច់។​

លោក ​Malley ​បាន​និយាយ​ថា ​«យើង​ស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ថា​ តើ​យើង​អាច​ធ្វើ​ឱ្យ ​ផែនការ​សកម្មភាព​ទូលំទូលាយរួមរស់​ឡើង​វិញ​បាន​ ឬ​អត់។​ យើង​បាន​ផ្អាក​ជាច្រើន​ខែ​ ហើយ​ប្រទេស​អ៊ីរ៉ង់​ផ្តល់​ហេតុផល​ផ្លូវការ​តិចតួច​ថា​ ហេតុ​អ្វីបាន​ជាយើង​ស្ថិតក្នុង​ការ​ផ្អាក​នេះ»។​

ខណៈលោក​លើក​ឡើង​ថា ​ច្រក​សម្រាប់​សហ​រដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង ​នឹង​ត្រូវ​បិទ​នៅ​ពេល​ណា​មួយ​នោះ​ ​លោក​Malley ​ក៏​គូស​បញ្ជាក់​ដែរ​ថា ​សហ​រដ្ឋ​អាមេរិក​ នឹង​នៅ​តែ​មាន​ឆន្ទៈ​ផ្នែក​ការទូត​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ បើ​ទោះ​បី​នៅពេល​ស.រ.អ. ​ប្រើ​ជម្រើស​ផ្សេងៗ​រារាំង​អ៊ីរ៉ង់​ មិន​ឲ្យ​ផលិត​អាវុធ​នុយក្លែអ៊ែរ​នោះ។​

លោក​ក៏​បាន​បង្ហើប​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ បើ​ប្រទេស​អ៊ីរ៉ង់​ត្រឡប់​ទៅ​រក​ការ​ចរចា​ ដែល​អ៊ីរ៉ង់​អនុវត្ត​កំហិត​កម្មវិធី​នុយក្លែអ៊ែរ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហ​រដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​អង្គការ​សហ​ប្រជាជាតិ។​

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​អស់​រយៈ​ពេល​ជាង​មួយ​ខែ​ថា ​ខ្លួន​នឹងត្រឡប់​ទៅ​ការ​ចរចា​ដោយ​ប្រយោល​ជាមួយ​សហ​រដ្ឋ​អាមេរិក ​ក្នុង​ពេល​ឆាប់ៗ​នៅ​ទីក្រុង​វីយែន​ស្តីពីការ​បន្ត​អនុលោម​តាម​កិច្ច​ព្រមព្រៀង​នេះ ​ប៉ុន្តែ​មិនទាន់​បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ។​ អ្នក​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក​ Ali Bagheri Kani ​គ្រោងនឹង​ជួប​ប្រជុំ​គ្នា​នៅថ្ងៃពុធ​នៅ​ទីក្រុង​ព្រុចសែល​ជាមួយ​លោក​ Enrique Mora ​នៃ​សហ​ភាព​អឺរ៉ុប ​ដែល​សម្រប​សម្រួល​កិច្ច​ចរចា​រវាង​អ៊ីរ៉ង់ ​និង​ភាគី​ផ្សេងទៀត​នៃ​កិច្ច​ព្រមព្រៀង​នេះ ដែល​រួមមាន​ អង់គ្លេស ​ចិន​បារាំង​អាល្លឺម៉ង់​ រុស្ស៊ី ​និង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG