ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រមាន​ថា កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ប្រឈម​នឹង​ការបរាជ័យ


រូបឯកសារ៖ អ្នកបច្ចេកទេស ដើរ​នៅ​រោងចក្រ​បំប្លែង​សារធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្រុង Isfahan ដែល​មាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៧។
រូបឯកសារ៖ អ្នកបច្ចេកទេស ដើរ​នៅ​រោងចក្រ​បំប្លែង​សារធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្រុង Isfahan ដែល​មាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៧។

កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​វិល​ទៅ​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ​ កំពុង​ប្រឈម​នឹង​ការ​បរាជ័យ ហើយ​ករណី​នេះ​បាន​បង្ខំ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ពិចារណា​លើ​ជម្រើស​មិន​មែន​ការទូត​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​កំពូល​សហរដ្ឋ​អាមេរិក។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​មហា​អំណាច​ធំៗ​ផ្សេង​ទៀត បាន​ស្វះស្វែង​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ តាម​រយៈ​ការ​ចរចា​ដោយ​ប្រយោល​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ ក៏ប៉ុន្តែ ការចរចា​ទាំង​នោះ​បាន​ជាប់គាំង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ក្នុង​អំឡុងពេល​សន្និសីទ​កាសែត​ជាមួយ​សមភាគី​របស់​លោក​មកពី​ប្រទេស​អ៊ីស្រាអែល​និង​អេមីរ៉ាតអារ៉ាប់រួម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ដោយសារ​ពេលវេលា​ចេះតែ​កន្លង​ផុត​ទៅ​និង​ការ​បដិសេធ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ការ​មិន​ចូលរួម​ដោយ​ស្មោះត្រង់ យើង​ជិត​អស់​ពេល​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «យើង​បន្ត​ជឿ​ថា ការទូត​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ការ​ធ្វើ​រឿង​នេះ ប៉ុន្តែ​វា​ត្រូវការ​ការ​ចូលរួម​ពី​ភាគី​ទាំង​សងខាង ហើយ​យើង​មិន​ទាន់​ឃើញ​អ៊ីរ៉ង់​បង្ហាញ​ឆន្ទៈ​នៅ​ឡើយ​ទេ។ យើង​ត្រៀម​ប្រើ​ជម្រើស​ផ្សេង​ទៀត ប្រសិនបើ​អ៊ីរ៉ង់​មិន​ផ្លាស់ប្ដូរ​ដំណើរ​នេះ»។

សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នេះ​កាលពី​ឆ្នាំ ២០១៨ នៅ​ក្រោម​អាណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដើម្បី​ដាក់​កំហិត​លើ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG