ក្នុងអំឡុងពេលបះបោររយៈពេល២ទសវត្សរ៍របស់ខ្លួន ក្រុមតាលីបង់បាននិយាយបង្ខូចអំពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយហៅការបោះឆ្នោតថា មិនស្របតាមអ៊ីស្លាម ហើយបានធ្វើការវាយប្រហារជារឿយៗទៅលើបុគ្គលិករៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថាន និងការជួបជុំ។
ក៏ប៉ុន្តែឥឡូវនេះ អ្នកនាំពាក្យកំពូលរបស់តាលីបង់និយាយថា ក្រុមតាលីបង់មិនបដិសេធការបោះឆ្នោតទេ នៅពេលដែលខ្លួនចាត់វិធានការបង្កើតរដ្ឋាភិបាលអចិន្ត្រៃយ៍ដែលផ្អែកលើច្បាប់អ៊ីស្លាម ឬ Sharia។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA ភាសា Urdu លោក Sahail Shaheen អ្នកនាំពាក្យកំពូលនៃការិយាល័យនយោបាយរបស់ក្រុមតាលីបង់នៅក្នុងទីក្រុងដូហា ប្រទេសកាតា បាននិយាយថា បញ្ហានេះនឹងត្រូវកំណត់ដោយរដ្ឋធម្មនុញ្ញនៅពេលអនាគត។
លោក Shaheen បាននិយាយថា «ការបោះឆ្នោត ឬមិនបោះឆ្នោត ចូររង់ចាំសិន។ យើងមានរដ្ឋធម្មនុញ្ញ នៅពេលអនាគត ដូច្នេះយើងនឹងមានការពិគ្រោះលម្អិតអំពីរឿងនេះក្នុងថ្ងៃអនាគត នៅពេលយើងព្រាងរដ្ឋធម្មនុញ្ញ ដូច្នេះយើងនឹងដឹងនៅពេលនោះ មិនមែននៅពេលឥឡូវនេះទេ»។
អត្ថាធិប្បាយរបស់លោក Shaheen ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរអំពីការអំពាវនាវនៅពេលថ្មីៗនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisis ឲ្យមានការបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីកំណត់អនាគតរបស់ប្រទេសនេះ។ ការរៀបចំការបោះឆ្នោតជាការព្រួយកង្វល់យ៉ាងខ្លាំងសម្រាប់ជនជាតិភាគតិចជាច្រើន និងក្រុមប្រឆាំងក្រុមតាលីបង់នៅក្នុងប្រទេសនោះ។
នៅឯសន្និសីទកាសែតកាលពីថ្ងៃអង្គារក្នុងទីក្រុងកាប៊ុល លោក Amir Khan Mutaqi រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលអន្តរកាលថ្មីរបស់តាលីបង់ បានគេចពីសំណួរអំពីការបោះឆ្នោត ដោយនិយាយថា បរទេសមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថានទេ៕