ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានដែលតែងតាំងដោយរដ្ឋាភិបាលក្រុងកាប៊ុលដែលបានដួលរលំកាលពីខែមុន បានអំពាវនាវកាលពីថ្ងៃអង្គារឲ្យអង្គការសហប្រជាជាតិចាប់ផ្តើមធ្វើការស៊ើប អង្កេតជាបន្ទាន់នូវការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដោយពួកអាជ្ញាធរថ្មីរបស់ក្រុមតាលីបង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសលោក Nasir Ahmad Andisha បានបញ្ជាក់ថា អន្តរជាតិចាំបាច់ពិនិត្យពិច័យការចោទប្រកាន់ទៅលើអំពើហិង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងអំណាចកាលពីថ្ងៃទី១៥ ខែសីហាមក ជាពិសេសទាក់ទងនឹងសិទ្ធិស្ត្រីនិងក្មេងស្រី។
លោក Andisha និយាយទៀតថា «សព្វថ្ងៃនេះ ពិភពលោកមិនអាចនិងមិនគួររក្សាការស្ងប់ ស្ងៀម នៅពេលដែលមនុស្សរាប់លាននាក់ភ័យខ្លាចចំពោះអាយុជីវិតនិងសិទ្ធិមនុស្សរបស់ខ្លួន ហើយវិបត្តិមនុស្សធម៌កំពុងរីកកាន់តែធំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ»។
លោកបានជំរុញឲ្យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ«បញ្ជូនបេសកកម្មស្វែងរកការណ៍ពិតជាបន្ទាន់ដើម្បីស៊ើបអង្កេតនិងប្រមូលចងក្រងការរំលោភសិទ្ធិមនុស្ស» ទាំងនៅក្នុងតំបន់ Panjshir Valley ដែលជាកន្លែងតស៊ូដ៏តូចចុងក្រោយប្រឆាំងនឹងការកាន់កាប់ដ៏ឆាប់រហ័សរបស់ក្រុមតាលីបង់នៅពេលដែលកងទ័ពសហរដ្ឋអាមេរិកដកចេញនោះ។
លោក Andisha ដែលត្រូវបានតែងតាំងដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី Ashraf Ghani នៅតែជាតំណាងរបស់អាហ្វហ្គានីស្ថាននៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវពីព្រោះពួកអាជ្ញាធរថ្មីមិនទាន់បានស្នើធ្វើការផ្លាស់ប្តូរលោកនៅឡើយទេ។
ប្រធានអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Michelle Bachelete និងសហភាពអឺរ៉ុប ក៏បានជំរុញឲ្យក្រុមប្រឹក្សានេះ បង្កើតយន្តការមួយដើម្បីឃ្លាំមើលនិងប្រមូលចង ក្រងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕