ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken នឹង​ប្រឈម​ការដេញដោល​បន្ថែម​ រឿង​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន អំឡុងពេល​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃអង្គារ


សមាជិកនៃគណៈកម្មាធិការកិច្ចការ​បរទេស​នៃ​រដ្ឋសភា មើល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken តាម​អេក្រង់​ក្នុង​អំឡុង​ពេល​លោក ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​តាម​អនឡាញ នៅ​វិមាន​សភា​កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
សមាជិកនៃគណៈកម្មាធិការកិច្ចការ​បរទេស​នៃ​រដ្ឋសភា មើល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken តាម​អេក្រង់​ក្នុង​អំឡុង​ពេល​លោក ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​តាម​អនឡាញ នៅ​វិមាន​សភា​កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក ​លោក ​Anthony Blinken ​ទំនង​ជា​នឹង​ប្រឈម​នឹង​ការ​សួរ​ដេញ​ដោល​មួយ​ជុំ​ទៀត​ពី​សមាជិក​សភា​ ទាក់​ទងនឹង​ការ​ដក​កងទ័ព​អាមេរិក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​មុន​ នៅ​ពេល​ដែល​លោក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា។​

ក្នុងអំឡុង​សវនាការ​រយៈពេល​៥ម៉ោង​តាម​វីដេអូ​អ៊ីនធឺណិត​ជាមួយ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា កាលពី​ថ្ងៃចន្ទ លោក Blinken បាន​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការសម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ក្នុង​ការដក​ខ្លួន​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី​នៅ​ទីនោះ​អស់​រយ:ពេល​២០ឆ្នាំ។​ លោកអត់ធ្មត់​ចំពោះ​ការ​សួរដេញដោល​ និង​ការ​ខឹង​សម្បារ​របស់​សមាជិក​សភា​មួយ​ចំនួន។​

លោក​បាន​ប្រាប់​សវនាការ​ថា ​បើលោក​ប្រធានាធិបតី​ Joe Biden​ សម្រេច​ចិត្ត​បន្ត​សង្គ្រាម​ «វា​នឹង​តម្រូវ​ឲ្យ​បញ្ជូន​កងទ័ព​អាមេរិក​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ទៅប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ការពារ​ខ្លួន​យើង ​និង​កុំឲ្យ​ក្រុម​តាលីបង់​ចូល​កាន់កាប់​ ​និង​មាន​មនុស្ស​ស្លាប់ ​ហើយ​លទ្ធផល​ល្អ​បំផុត ​គឺ​បាន​ត្រឹម​តែ​ស្តារ​ស្ថាន​ការណ៍​ជាប់គាំង ​និងជាប់​ក្នុង​ភ្លើង​សង្គ្រាម​គ្មាន​ទីបញ្ចប់​នៅ​អាហ្វហ្គានីស្ថាន»។

​លោក​បាន​និយាយ​ថា៖​ «គ្មាន​ភស្តុតាង​ដែល​ថា ការ​បន្ត​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នឹង​ធ្វើ​ឲ្យ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន ​ឬរដ្ឋាភិបាល​អាហ្វហ្គានី​ស្ថាន​មាន​ភាព​រឹងមាំ ​ឬ​អាច​ទ្រទ្រង់​ខ្លួន​ឯង​បាន​ទេ។ វត្តមាន​២០​ឆ្នាំ​ ដោយ​មានការ​គាំទ្រ​សម្ភារៈ​ និង​ការ​បណ្តុះ​បណ្តាល​រាប់រយ​ពាន់​លាន​ដុល្លារ​មិន​គ្រប់គ្រាន់​ផងនោះ​ ​ ​តើ​នៅ​មួយ​ឆ្នាំ ឬ​ ៥ឆ្នាំ​ ឬ ​១០​ឆ្នាំ​ទៀត ​អាច​ធ្វើ​ឲ្យ​មាន​ភាព​លទ្ធផល​ផ្សេង​ឬ? ​មិន​អាច​ទេ!»។​

ក្រុម​តាលីបង់​បាន​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពាក់​កណ្តាល​ខែ​សីហា​ ខណៈ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក ​Ashraf Ghani ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ​សហ​រដ្ឋ​អាមេរិក ​បាន​ជម្លៀស​ប្រជាជន​ចំនួន​ ១២៤.០០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន​ និង​ជនជាតិអាមេរិក​ប្រហែល​ ៥.៥០០​នាក់​ពី​អាកាស​យានដ្ឋាន​ក្រុងកាប៊ុល​នៅប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែសីហា​ ដោយ​បន្សល់​ទុក​ជនជាតិ​អាមេរិក​ប្រហែល​១០០​នាក់។​

ពល​រដ្ឋ​អាមេរិក​មួយ​ចំនួន​អាច​ចាកចេញ​ពី​ប្រទេស​នេះបានជា​បន្ត​បន្ទាប់​តាម​ផ្លូវគោក​ ឬ​តាម​យន្តហោះ​មួយ​ចំនួន​តូច​ ដោយ​មាន​ការ​យល់​ព្រម​ពី​ពួក​តាលីបង់។​ ប៉ុន្តែ​លោក​ Blinken ​បាន​និយាយ​ថា​ គិត​ត្រឹម​ចុង​សប្តាហ៍មុន​ ជនជាតិ​អាមេរិក​ប្រហែល ​១០០​នាក់​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ។​

លោក ​Blinken ​បាន​និយាយ​ទៀតថា ​មន្រ្តី​អាមេរិក​ មិន​អាច​ដឹងជា​មុន​ថា​ ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថានដួល​រលំ​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​នោះ​ទេ​ ទោះ​បី​ក្រុម​តាលីបង់​ បាន​វាតទី​ពាសពេញ​ប្រទេស​ក៏​ដោយ។​

សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជាសហ​ការី​របស់​លោក​ Biden​ បាន​រិះគន់​ចំណាត់ការរបស់​លោក​ប្រធានាធិបតី​ក្នុង​ការ​ដក​កង​ទ័ព​ ការ​ជម្លៀស​ពល​រដ្ឋអាមេរិក ​និង​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​រាប់ពាន់នាក់​ដែល​បាន​ធ្វើការ​ឲ្យ​កងទ័ព​អាមេរិកជា​អ្នក​បកប្រែ ​និង​ជាទីប្រឹក្សា​ក្នុង​អំឡុង​ពេល​សង្គ្រាម។​

ប្រធាន​គណៈកម្មាធិការ​សភា​ លោក ​Gregory Meeks ​មកពី​រដ្ឋ​ញូវយ៉ក បាន​និយាយ​ថា៖​ «ការ​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​មិន​ដែល​ងាយ​ស្រួល​នោះ​ទេ»។​

សមាជិក​សភា​លោក ​Michael McCaul ​មក​ពីរដ្ឋ ​Texas ​ដែល​ជាអ្នក​ដឹក​នាំ​ការ​សួរដេញ​ដោល​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​កំណត់​ការ​ដក​ទ័ព​របស់​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​ ជា​គ្រោះ​មហន្តរាយ​ដែល​មិន​អាច​កំណត់​បាន និង​ជា​ទង្វើក្បត់» ​ហើយ​លោក​បាន​កត់​សម្គាល់​ថា ​មន្រ្តី​ជា​ច្រើនក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ ដែល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន ​ធ្លាប់​ជា​ភេរវករ​ដែល​សហ​រដ្ឋអាមេរិក​បាន​ឃុំ​ឃាំង​នៅ​មន្ទីរ​ឃុំឃាំង ​Guantanamo ​នៅ​ក្នុង​ប្រទេស​គុយបា។​

សមាជិក​សភា​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ប្រចាំ​រដ្ឋ ​Ohio ​លោក​ Steve Chabot ​បាន​និយាយ​ថា​ ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ក្លាយ​ជា​«ជម្រក​របស់​ភេរវករ»​ជាថ្មី​ម្តង​ទៀត៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press។

XS
SM
MD
LG