ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​មក​ដល់​រដ្ឋធានី​កាប៊ុល រង់ចាំ​ការ​ផ្ទេរ​អំណាច


កងកម្លាំង​សន្ដិសុខ​អាហ្វហ្កានីស្ថាន​ឈរ​យាម​ល្បាត​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​ទៅ​កាន់​អគារ​រដ្ឋាភិបាល​ និង​អគារ​សំខាន់ៗ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
កងកម្លាំង​សន្ដិសុខ​អាហ្វហ្កានីស្ថាន​ឈរ​យាម​ល្បាត​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​ទៅ​កាន់​អគារ​រដ្ឋាភិបាល​ និង​អគារ​សំខាន់ៗ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ក្រុម​តាលីបង់ (Taliban) បាន​សម្រុក​មក​ដល់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន និង​បាន​និយាយ​ថា ពួកគេ​កំពុង​រង់ចាំ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

ប្រភព​ពី​ក្រុម​តាលីបង់​បាន​ប្រាប់ VOA ថា ក្រុម​តាលីបង់​ព្រម​ទទួល​យក​ការ​លាចេញ​ពី​តំណែង​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។

ប្រភព​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ជាន់​ខ្ពស់​មកពី​ប្រទេស​អាហ្វហ្កានីស្ថាន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រាជធានី​ដូហា​នៃ​ប្រទេស​កាតា ដែល​ជា​កន្លែង​ដែល​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុម​តាលីបង់​នឹង​ធ្វើ​ឡើង។ គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ភ្លាមៗ​ណា​មួយ​ពី​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី Ghani នៅ​ឡើយ​ទេ។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​តាលីបង់​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង Jalalabad ដែល​ជា​ទីរួម​ខេត្ត​របស់​ខេត្ត Nangarhaនិង​ជា​ទីក្រុង​ធំ​ចុង​ក្រោយ​បង្អស់​នៅ​ក្រៅ​រដ្ឋធានី​កាប៊ុល ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។

របាយការណ៍​នានា​បាន​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​ក៏​បាន​ដក​ចេញ​ពី​ស្រុក​នានា​នៃ​ខេត្ត Nangarhar ផងដែរ។ ខេត្ត Nangarhar នេះ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​និង​មាន​ច្រក​ព្រំដែន​ឆ្លងកាត់​ដ៏​សំខាន់​មួយ​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​តាម​តំបន់ Torkhem។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​លោក Zabihullah Mujahid ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ផងដែរ​ថា ក្រុម​យុទ្ធជន​របស់​ខ្លួន​បាន​កាន់កាប់​មូលដ្ឋាន​ទ័ព​អាកាស Bagram និង​ពន្ធនាគារ​នៅ​ទីនោះ ហើយ​បាន​ដោះលែង​អ្នក​ទោស។ អ្នកទោស​មួយ​ចំនួន​ដែល​ជា​សមាជិក​ល្បី​ឈ្មោះ​របស់​ក្រុម​តាលីបង់​ក៏​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​នោះ​នៅឯ​មូលដ្ឋាន​ទ័ព​អាកាស Bagram ផងដែរ។ មូលដ្ឋាន​ទ័ព​អាកាស​នេះ​គឺ​ជា​មូលដ្ឋាន​ដ៏​ចម្បង​សម្រាប់​បេសកកម្ម​យោធា​បរទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

សន្ទុះ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់​បាន​ធ្វើ​ឲ្យ​ទាំង​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​និង​ទាំង​សហគមន៍​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល។

ទោះបីជា​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ចាប់​តាំងពី​ឆ្នាំ ២០២០ មក បន្ទាប់ពី​ក្រុម​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​យុទ្ធនាការ​វាយ​ប្រហារ​ថ្មីៗ​បំផុត​ចុងក្រោយ​នេះ​របស់​ក្រុម​តាលីបង់​លើ​ទីក្រុង​នានា​របស់​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឡើង​លឿន​ហួស​ពី​ការ​រំពឹងទុក។

ការ​រុល​ទៅមុខ​របស់​ក្រុម​តាលីបង់​បាន​ចាប់ផ្តើម​នៅ​ទី​រួមខេត្ត​របស់​ខេត្ត Nimruz កាលពី​ថ្ងៃ​សុក្រ ទី ៦ ខែ​សីហា ហើយ ៩ ថ្ងៃ​ក្រោយ​មក ពួកគេ​បាន​ឡោមព័ទ្ធ​រដ្ឋធានី​កាប៊ុល​ពី​គ្រប់​ទិសទី​ទាំងអស់។

នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ghani បាន​ថ្លែង​ទៅ កាន់​ប្រជា​ជាតិ​ថា លោក​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ​និង​អន្តរជាតិ​អំពី​ស្ថានការណ៍​នេះ ដែល​ជា​ស្ថានការណ៍​ដែល​លោក​ហៅ​ថា «សង្គ្រាម​ចាប់​បង្ខំ»។

លោក Ghani បាន​និយាយ​ថា៖ «ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ អាទិភាព​ចម្បង​របស់​យើង​គឺ​ត្រូវ​ស្រោចស្រង់​សន្តិសុខ​និង​កង​កម្លាំង​ការពារ​របស់​ប្រទេស​អាហ្វហ្កានីស្ថាន»។

ការ​សម្រុក​មក​ដល់​របស់​ក្រុម​តាលីបង់​នៅឯ​គ្រប់​ច្រកល្ហក​ទាំង​អស់​នៃ​រដ្ឋធានី​កាប៊ុល បាន​ធ្វើ​ឲ្យ​ស្ថានទូត​នានា​ប្រញ៉ាប់ប្រញ៉ាល់​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ។

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​កងទ័ព​ចំនួន ១.០០០ នាក់​ទៀត បន្ថែម​ពីលើ​កងទ័ព​ចំនួន ៣.០០០ នាក់ ដែល​ត្រូវ​បាន​បញ្ជា​កាលពី​សប្ដាហ៍​មុន​ឲ្យ​ទៅកាន់​ទីក្រុង​កាប៊ុល ដើម្បី​ជួយ​ជម្លៀស​បុគ្គលិក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន។ គេ​បាន​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​បាន​ដឹក​បុគ្គលិក​ស្ថានទូត​ទៅកាន់​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល។

បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា៖ «យើង​បាន​បញ្ជាក់​ប្រាប់​អ្នក​តំណាង​ក្រុម​តាលីបង់​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា តាម​រយៈ​មេបញ្ជាការ​សឹក​របស់​យើង​ថា សកម្មភាព​ណា​មួយ​ដែល​ពួកគេ​ធ្វើ​ឡើង​ផ្ទាល់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ឬ​បេសកកម្ម​របស់​យើង​មាន​គ្រោះថ្នាក់​នៅ​ទីនោះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លើយតប​បន្ទាន់​ខ្លាំងក្លា​ពី​យោធា​របស់​សហរដ្ឋ​អាមេរិក»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG