ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល នៅ​ពេល​ក្រុម​តាលីបង់​កំពុង​សម្រុក​ចូល


ពលរដ្ឋ​អាហ្វហ្កានីស្ថាន​នាំ​គ្នា​ឈរតម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​រង់ចាំ​ដក​ប្រាក់​ពី​ធនាគារ​មួយ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ភាព​ជ្រួល​ច្របល់​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​តាលីបង់ (Taliban) ត្រៀម​សម្រុក​ចូល​ទៅ​កាន់​ទីក្រុង​នោះ។

អ្នក​យក​ព័ត៌មាន​ផ្នែក​អាហ្វហ្កានីស្ថាន​ម្នាក់​នៃ VOA កំពុង​ស្ថិត​ក្នុង​ការិយាល័យ​លិខិត​ឆ្លងដែន នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​បាន​គេ​ប្រាប់​ថា​ឲ្យ​ចាកចេញ​ទៅ​ផ្ទះ​វិញ​ជា​បន្ទាន់។

ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​កាប៊ុល​មាន​ភាព​កកស្ទះ​រញ៉េរញ៉ៃ នៅ​ពេល​ដែល​មនុស្ស​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ឬ​ទៅ​ជួបជុំ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ។ ប៉ុន្តែ ស្ថានភាព​បាន​ចាប់ផ្ដើម​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច​ម្ដងៗ ទោះបីជា​មាន​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ក៏ដោយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​លោក Abdul Satar Mirzakwal បាន​និយាយ​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​ក្រុម​តាលីបង់។

លោក Abdul Satar Mirzakwal បាន​បញ្ជាក់​ថា រដ្ឋធានី​កាប៊ុល​មិន​មែន​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នោះ​ទេ ហើយ​នឹង​មិន​រង​ការ​វាយ​ប្រហារ​ណា​មួយ​ដែរ។ លោក​បាន​ជំរុញ​ប្រជាពលរដ្ឋ​កុំឲ្យ​ផ្ដោត​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​ឃោសនា​ណា​មួយ។ លោក​បាន​លើកឡើង​ថា ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នឹង​ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។

លោក Matin Bek ទីប្រឹក្សា​កំពូល​មួយ​រូប​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani ក៏​បាន​ជំរុញ​ប្រជាពលរដ្ឋ​តាម​រយៈ​សារ​តាម Twitter កុំ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ផងដែរ។

លោក Matin Bek គឺជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ចរចា ដែល​បាន​ជួប​ចរចា​ជា​បន្តបន្ទាប់​ជាមួយ​នឹង​គណៈប្រតិភូ​តាលីបង់​នៅ​ក្នុង​រដ្ឋធានី​ដូហា ប្រទេស​កាតា។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​បាន​សរសេរ​នៅ​លើ Twitter ថា៖ «ថ្នាក់​ដឹកនាំ​តាលីបង់​ណែនាំ​កង​កម្លាំង​របស់​ខ្លួន​ទាំងអស់​ឲ្យ​យាម​ច្រក​ចេញចូល​នៃ​រដ្ឋធានី​កាប៊ុល មិន​មែន​ឲ្យ​ព្យាយាម​ចូល​ទៅ​ក្នុង​រដ្ឋធានី​នោះ​ទេ»។

គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​នេះ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​បាន​ប្រកាស​ថា ពួកគេ​នឹង​មិន​ចូល​ទៅ​កាន់​រដ្ឋធានី​កាប៊ុល​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ឡើយ និង​ចង់​បាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

ក្រុម​តាលីបង់​បាន​ប្រកាស​លើកលែង​ទោស​ជា​ទូទៅ​ដល់​មនុស្ស​ទាំង​អស់ និង​បាន​និយាយ​ថា​នឹង​មិន​មាន​ការ​សម្លាប់​បែប​សងសឹក​ណា​មួយ​ឡើយ។

ពលរដ្ឋ​ក្នុង​ទីក្រុង​កាប៊ុល​មាន​ប្រតិកម្ម​ចម្រុះ​ចំពោះ​សេចក្ដី​រាយការណ៍​ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​តាលីបង់​មក​ដល់​ទីក្រុង​កាប៊ុល។

លោក Ali Sina ដែល​ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​និង​ជា​ពលរដ្ឋ​មួយ​រូប​នៃ​ទីក្រុង​កាប៊ុល បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ចុះចាញ់​និង​ព្រម​ប្រគល់​រដ្ឋធានី​កាប៊ុល​ឲ្យ​ក្រុម​តាលីបង់​កាន់កាប់។ ខ្ញុំ​គិត​ថា វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ដោយសារតែ​គ្មាន​ការ​វាយ​ប្រយុទ្ធ​គ្នា»។

នៅ​ពេល​ដែល​សួរ​ថា​តើ​គាត់​គិត​ថា​អាច​បន្ត​ជីវភាព​រស់នៅ​ដូច​សព្វថ្ងៃ​នេះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​តាលីបង់​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ លោក Ali Sina ឆ្លើយ​ថា៖ «ខ្ញុំ​គិត​អីចឹង»។

លោក Hamidullah ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ពេញ​ដោយសារ​មូលហេតុ​សន្តិសុខ ហាក់​ដូចជា​មិន​សូវ​មាន​ក្ដី​សង្ឃឹម​ប៉ុន្មាន​ទេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ខ្លាច​ក្រុម​តាលីបង់​គ្រប់គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​ទាំង​មូល។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​យោធា​សហរដ្ឋ​អាមេរិក ហើយ​ប្រសិនបើ​ក្រុម​តាលីបង់​គ្រប់គ្រង​រដ្ឋធានី​កាប៊ុល ពួកគេ​នឹង​ព្យាយាម​សម្លាប់​ខ្ញុំ ប្រសិនបើ​ពួកគេ​ដឹង​អំពី​ប្រវត្តិ​របស់​ខ្ញុំ»។

ឧទ្ធម្ភាគចក្រ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចុះ​ចត​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​កាប៊ុល និង​ត្រូវ​បាន​គេ​បញ្ជាក់​ថា កំពុង​ជម្លៀស​បុគ្គលិក​ចេញ​ពី​ស្ថានទូត​ទៅកាន់​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល។

ទីភ្នាក់ងារ​ព័ត៌មាន The Associated Press បាន​រាយការណ៍​ថា មន្ត្រី​តាលីបង់​ម្នាក់​បាន​បញ្ជាក់​ថា៖ «មិន​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ទ្រព្យសម្បត្តិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​នរណា​ម្នាក់​នោះ​ទេ ហើយ​ជីវិត​របស់​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​នឹង​មិន​ជួប​គ្រោះថ្នាក់​នោះ​ឡើយ»៕

(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង The Associated Press។)

XS
SM
MD
LG