ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ក្រុម​តាលីបង់ «កំពុង​ព្យាយាម​កាត់ផ្ដាច់​រដ្ឋធានី​កាប៊ុល»


យុទ្ធជន​​ម្នាក់​របស់​ក្រុម​តាលីបង់​ឈរ​កាន់​កាំភ្លើង​នៅ​ទីក្រុង Ghazni ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
យុទ្ធជន​​ម្នាក់​របស់​ក្រុម​តាលីបង់​ឈរ​កាន់​កាំភ្លើង​នៅ​ទីក្រុង Ghazni ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ក្រុម​យុទ្ធជន​តាលីបង់ (Taliban) ដែល​អនុវត្ត​វិធីសាស្ត្រ​វាយ​សម្រុក​បន្ទាន់​ភ្លាមៗ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន ហាក់​ទំនងជា​កំពុង​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​កាន់កាប់​រដ្ឋធានី​កាប៊ុល ដោយ​បាន​ជម្រុល​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​នោះ ទោះបីជា​ក្រុម​ដំបូង​នៃ​ទាហាន​សហរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​ដែល​ត្រៀម​បញ្ជូន​ទៅ​កាន់​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​ហើយ​ក៏ដោយ។

ក្រុម​តាលីបង់​បាន​ដណ្ដើម​កាន់កាប់​ក្រុង Asadabad ដែល​ជា​ទីរួម​ខេត្ត Kunar នៅ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្កានីស្ថាន កាលពី​រសៀល​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដោយ​ធ្វើ​ឲ្យ​ចំនួន​ទីរួមខេត្ត​សរុប​ដែល​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ ឡើង​ដល់​ចំនួន ២០។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​តាលីបង់​និង​ពលរដ្ឋ​នៅ​តំបន់​ទាំង​នោះ។

កាលពី​ថ្ងៃ​សុក្រ ក្រុម​តាលីបង់​បាន​អះអាង​ថា​ខ្លួន​ដណ្ដើម​កាន់កាប់​បាន​ទីរួម​ខេត្ត​ធំៗ​ចំនួន ៥ ដែល​ក្នុង​នោះ​មាន​ទាំង​ទីក្រុង Kandahar នៅ​ភាគ​ខាង​ត្បូង និង​ទីក្រុង Herat នៅ​ភាគ​ខាង​លិច ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ២ និង​ទី ៣ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​តាលីបង់​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង Ghazni ដែល​ជា​ទីក្រុង​សំខាន់​មួយ​នៅ​ចន្លោះ​ផ្លូវ​ពី​ទីក្រុង Kandahar ទៅកាន់​រដ្ឋធានី​កាប៊ុល និង​មាន​ចម្ងាយ​ប្រមាណ ១៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រដ្ឋធានី​កាប៊ុល។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ក្ដី​កង្វល់​ថ្មី​ទាក់ទិន​នឹង​ស្ថានការណ៍​សន្តិសុខ​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង​យ៉ាង​លឿន​ដូច្នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​សុក្រ​ថា៖ «អ្នក​អាច​ឃើញ​ហើយ​ថា ពួកគេ [ក្រុម​តាលីបង់] កំពុង​ព្យាយាម​កាត់ផ្ដាច់​រដ្ឋធានី​កាប៊ុល​ពី​ទីក្រុង​ឯ​ទៀត»។

លោក Kirby បាន​បន្ត​ថា ទីក្រុង​កាប៊ុល «ឥឡូវ​នេះ​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានការណ៍​គំរាមកំហែង​ណា​មួយ​ដែល​នឹង​ជិត​កើតឡើង​នោះទេ»។ ប៉ុន្តែ​លោក​បាន​ហៅ​ល្បឿន​នៃ​ការ​រុល​ទៅ​មុខ​របស់​ក្រុម​តាលីបង់​ថា​មាន​លក្ខណៈ «គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ពួកគេ​ចង់​ធ្វើ ប្រសិនបើ​ពួកគេ​អាច​កាត់ផ្ដាច់​ទីក្រុង​កាប៊ុល​ពី​ទីក្រុង​ដទៃ​បាន គឺ​មានតែ​ពួកគេ​តែ​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​អំពី​ចំណុច​នេះ។ វា​មិន​ដូច​ទៅ​នឹង​វិធី​ដែល​ពួកគេ​បាន​អនុវត្ត​នៅ​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នោះ​ទេ។ វិធី​ទាំង​នោះ​គឺ​ថា ពួកគេ​កាត់ផ្ដាច់​ទីរួមខេត្ត​នានា និង​ពេល​ខ្លះ​អាច​បង្ខំ​ឲ្យ​មាន​ការ​ចុះចាញ់​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ច្រើន»។

មន្ត្រី​ខ្លះ​ទៀត​ហាក់​ទទួលស្គាល់​ថា រដ្ឋធានី​កាប៊ុល​អាច​ដួល​រលំ ដោយ​មិនមាន​ការ​ប្រែប្រួល​ធំដំុ​នោះ​ឡើយ។

មន្ត្រី​មួយ​រូប​ដែល​ថ្លែង​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយសារតែ​រឿងរ៉ាវ​ទាំង​នេះ​មាន​លក្ខណៈ​សម្ងាត់ បាន​និយាយ​ថា៖ «ជា​ការពិត​ណាស់ គឺ​វា​មិន​ស្ថិត​ក្នុង​គន្លង​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ»។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា៖ «ផល​ចំណេញ​ដែល​ក្រុម​តាលីបង់​ទទួល​បាន​បាន​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ។ ខ្ញុំ​គិត​ថា ចំណុច​នេះ​ប៉ះពាល់​ដល់​ទឹកចិត្ត​និង​សមត្ថភាព​របស់​កង​កម្លាំង​អាហ្វហ្កានីស្ថាន»។

ប៉ុន្តែ គេ​ឃើញ​មាន​ចម្ងល់​អំពី​ថា​តើ​ក្រុម​តាលីបង់​មាន​ឆន្ទៈ​ប៉ុណ្ណា​នៅ​ក្នុង​ការ​ជម្រុល​ទៅ​កាន់​រដ្ឋធានី​កាប៊ុល​និង​ប្រថុយប្រថាន​នឹង​ការ​ប្រឈម​ជាមួយ​នឹង​ទាហាន​អាមេរិកាំង​មួយ​ចំនួន​ក្នុង​ចំណោម​ទាហាន​អាមេរិកាំង​ប្រហែល ៣.០០០ នាក់ ដែល​មាន​តួនាទី​ផ្ដល់​ការ​ការពារ​សុវត្ថិភាព​របស់​មន្ត្រី​អាមេរិកាំង​និង​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ដែល​នៅ​ក្បែរ​នោះ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ក្រុម​ដំបូង​នៃ​កង​កម្លាំង​សហរដ្ឋ​អាមេរិក ដែល​មកពី​កងវរសេនាតូច​ថ្មើ​ជើង​នៃ​កងទ័ព​ម៉ារីន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កាប៊ុល​កាលពី​ថ្ងៃ​សុក្រ ហើយ​កង​កម្លាំង​បន្ថែម​ទៀត​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ទីក្រុង​កាប៊ុល​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កិច្ចការ​របស់​កង​កម្លាំង​ទាំង​នេះ​គឺ​ជួយ​ជម្លៀស​បុគ្គលិក​មិន​សូវ​ចាំបាច់​នានា​ចេញពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏ដូចជា​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​រាប់​ពាន់​នាក់​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​ពី​សហរដ្ឋ​អាមេរិក​ផងដែរ។ មេបញ្ជាការ​យោធា​មួយ​រូប​ទទួល​បន្ទុក​បេសកកម្ម​នៅ​អាហ្វហ្កានីស្ថាន​រំពឹង​ថា ករណី​នេះ​អាច​ធ្វើ​ឲ្យ​ទាហាន​អាមេរិកាំង​ទាំង​នោះ​ប្រឈម​នឹង​គ្រោះថ្នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Kirby បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ទាហាន​ទាំង​នោះ​នឹង​មាន​សិទ្ធិ​ការពារ​ខ្លួន។ ពួកគេ​នឹង​បំពាក់​ដោយ​អាវុធ»។

លោក Kirby បាន​បន្ថែម​ថា៖ «ការ​វាយ​ប្រហារ​ណា​មួយ​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន នឹង​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លើយតប​ដោយ​កម្លាំង​សមស្រប​បន្ទាន់​ភ្លាមៗ»។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​ប៉ុនប៉ង​ណា​មួយ​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក មិន​ត្រឹមតែ​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ហោះ​ពី​មូលដ្ឋាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតា ឬ​ក៏​ពី​នាវា​ផ្ទុក​យន្តហោះ​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពី​ឧទ្ធម្ភាគចក្រ​ដែល​តាំងពី​នៅ​ឯ​អាកាសយានដ្ឋាន​នោះ​ផងដែរ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ដែល​នៅ​សេសសល់​ផងដែរ គឺ​កង​កម្លាំង​ដែល​នៅ​បន្ត​ផ្ដល់​ការ​ការពារ​សន្តិសុខ​ដល់​ផ្នែក​ភាគ​ច្រើន​នៃ​រដ្ឋធានី​កាប៊ុល និង​ដល់​បរិវេណ​ខាង​ក្រៅ​នៃ​អាកាសយានដ្ឋាន និង​អ្នក​ដែល​នៅ​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន​តាលីបង់​នៅ​តាម​ទីកន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក Kirby បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អាច​មាន​ឱកាស​ដែល​ពួកគេ​អាច «បង្វិល​ស្ថានការណ៍» ប្រឆាំង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់​បាន។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «កង​កម្លាំង​អាហ្វហ្កានីស្ថាន​មាន​សមត្ថភាព​អាច​តបត​ដូច្នេះ​បាន។ យើង​នៅតែ​ជឿជាក់​ថា ពួកគេ​អាច​បង្វិល​ស្ថានការណ៍​ជាក់ស្ដែង​បាន»។

អ្នក​នាំពាក្យ​របស់​ក្រុម​តាលីបង់​លោក Zabihullah Mujahid បាន​ព្រមាន​ថា ក្រុម​តាលីបង់​ប្ដេជ្ញា​វាយ​ប្រហារ​រុល​ទៅ​មុខ​ដើម្បី​ដណ្ដើម​កាន់កាប់​ខេត្ត​ទាំងអស់ ហើយ​លោក​បាន​ជំរុញ​ឲ្យ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​នៅតាម​តំបន់​សេសសល់​នានា​ដែល​ក្រុម​តាលីបង់​មិន​ទាន់​ដណ្ដើម​បានឲ្យ «បញ្ឈប់​ការ​ប្រឆាំង​តបត​ដើម្បី​កុំឲ្យ​ប្រថុយ​ជីវិត»។

ទោះបីជា​មាន​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​បស្ចិម​ប្រទេស​ផ្សេង​ទៀត​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ក៏ដោយ ក៏​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អង្គការ​អូតង់ «នឹង​រក្សា​វត្តមាន​ការទូត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល និង​បន្ត​បត់បែន​តាម​ស្ថានការណ៍​ប្រសិនបើ​ចាំបាច់»។

លោក Stoltenberg បាន​បន្ថែម​ថា៖ «គោលបំណង​របស់​យើង​គឺ​នៅ​ដដែល គឺ​គាំទ្រ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG