អាជ្ញាធរតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអនុញ្ញាតឲ្យយន្តហោះរបស់ប្រទេសកាតាដឹកមនុស្សចេញពីអាកាសយានដ្ឋានក្រុងកាប៊ុលទៅក្រុងដូហា ប្រទេសកាតាដែលជាយន្តហោះទី១ ដឹកជនភៀសខ្លួនចេញ ចាប់តាំងពីសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៣១ ខែសីហា។
លោកស្រី Emily Horne អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្របសម្រួលឱ្យពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធរស់នៅស្របច្បាប់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways។ យើងអាចបញ្ជាក់ថា យន្តហោះនេះ បានចុះចតដោយសុវត្ថិភាពនៅប្រទេសកាតា»។
លោកស្រី Horne បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក នឹងបន្តខិតខំសម្របសម្រួលការធ្វើដំណើររបស់ពលរដ្ឋអាមេរិកាំង និងអ្នកមានសិទ្ធិរស់នៅស្របច្បាប់ និងពលរដ្ឋអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យយើង បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន»។
ទីភ្នាក់ងារព័ត៌មាន Reuters និង AFP បានរាយការណ៍ថា យន្តហោះនេះ បានដឹកអ្នកដំណើរ១១៣នាក់ ដែលក្នុងនោះ មានពលរដ្ឋអាមេរិកាំង ឬអ្នកមានសិទ្ធិរស់នៅស្របច្បាប់២១នាក់ ពលរដ្ឋកាណាដា៤៣នាក់ និងពលរដ្ឋហូឡង់ ១៣នាក់។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅពេលយន្តហោះចុះចតនៅទីក្រុងដូហា ពួកអ្នកដំណើរ រួមមានកូនក្មេងជាច្រើន បានឡើងរថយន្តក្រុងទៅកន្លែងរង់ចាំជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេ។
លោក Mutlaq bin Majed al-Qahtani បេសកជនពិសេសរបស់ប្រទេសកាតា បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai កាលពីថ្ងៃព្រហស្បតិ៍ថា នេះមិនមែនជាជើងយន្តហោះជម្លៀសទេ ក៏ប៉ុន្តែបានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំង និងពលរដ្ឋលោកខាងលិចនៅលើយន្តហោះនោះ។
បេសកជនប្រទេសកាតានេះ បាននិយាយថា មានយន្តហោះមួយទៀតនៅថ្ងៃសុក្រនេះ ហើយគេគួរតែគិតថា នេះជារឿងធម្មតា៕
អ្នកស្រី Nike Ching នៃវីអូអេ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។