ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​ថា ​​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ចូល​ដែន​ការពារ​អាកាស​របស់​ខ្លួន


យន្តហោះ​ចម្បាំង​ចិន SU-30 ហោះ​ឡើង​នៅ​ក្បែរ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ (AP)

ប្រទេស​ចិន​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​យ៉ាងតិច​៥៦​ គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ច័ន្ទ។​ នេះបើ​តាម​ការ​អះអាង​របស់​តៃវ៉ាន់​ ខណៈ​ដែនដី​នេះ​បាន​ពង្រាយ​ទ័ពអាកាស​រយៈ​ពេល​ ៤ ​ថ្ងៃ​ជាប់ៗ​គ្នា​ដើម្បី​បណ្តេញ​យន្តហោះ​ឈ្លានពាន។​

តៃវ៉ាន់​ដែល​ចិន​អះអាង​ថា​ ជា​របស់​ខ្លួន​នោះ បាន​ប្រឆាំង​នឹង​យន្តហោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាង​មួយ​ឆ្នាំមក​ហើយ។​ ប៉ុន្តែ​ចាប់តាំង​ពីថ្ងៃ​សុក្រ​ នៅពេលប្រទេស​ចិន​ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន​ ​ចិន​បាន​បង្កើន​ការហោះ​ហើរ​ជាញឹកញាប់​នៅភាគ​និរតី​នៃ​តំបន់​ការពារ​ដែន​អាកាស​តៃវ៉ាន់​ជិត​កោះ ​Pratas ​របស់​តៃវ៉ាន់​ដូច​កាលពី​ថ្ងៃ​ច័ន្ទ។​

តៃវ៉ាន់​បាន​និយាយ​ថា​ បេសក​កម្ម​នៅ​ថ្ងៃ​ច័ន្ទ​រួមមាន​យន្តហោះ​ចម្បាំង​ J-16 ​ចំនួន​៣៤គ្រឿង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែកH-6 ​ចំនួន​១២​គ្រឿង​ដែល​មាន​សមត្ថភាព​ដឹក​គ្រាប់​បែក​នុយក្លេអ៊ែរ។ ​នៅ​យប់​ថ្ងៃច័ន្ទ​ អាជ្ញាធរ​ក្រុង​តៃប៉ិ​បាន​រាយ​ការណ៍​ថា​ ពួកគេ​បាន​ឃើញ​យន្តហោះ​ចម្បាំង ​J-16 ​របស់​ចិន​ចំនួន​ ៤​គ្រឿង​ទៀត​នៅ​លើដែន​អាកាស​របស់​ពួកគេ។​

ព័ត៌មាន​នេះ​ត្រូវ​បាន​សេតវិមាន​រិះគន់​យ៉ាងខ្លាំង។ ​លេខា​ព័ត៌មានសេតវិមាន​អ្នកស្រី​ Jen Psaki ​បាន​និយាយ​ថា ​«យើង​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​ការ​គាប​សង្កត់​ផ្នែក​យោធា​ ការទូត​និង​សេដ្ឋកិច្ច​និង​ការ​បង្ខិតបង្ខំ​លើ​កោះតៃវ៉ាន់​ ហើយ​យើង​ចាប់​អារម្មណ៍​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទាំងមូល»។​

អ្នកស្រី​ Psaki ​បាន​និយាយ​ថា​ រដ្ឋបាល​លោក​ Biden ​«និយាយ​ច្បាស់លាស់​ជា​សម្ងាត់​និង​ជា​សាធារណៈ​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង»។​

ប៉ុន្តែ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​វីអូអេ​ អ្នកស្រី​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ Joe Biden ​មិន​បាន​និយាយ​ជាមួយ​សមភាគី​ចិន​របស់​គាត់​ទេ​ នា​ពេល​ថ្មីៗ​នេះ​ ​ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​អ្នកស្រី​ Hua Chunying ​បានឆ្លើយតប​កាលពី​ថ្ងៃ​ច័ន្ទ​ថា​« កោះ​តៃវ៉ាន់​ជា​កម្ម​សិទ្ធិ​របស់​ចិន​ ហើយ​សហរដ្ឋ​អាមេរិក​មិន​មាន​តួនាទី​និយាយ​ដោយ​គ្មាន​ការ​ទទួលខុស​ត្រូវ​ទេ។​ អត្ថាធិប្បាយ​របស់​ភាគី​អាមេរិក​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែមួយ​និង​ការ​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ចិន-អាមេរិក​ចំនួន​បី ​ហើយ​វា​បញ្ជូន​សញ្ញា​ខុស​ឆ្គង​និង​គ្មាន​ការ​ទទួល​ខុសត្រូវ​បំផុត»៕​

(រាយការណ៍ដោយ Ken Bredemeier និង​ Anita Powell​ រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះហើយ​ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters)

XS
SM
MD
LG