ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Bidenថា លោក​និង​លោក Xi Jinping ឯកភាពគ្នា​គោរព​តាម​កិច្ចព្រមព្រៀង​ស្ដីពី​កោះតៃវ៉ាន់


លោក​ប្រធានាធិបតី Joe Biden និយាយ​ជាមួយ​អ្នកយក​ព័ត៌មាន​មុនពេល​លោក​ឡើង​ជិះ​យន្តហោះ Marine One នៅ​លើ​វាលស្មៅ​ខាងត្បូង​នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping អំពី​កោះ​តៃវ៉ាន់ ហើយ​លោក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​គោរព​តាម «កិច្ច​ព្រមព្រៀង​ស្ដីពី​កោះ​តៃវ៉ាន់» ស្រប​ពេល​ភាព​តានតឹង​បាន​កើនឡើង​រវាង​រដ្ឋាភិបាល​តៃវ៉ាន់ ​និង​រដ្ឋាភិបាល​ចិន។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Biden បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​លោក Xi [Jinping] អំពី​រឿង​តៃវ៉ាន់។ យើង​បាន​ឯកភាព​គ្នា​ថា...យើង​នឹង​គោរព​តាម​កិច្ច​ព្រមព្រៀង​ស្ដីពី​កោះ​តៃវ៉ាន់។ យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្ញុំ​គិត​ថា លោក [Xi jinping] មិន​គួរ​ធ្វើអ្វី​ផ្សេង​ក្រៅពី​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ឡើយ»។

លោក Biden ហាក់​ដូចជា​សំដៅ​លើ​គោល​នយោបាយ​ដ៏​យូរ​មក​ហើយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ចិន​ជា​ផ្លូវការ​ជាជាង​រដ្ឋាភិបាល​តៃវ៉ាន់។ លោក​ក៏​ហាក់​ដូចជា​សំដៅ​ផងដែរ​លើ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ជាជាង​ជាមួយ​តៃវ៉ាន់ គឺ​អាស្រ័យ​លើ​ការ​រំពឹងទុក​ដែល​ថា អនាគត​របស់​តៃវ៉ាន់​នឹង​ត្រូវ​កំណត់​តាម​មធ្យោបាយ​សន្តិវិធី។

បើ​ទោះបីជា​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​នេះ​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​តៃវ៉ាន់​នូវ​មធ្យោបាយ​ការពារ​ខ្លួន​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទទួលស្គាល់​តែ​ជំហរ​របស់​ចិន​ដែល​ថា កោះ​តៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ចិន និង​មាន «ចិន​តែ​មួយ» តែ​ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិក​មិន​ប្រកាន់​ជំហរ​ណាមួយ​ចំពោះ​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​នោះ​ឡើយ។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​បញ្ជាក់​ថា ខ្លួន​បាន​សុំ​ការ​បំភ្លឺ​ពី​សហរដ្ឋ​អាមេរិក​ជំុវិញ​ការ​លើកឡើង​របស់​លោក Biden នេះ និង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ធានា​ចំពោះ​ខ្លួន​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះតៃវ៉ាន់​មិន​មាន​ការ​ផ្លាស់ប្តូរ ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់​គឺ​នៅតែ «រឹងមាំ​ដូច​ថ្ម» ហើយ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ជួយ​តៃវ៉ាន់​នៅ​ក្នុង​ការ​ការពារ​ខ្លួន៕

XS
SM
MD
LG