លោកស្រីប្រធានាធិបតី Tsai Ing-wen ដែលត្រូវគេរំពឹងថានឹងឈរឈ្មោះបោះឆ្នោតជាបេក្ខជនប្រធានាធិបតីរបស់គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់អាណត្តិទីពីររបស់លោកស្រីពីសបា្តហ៍នេះតទៅ។
លោកស្រី Tsai នឹងមិនចរចាជាមួយក្រុមមន្រ្តីនៅក្នុងទីក្រុងប៉េកាំងទេ រហូតទាល់តែរដ្ឋាភិបាលកុម្មុយនិស្តនេះទម្លាក់ចោលការទាមទាររបស់ខ្លួន ដែលចង់ឲ្យលោកស្រី Tsai ប្រកាសទទួលស្គាល់កោះតៃវ៉ាន់ថា ជាផ្នែកមួយរបស់ប្រទេសចិន។
លោកស្រី Tsai វ័យ៦២ឆ្នាំ ដែលបានជាប់ឆ្នោតលើកទីមួយកាលពីឆ្នាំ២០១៦ ត្រូវបានរំពឹងថា នឹងឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីពីរ ខាងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬ Democratic Progressive Party ប្រជែងជាមួយនឹងបេក្ខជនមកពីខាងគណបក្សជាតិនិយម ឬ Nationalist Party ដែលជាគណបក្សប្រឆាំងមានទំនោរទៅខាងរដ្ឋាភិបាលក្រុងប៉េកាំង។ បេក្ខជនឈរឈ្មោះឆ្នោតនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោតនៅក្នុងខែមករា ឆ្នាំក្រោយ។
ប្រទេសចិនបានទាមទារឲ្យដាក់កោះតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួនចាប់តាំងពីសម័យសង្រ្គាមស៊ីវិលចិន កាលពីទសវត្សរ៍១៩៤០មកម៉្លេះ។ ប្រទេសចិនបានទទូចឲ្យដែនដីទាំងពីរបង្រួបបង្រួមគ្នា។ កោះតៃវ៉ាន់បានក្លាយជាដែនកោះប្រជាធិបតេយ្យ នៅក្នុងទសវត្សរ៍ ១៩៨០ ហើយតាមរយៈការស្ទង់មតិមួយ កាលពីខែមករា បង្ហាញថា ប្រជាពលរដ្ឋតៃវ៉ាន់៨០ភាគរយប្រឆាំងទៅនឹងការបង្រួបបង្រួមជាមួយនឹងទីក្រុងប៉េកាំង។
ក៏ប៉ុន្តែ អ្នកបោះឆ្នោតភាគច្រើនក៏ចង់ឲ្យតៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយនឹងប្រទេសចិនដែរ។ គណបក្សរបស់លោកស្រី Tsai តែងតែរក្សាជំហរប្រឆាំងនឹងចិន និងមិនដែលយល់ព្រមចរចាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងឡើយ ខណៈគណបក្សជាតិនិយមមានប្រវត្តិសន្ទនាជាមួយនឹងចិន ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ៕