លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយឲ្យបានត្រឹមត្រូវបញ្ហានានាដែលទាក់ទិននឹងកោះតៃវ៉ាន់ហើយ«កុំលេងជាមួយភ្លើង»។
នៅដើមសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមដល់កិច្ចព្រមព្រៀងមួយដើម្បីលក់រថក្រោះ កាំជ្រួចមីស៊ីលនិងឧបករណ៍យោធាផ្សេងៗទៀតដែលមានតម្លៃ២ពាន់២រយលានដុល្លារឲ្យកោះតៃវ៉ាន់។
ការលក់អាវុធដ៏ធំនេះ បានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បារ។ ចិន បានអំពាវនាវដល់ស ហរដ្ឋអាមេរិកឲ្យលុបចោលកិច្ចព្រមព្រៀងនោះ ដោយនិយាយថា កិច្ចព្រមព្រៀងនោះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ចិនតែមួយនិងជ្រៀតជ្រែកយ៉ាងខ្លាំងដល់កិច្ចការផ្ទៃក្នុងរបស់ចិនហើយនឹងធ្វើឲ្យអន្តរាយអធិបតេយ្យភាពនិងផលប្រយោជន៍ខាងសន្តិសុខរបស់ចិន។
ចិន បាននិយាយទៀតថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាមេរិកណាដែលទាក់ទិននៅក្នុងការលក់អាវុធនោះ ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើកិច្ចសន្យាការពារប្រទេសសហរដ្ឋអាមេរិក បានត្រូវគេហាមឃាត់មិនឲ្យលក់អាវុធទៅឲ្យចិនចាប់តាំងពីការសម្លាប់រង្គាលនៅទីលានទានអានណេនក្នុងទីក្រុងប៉េកាំងឆ្នាំ១៩៨៩មក។
សហរដ្ឋអាមេរិក បាននិយាយថា ការលក់អាវុធរបស់ខ្លួនទៅឲ្យកោះតៃវ៉ាន់មានគោលបំណងធ្វើឲ្យ«ប្រសើរឡើងនូវសន្តិភាពនិងស្ថិរភាព»នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយនោះទេ។
ច្បាប់តម្រូវឲ្យសហរដ្ឋអាមេរិកជួយកោះតៃវ៉ាន់ក្នុងវិស័យការពារប្រទេសរបស់ខ្លួនហើយជារឿយៗលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដែលបានធ្វើឲ្យមានការតវ៉ាប្រឆាំងជាប្រចាំមកពីចិនកុម្មុយនិស្ត៕