ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្តី​បារម្ភ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងគ្រប​ដណ្តប់លើសន្និសីទ​កំពូល​នៃ​សមាគម​អាស៊ាន


មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ចាប់​ដៃ​គ្នា​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​២៦​ នៅ​ទីក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី​ កាលពីថ្ងៃចន្ទ​ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។

ក្រុម​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេសចិន​ក្នុង​ការ​ស្ថាបនា​កោះនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គំរាមកំហែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិភាព​ សន្តិសុខ ​និងស្ថិរភាពតំបន់នោះ។

សេចក្តី​ថ្លែងការណ៍​មួយ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ទីបញ្ចប់​នៃ​សន្និសីទ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគមអាស៊ាន​ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ កត់​សម្គាល់​ពី​«កង្វល់​យ៉ាង​ខ្លាំង»​អំពី​ការ​ចាក់​ដី​បង្កើត​ជា​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​អំពាវនាវ​ឲ្យ​មាន​«ការ​ទប់ចិត្ត​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា»។

លោក​ Hong Lei ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ការពារ​សកម្មភាព​របស់​ប្រទេស​លោក​ដោយ​លោកថ្លែង​ថា ការងារ​កសាង​របស់​ចិន​បាន​ធ្វើ​ទ្បើង​នៅក្នុង​រង្វង់​អធិបតេយ្យភាព​ទឹក​ដី​នៃ​ប្រទេស​ចិន។

លោក Hong Lei​ បានមាន​ប្រសាសន៍​ថា៖ «ការ​ងារ​កសាង​ដោយ​ប្រទេស​ចិន​នៅ​លើ​កោះ​និង​កន្លែង​មាន​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងឋិត​នៅ​ខាងក្នុង​ដែន​អធិបតេយ្យភាព​នៃ​ប្រទេស​ចិន។ ​ការងារ​ស្ថាបនា​នេះ​មានភាព​យុត្តិធម៌ សម​ហេតុផល​និង​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​វា​គ្មា​នផល​ប៉ះពាល់​ដល់​ប្រទេ​ស​ណា​មួយ​ទេ»។

លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak ​បាន​បើក​ការ​ប្រជុំ​សន្និសីទ​នេះ​កាល​ពីថ្ងៃ​ច័ន្ទ​ ដោយ​លោក​បាន​សុំ​ដល់​ក្រុម​មេដឹកនាំ​៩នាក់​ទៀត​នៃ​សមាគមអាស៊ាន​ ឲ្យ​ដោះស្រាយ​ជម្លោះ​ទឹកដី​ជាមួយ​ប្រទេស​ចិន​ដោយ​សន្តិវិធី​ដោយ​មិន​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់។

ប្រទេស​ចិន​បាន​ចាក់​ដី​បង្កើត​ជា​កោះ​នៅ​លើ​តំបន់​មាន​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ហើយ​កំពុង​កសាង​វាល​យន្តហោះ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​ប្រជុំ​កោះ ​Spratly ​ដែល​ប្រទេស​ហ្វីលីភីន​ វៀតណាម​ ម៉ាឡេស៊ី, ព្រុយណេ និង​កោះ​តៃ​វ៉ាន់​បាន​ទាមទារ​ថា​ជា​របស់​ផង​ខ្លួន​ដែរ​នោះ។ តំបន់​នោះ​សំបូរ​ទៅ​ដោយ​ប្រភព​ធនធាន​ធម្មជាតិ​ហើយ​ជា​ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រ​សំខាន់​មួយដែរ៕

XS
SM
MD
LG