ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ដែល​ការ​ច្នៃ​ប្រឌិត​យឺត​យ៉ាវ​កោះ​តៃវ៉ាន់​នឹង​កែប្រែ​កម្មវិធី​ប្រឡង​ចូល​សាកល​វិទ្យាល័យ


រូបថតឯកសារ៖ សិស្សបឋមសិក្សា​ត្រូវ​បាន​គេ​ឃើញ​ថា​កំពុង​សិក្សា​ក្នុង​ថ្នាក់​រៀន​ដែល​តូច​ចង្អៀត​ក្នុង​ក្តី​ស្រម៉ៃ​ថា​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឡង​ចូល​​វិទ្យាល័យ កាលពីថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១០។
រូបថតឯកសារ៖ សិស្សបឋមសិក្សា​ត្រូវ​បាន​គេ​ឃើញ​ថា​កំពុង​សិក្សា​ក្នុង​ថ្នាក់​រៀន​ដែល​តូច​ចង្អៀត​ក្នុង​ក្តី​ស្រម៉ៃ​ថា​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឡង​ចូល​​វិទ្យាល័យ កាលពីថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១០។

ការប្រឡង​ចូល​រៀន​ថ្នាក់​សាកល​វិទ្យាល័យ​ប្រចាំ​ឆ្នាំ​របស់​កោះ​តៃវ៉ាន់​ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​សប្តាហ៍​នេះ នៅ​ពេល​ដែល​សិស្ស​រាប់​ពាន់​នាក់​ខិតខំ​រៀន​ត្រៀម​ឆ្លើយ​សំណួរ​ផ្នែក​គណិត​វិទ្យា និង​ភាសា​អង់គ្លេស ដើម្បី​ចូល​រៀន​សាកល​វិទ្យាល័យ​ល្បីៗ។ ប៉ុន្តែ នេះ​គឺជា​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ការ​ប្រឡង​ដោយ​ផ្អែក​លើ​ការទន្ទេញ​រត់មាត់​នៃ​មេរៀន​សម្រាប់​ថ្នាក់​វិទ្យាល័យ ពីព្រោះ​មន្ត្រី​តៃវ៉ាន់​បារម្ភ​ថា ការប្រឡង​បែប​នេះ​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​សិស្ស​តៃវ៉ាន់​ទេ។ វីអូអេ បាន​និយាយ​ជាមួយ​នឹងអនុ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​អប់រំ​របស់​តៃវ៉ាន់​អំពី​គម្រោង​ទៅ​ថ្ងៃ​ខាង​មុខ។

មន្រ្តី​កោះ​តៃវ៉ាន់​ជឿ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​កំពុងតែ​មិន​ឋិតឋេរ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន ដូច​ជា​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង ដោយសារ​តែ​យុវជន​របស់​ខ្លួន​តែងតែ​គេច​វេស​ពី​ការប្រថុយ​ប្រថាន​បង្កើត​ក្រុមហ៊ុន ឬ បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​បែប​ទំនើបៗ។

ដើម្បី​ធ្វើ​ឲ្យ​លទ្ធភាព​ទទួល​បាន​ការច្នៃ​ប្រឌិត​ក្នុង​ប្រទេស​កាន់​តែ​ប្រសើរ​ឡើង ក្រសួង​អប់រំ​នឹង​ណែនាំ​ដំណើរ​ការ​ថ្មី​មួយ​សម្រាប់​ការ​ជ្រើស​រើស​និស្សិត​សាកល​វិទ្យាល័យ​ ដើម្បី​ជួយ​ឲ្យ​សាកល​វិទ្យាល័យ​ល្បីៗ​អាច​ទទួល​បាន​និស្សិត​ដែល​មាន​ជំនាញ​ខាង​ជំនួញ​កាន់​តែ​ច្រើន​ឡើង។ ប្រព័ន្ធ​ថ្មី​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ឆ្នាំ​២០១៨ រួម​មាន​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​សិស្ស​វិទ្យាល័យ ដើម្បី​ឲ្យ​ពួក​គេ​បង្ហាញ​ថា ពួក​គេ​មាន​ចេះ​ដឹង​ច្រើន​ក្រៅ​ពី​ការ​រៀន​ក្នុង​ថ្នាក់​រៀន ដោយ​មិន​ផ្អែក​លើ​ការ​បង្រៀន​តាម​បែប​ទន្ទេញ​រត់​មាត់។

លោក​ស្រី Ma Hsiang-ping អនុ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ផ្នែក​អប់​រំ​កម្រិត​ឧត្តម​សិក្សា និយាយ​ថា ប្រព័ន្ធ​ប្រឡង​លក្ខណៈ​ចម្រុះ​ថ្មី​មួយ នឹង​ជ្រើស​យក​សិស្ស​ដែល​ចាប់​អារម្ម​ណ៍​លើ​ការ​ធ្វើ​ជំនួញ និង​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី។

លោក​ស្រី និយាយ​ថា ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា និង​ប្រទេស​ផ្សេង​ៗ​ទៀត​កំពុង​បង្កើត​បច្ចេក​វិទ្យា​ថ្មី នោះ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​របស់​យើង​នឹង​ធ្លាក់​ចុះ។ លោក​ស្រី​បាន​និយាយ ក្រសួង​អប់រំ​សង្ឃឹម​ថា ការអប់រំ​របស់​រដ្ឋាភិបាល​រយៈពេល​១២​ឆ្នាំ នឹង​មិន​ផ្តោត​តែ​លើ​ការ​ប្រឡង​ប៉ុណ្ណោះ​ទេ ហើយ​នៅ​ពេល​អនាគត យើង​នឹង​ឃើញ​ថា សិស្ស​មិន​ត្រឹម​តែ​ចេះ​ទន្ទេញ​រត់​មាត់​ទេ តែ​ពួក​គេ​ត្រូវ​តែ​មាន​ទេព​កោសល្យ​ផ្សេង​ទៀត។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា វិញ្ញាសារ​សរសេរ​គួរ​តែ​ត្រូវ​ប្រើ ដើម្បី​ដឹង​ថា​សិស្ស​មាន​ចំណេះ​ដឹង​មូល​ដ្ឋានគ្រប់​គ្រាន់។

ក្រសួង​អប់​រំ​គ្រោង​នឹង​ជំនួស​ការ​ប្រឡង​សរសេរ​ស្តង់​ដា​សព្វ​ថ្ងៃ​នេះ នៅ​ចន្លោះ​ឆ្នាំ​២០១៨ និង​២០២១។ ការ​ធ្វើ​ដូច្នេះ​អាច​នឹង​ធ្វើ​ឲ្យ​កោះ​តៃ​វ៉ាន់ខុស​ពី​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​បូព៌ា ដែល​ប្រព័ន្ធ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ​នៅ​ក្នុង​តំបន់​នេះ​នៅ​តែ​អនុវត្ត​ការ​ប្រឡង​ដោយផ្អែក​តាម​ការ​ទន្ទេញ​រត់​មាត់។ លោក​ស្រី Ma និយាយ​ថា កោះ​តៃវ៉ាន់ នឹង​ផ្លាស់​ប្តូរ​ទៅ​អនុវត្ត​គម្រោង​ប្រឡង​តាម​បែប​លោក​ខាង​លិច ដែល​ឲ្យ​តម្លៃ​លើ​កិច្ច​ការ​ក្រៅ​កម្ម​វិធី​សិក្សា ដូច​ជា​ការ​បោះ​ពុម្ព​អត្ថបទ​ជា​ដើម។ ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ច្នៃ​ប្រឌិត​ចាប់​ពី​ពេលនេះ​ទៅ ក្រសួង​អប់រំ​របស់​តៃវ៉ាន់ នឹង​ស្ថាបនា​កម្ម​វិធី​សិក្សា​ជា​ថ្មី។

យុវតី Chang Wei-chun ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ Ming Chuan នៅទី​ក្រុង​តៃប៉ិ និយាយ​ថា កំណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​របស់​តៃ​វ៉ាន់ គួរ​តែ​អនុវត្ត​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា។

យុវតី​ Chang និយាយ​ថា ប្រសិន​ជា​ក្រុម​មន្ត្រី​មាន​គម្រោង​ធ្វើ​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​កាន់​តែ​ប្រសើរ​ឡើង​នោះ ពួក​គេ​គួរ​តែ​លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត​នៅ​ថ្នាក់​រៀន​នៅ​សាកល​វិទ្យាល័យ​ដែរ។ Chang អះអាង​ថា បើ​មិន​ធ្វើ​ដូច្នោះ​ទេ សិស្ស​ជា​ច្រើន​នឹង​មិន​ហ៊ាន​ធ្វើ​ការ​ងារ​ទាក់​ទង​នឹង​ជំនួញ​ទេ ពី​ព្រោះ​ប្រព័ន្ធ​អប់រំ​សព្វ​ថ្ងៃ​នេះ​មិន​សូវ​ជា​ផ្តល់​បទ​ពិសោធន៍​គ្រប់​គ្រាន់​ប៉ុន្មាន​ទេ។

កោះ​តៃ​វ៉ាន់ ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក ហើយ​បាន​ជាប់​លំដាប់​ថ្នាក់​លេខ​១៤ ក្នុង​តារាងប្រចាំ​ឆ្នាំ​ស្តី​ពី​ការ​ប្រកួត​ប្រជែង​សាកល​លោក​របស់ IMD នៃ​សាលា​ពាណិជ្ជកម្ម​របស់​ស្វីស​កាល​ពី​ឆ្នាំ​មុន​នេះ ប៉ុន្តែ នៅ​ដើរ​ក្រោយ​ហុងកុង ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី។

លោកស្រី អនុ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​តៃ​វ៉ាន់ និយាយ​ថា វប្បធម៌​ប្រពៃ​ណី​ចិន​តៃវ៉ាន់ ដែល​សាប​ព្រួសតាម​រយៈ​ឪពុក​ម្តាយ​របស់​សិស្ស​និស្សិត ក៏​ជា​កត្តា​រារាំង​មិន​ឲ្យ​យុវជន​ហ៊ាន​សាក​ល្បង​ធ្វើ​កិច្ច​ការ​ថ្មីៗ​ដែរ។ ប៉ុន្តែ លោក​ស្រី បន្ថែម​ទៀត​ថា កម្ម​វិធី​សិក្សា​សព្វ​ថ្ងៃ​នៅ​តាម​ថ្នាក់​សាកល​វិទ្យាល័យរបស់​តៃវ៉ាន់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​នោះ មាន​និស្សិត​ចុះ​ឈ្មោះ​រៀន​ពេញ​អស់​ហើយ។ ជា​រៀង​រាល់​ឆ្នាំ និស្សិត​ប្រមាណ​៣សែន​នាក់ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ​តៃវ៉ាន់។

លោកស្រី មាន​ប្រសាសន៍​ថា ឪពុក​ម្តាយ​ដែល​មាន​ផ្នត់​គំនិត​បុរាណ​នៅ​តៃវ៉ាន់ យល់​ថា យុវជន​គួរ​តែ​មាន​ការងារ​ឋិត​ឋេរ​មួយ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​បុរាណ​នេះ។ ប៉ុន្តែ សិស្ស​ជា​ច្រើន​ និយាយ​ថា ពួក​គេ​ចង់​ចេញ​ទៅ​ក្រៅ ហើយ​ធ្វើ​អ្វី​ផ្សេង​ពី​នេះ ដូច​ជា​ច្នៃ​ប្រឌិត​ថ្មី ឬ​បង្កើត​មុខ​ជំនួញ​អ្វី​មួយ​ជា​ដើម។

លទ្ធផល​នៃ​ការ​ប្រឡង​ចូល​សាកល​វិទ្យាល័យ​ឆ្នាំ​នេះ នឹង​កំណត់​ពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​របស់​សិស្ស​ចំនួន​១៤ម៉ឺន ៦ពាន់​នាក់ ដែល​ភាគ​ច្រើន​ពួក​គេ​ចង់​ចូល​រៀន​សាកល​វិទ្យាល័យ​ល្បីៗ​ចំនួន​១៥០​របស់​តៃ​វ៉ាន់៕

ប្រែ​សម្រួល​ដោយ​ ទែន សុខស្រីនិត

XS
SM
MD
LG