ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ត្រៀម​ខ្លួន​សម្រាប់​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ជាមួយ​ចិន


ឧបករណ៍​ស្ទួច​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​ការដ្ឋាន​សាងសង់​មួយ​នៅ​ក្នុង​ក្រុង​តៃប៉ិ។

ប្រទេស​ចិន​ឥឡូវ​នេះ​មាន​ឱកាស​ក្នុង​ការ​ពិចារណា​លើ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​សហការ​សេដ្ឋកិច្ច​រយៈពេល​១០ឆ្នាំ​របស់​ខ្លួន​ជាមួយ​នឹង​តៃវ៉ាន់ ដែល​នេះ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​មិន​ធ្លាប់​មាន​រវាង​ភាគីទាំង​ពីរ​ដែល​ជា​គូប្រជែង​នឹង​គ្នា។ សារព័ត៌មាន​ចិន​បាន​បង្ហើប​ពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ។

កិច្ចព្រមព្រៀង​នេះ​កាត់​បន្ថយ​ពន្ធគយ​ទៅ​លើ​ទំនិញ​ប្រមាណ​៨០០មុខ​សម្រាប់​ភាគី​ទាំង​សង​ខាង ហើយ​អាច​នឹង​មាន​ទំនិញ​ច្រើន​ទៀត​ដែល​ត្រូវ​រួច​ពន្ធគយ។ កិច្ចព្រមព្រៀង​នេះ​បង្កប់​នូវ​ការ​កសាង​ទំនុក​ចិត្ត​រយៈពេល​ពីរ​ឆ្នាំ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដែល​មិន​សូវ​ចុះ​សម្រុង​គ្នា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ អ្នក​វិភាគ​និយាយ​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ឥឡូវ​នេះ​ទំនុក​ចិត្ត​នេះ​បាន​រលាយ​សាបសូន្យ​បាត់​ទៅ​ហើយ។ អ្នក​នាំ​ចេញ​តៃវ៉ាន់​បាន​ព្យាយាម​ពឹង​ផ្អែក​កាន់​តែ​តិច​ទៅៗ​លើ​ទីផ្សារ​ចិន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ «អស់​សុពលភាព» នៅ​ឆ្នាំ​នេះ។

ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​បំផុត​នៃ​កិច្ចព្រមព្រៀង​ចិន-តៃវ៉ាន់ ដែល​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​តៃវ៉ាន់ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​ទឹកប្រាក់​១៤៩ពាន់​ពាន់​លាន​ជាមួយ​នឹង​ប្រទេស​ចិន និង​បាន​កាត់​ផ្តាច់​នូវ​ចំណង​តិចតួច​ដែល​នៅ​សេសសល់​ក្រៅ​ពី​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ។

លោក Huang Kwei-bo ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃសាកលវិទ្យាល័យ​ជាតិ Chengchi នៅ​ក្នុង​ក្រុង​តៃប៉ិ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «វា​ពិបាក​នឹង​ស្រមៃ​ណាស់​ថា ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​សហការ​សេដ្ឋកិច្ច​នឹង​ត្រូវ​លុប​ចោល ប៉ុន្តែ​នេះក៏ដោយសារ​តែ​ទំនាក់ទំនង​ចិន-តៃវ៉ាន់​មិន​ល្អ​នឹងគ្នា​នៅ​ពេល​នេះ ហើយ​ក៏មិន​មាន​មូលដ្ឋាន​នយោបាយ​ចាស់ៗ​ផ្សេង​ទៀត​សម្រាប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​សហការ​សេដ្ឋកិច្ច​នេះដែរ»។

លោក Huang បាន​បន្ថែម​ទៀត​ថា «ដូច្នេះ ប្រសិនបើ​បញ្ហា​នេះ​ក្លាយ​ជា​ការ​ពិត​មែន​នោះ​ សម្រាប់​សង្គម​តៃវ៉ាន់ វា​ច្បាស់​ជា​នឹង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ»។

កិច្ចព្រមព្រៀង​នេះ​មិន​មាន​កាលបរិច្ឆេទ​បន្ត​ផ្លូវ​ការ​នោះ​ទេ ប៉ុន្តែ​ភាសានៅ​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​បង្ហាញ​ថា ប្រទេស​ហត្ថលេខី​នៅក្នុង​កិច្ចព្រមព្រៀង​នៅ​ទី​ណា​ក៏​ដោយ​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​១០ឆ្នាំ​ដើម្បី​បង្កើត​សហភាព​រួច​ពន្ធ ឬ​តំបន់​ពាណិជ្ជកម្ម​សេរី​នោះ​ទេ។ ការិយាល័យ​ពាណិជ្ជកម្ម​បរទេស​តៃវ៉ាន់​ចាត់​ទុក​ថា ការចែង​អំពី​រយៈពេល​១០ឆ្នាំ​នេះ​មិនអាច​ចង​កាតព្វកិច្ច​ផ្លូវច្បាប់បាននោះ​ទេ។ ​

ប្រទេស​ចិន និង​តៃវ៉ាន់​បាន​ព្រមព្រៀង​គ្នា​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​សហការ​សេដ្ឋកិច្ច​ថា​ នឹង​កាត់បន្ថយ​របាំង​វិនិយោគ និង​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ទៀត ប៉ុន្តែ​ពួកគេ​មិន​ដែល​អនុវត្ត​សេរីភាវូបនីយកម្ម​បន្ថែម​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​និយាយ​ថា ភាគី​ចិន​ឥឡូវ​នេះ​បង្ហើប​ថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​មក​ដល់​ទី​បញ្ចប់។

បណ្តាញ​ទូរទស្សន៍​ចិន​សាកលោក ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​និយាយ​កាលពី​ខែ​មុន ដោយ​មិន​មាន​ការ​ពន្យល់​ថា «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះនឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​កញ្ញាឆ្នាំ​នេះ»។

ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឱ្យ​មាន​ការ​ជូន​ដំណឹង​១៨០​ថ្ងៃ។

ការ​ចរចា​ណា​មួយ​អាច​នឹង​ពិបាក​ដោយសារ​តែ​ចិន​បាន​បញ្ឈប់​កិច្ចសន្ទនា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ២០១៦ ដោយសារ​តែ​អ្នកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បដិសេធ​មិន​ព្រម​ហៅ​ភាគី​ទាំង​ពីរ​ថា​ជា​ប្រទេស​តែ​មួយ។ មេដឹកនាំ​តៃវ៉ាន់មុនបាន​យល់ព្រម​ហៅ​ភាគី​ទាំង​ពីរ​ថា «ចិន» ដែល​ធ្វើ​ឱ្យ​មាន​កិច្ចពិភាក្សា​ដែល​អាច​បន្ត​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​សហការ​សេដ្ឋកិច្ច។

ប្រទេស​ចិនយល់​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ឆ្នាំ២០១០​នេះ​ជា​វិធី​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​កាន់​តែ​ចូល​ជិត​គ្នា ដែល​មាន​សារៈសំខាន់​ចំពោះ​គោលនយោបាយ​រួបរួម​គ្នា ដោយ​ផ្តល់​ឱ្យ​នូវ​សម្បទាន​ពាណិជ្ជកម្ម។ ប្រទេស​ចិន​បាន​លុបចោល​ពន្ធ​លើ​ការ​នាំ​ចូលទំនិញចំនួយ​៥៣៩មុខ​របស់​តៃវ៉ាន់ ខណៈតៃវ៉ាន់​បាន​កាត់បន្ថយ​ពន្ធគយ​លើ​ទំនិញ​២៦៧មុខ​របស់​ចិន។ វិស័យ​កសិដ្ឋាន នេសាទ ផលិត​យានជំនិះ វាយនភណ្ឌ និងឧស្សាហកម្ម​ម៉ាស៊ីន​ជា​វិស័យ​ទទួល​បាន​ផលប្រយោជន៍​ពីកិច្ចព្រមព្រៀងនេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG