មន្ត្រីតៃវ៉ាន់ដែលប្រចាំការនៅទីក្រុងហុងកុងត្រូវអាជ្ញាធរហុងកុងជូនដំណឹងថាទិដ្ឋាការរបស់ពួកគេនឹងមិនត្រូវបានពន្យារទេ ប្រសិនបើពួកគេមិនចុះហត្ថលេខាលើឯកសារគាំទ្រការទាមទាររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងឲ្យតៃវ៉ាន់ស្ថិតនៅក្នុងគោលនយោបាយ«ចិនតែមួយ»របស់ខ្លួន។ នេះបើតាមប្រភពដែលស្និទ្ធនឹងរឿងនេះប្រាប់ទៅភ្នាក់ងារព័ត៌មាន Reuters។
វិធានការចុងក្រោយនេះកើតមានឡើងក្រោយពីតៃវ៉ាន់បានរិះគន់ច្បាប់សន្តិសុខជាតិថ្មីដែលអាជ្ញាធរចិនដាក់ចំពោះក្រុងហុងកុង ហើយក្រោយពីតៃវ៉ាន់បានបើកការិយាល័យថ្មីមួយនៅទីក្រុងតៃប៉ិក្នុងខែនេះដើម្បីជួយពលរដ្ឋហុងកុងដែលចង់ចាកចេញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។
មន្ត្រីតៃវ៉ាន់ដែលត្រូវពន្យារទិដ្ឋាការទាំងនោះប្រចាំការនៅអ្វីដែលជាក់ស្តែងស្មើនឹងស្ថានកុងស៊ុលតៃវ៉ាន់ក្នុងទីក្រុងហុងកុង។ ប្រភពដដែលនោះបញ្ជាក់ថា ការតម្រូវចុងក្រោយរបស់អាជ្ញាធរហុងកុងនេះមិនដែលធ្លាប់មានពីមុនមកនិងជាឧបសគ្គខាងនយោបាយដែលមិនគួរមានសម្រាប់ទំនាក់ទនងតៃវ៉ាន់-ហុងកុង។
នាយកដ្ឋានអន្តោប្រវេស្តន៍ហុងកុងថា ការតម្រូវនេះស្របច្បាប់ហុងកុង ប៉ុន្តែការិយាល័យកិច្ចការចិនដីគោករបស់តៃវ៉ាន់បានទទូចឲ្យហុងកុងត្រឡប់ទៅរកទំនាក់ទំនងពីមុនរវាងដែនដីទាំងពីរ។
ប្រទេសចិនដីគោកតែងចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងថាជាដែនដីរបស់ខ្លួន ហើយកន្លងមកមិនបានបដិសេធចោលមធ្យោបាយការប្រើកម្លាំងដើម្បីដណ្តើមដែនកោះនេះមកគ្រប់គ្រងវិញទេ៕