ប្រធានាធិបតីស៊ីរី Bashar al-Assad បាននិយាយថា លោកមានការបើកចំហសម្រាប់ឲ្យមានការសន្ទនាគ្នាមួយជាមួយស.រ.អា. ក៏ប៉ុន្តែថា ការសន្ទនាគ្នានេះត្រូវតែ«ផ្អែកលើការគោរពគ្នាទៅវិញទៅមក»។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង CBS លោកAssad បានឆ្លើយតបនឹងការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះដោយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ថា ស.រ.អា.ត្រូវតែនិយាយជាមួយប្រធានាធិបតីស៊ីរីដើម្បីជួយឲ្យមានការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។
លោក Assad បាននិយាយប្រាប់ CBS ថា រហូតមកដល់ពេលនេះ មានតែសេចក្តីថ្លែងការណ៍តែមួយមុខហើយគ្មានអ្វី«ជាក់ស្តែងទេ»អំពីរបៀបដោះស្រាយផ្នែកនយោបាយរបស់ស.រ.អា.ដើម្បីដោះស្រាយវិបត្តិស៊ីរី។ លោកបាននិយាយថា ក៏ប៉ុន្តែជាគោលការណ៍«ការសន្ទានាគ្នាគឺជាអ្វីមួយមានភាពវិជ្ជមានហើយយើងនឹងបើកចំហដល់ការសន្ទនាណាមួយជាមួយនរណាម្នាក់ដោយមានរួមបញ្ចូលទាំងស.រ.អា.ផងដែរ ទាក់ទងនឹងអ្វីក៏ដោយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក»។
មេដឹកនាំស៊ីរីរូបនេះបាននិយាយថា នៅពេលនេះមិនទាន់មានការទាក់ទងដោយផ្ទាល់រវាងរដ្ឋាភិបាលស.រ.អា.និងស៊ីរីទេ។ ប្រទេសទាំងពីរនេះបានផ្អាកទំនាក់ទំនងខាងការទូតកាលពីឆ្នាំទៅមិញ។
ជាយូរមកហើយ រដ្ឋបាលរបស់លោក អូបាម៉ា បានជំរុញឲ្យមានដំណោះស្រាយខាងនយោបាយមួយតាមរយៈកិច្ចចរចាគ្នាអំពីជម្លោះក្នុងប្រទេសស៊ីរីដែលបានបណ្តាលឲ្យមនុស្សជាង២សែន១ម៉ឺននាក់ស្លាប់ នេះបើតាមការប្រាប់ឲ្យដឹងដោយអង្គការ Syrian Observatory for Human Rights៕