ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ចង់​ឲ្យ​មាន​ការ​រួបរួម​គ្នា​បន្ថែម​ទៀត​នៅ​មុន​ការ​ចរចា​សន្តិភាព


រូបឯកសារ៖ មនុស្ស​ម្នាក់​ដើរ​នៅ​ជិត​ផ្ទាំង​តាំងរូប​​លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី ក្នុង​ទីក្រុង​ Aleppo កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។
រូបឯកសារ៖ មនុស្ស​ម្នាក់​ដើរ​នៅ​ជិត​ផ្ទាំង​តាំងរូប​​លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី ក្នុង​ទីក្រុង​ Aleppo កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។

ដោយ​កិច្ច​ពិភាក្សា​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​ជុំ​ថ្មី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីរី​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ដើម្បី​ព្យាយាម​បង្កើត​ចលនា​នាំ​មុខ​បែប​បង្រួបបង្រួម​មួយ។

រី​ឯ​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ជម្លោះ​នេះ ក៏​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ផង​ដែរ។

ចាប់​តាំង​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១១ មក ពួក​ឧទ្ទាម​បាន​បំបែក​ខ្លួន​ជា​ច្រើន​ក្រុម​ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។ ពួក​ឧទ្ទាម​ទាំង​នេះ​បាន​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​បង្រួបបង្រួម​គ្នា​ជា​ក្រុម​តែ​មួយ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​វិបត្តិ​ស៊ីរី​លោក Staffan de Mistura បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​បើក​នៅ​ឯ​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ពុធ​នេះ​ថា ចាំបាច់​ត្រូវតែ​មាន​គណៈប្រតិភូ​ខាង​ក្រុម​ប្រឆាំង​ដែល​មាន​ការ​រួបរួម​គ្នា​ខ្លាំង​មួយ​នៅ​ឯ​ការ​ចរចា​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

កន្លង​មក ការ​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៤ សែន​នាក់ ស្លាប់​បាត់បង់​ជីវិត និង​ជនជាតិ​ស៊ីរី ១៣ លាន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌។

លោក Staffan de Mistura បាន​ព្រមាន​ថា ពេល​វេលា​ជិត​អស់​ហើយ​ក្នុង​ការ​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​គាំទ្រ​ដំណើរការ​នយោបាយ​ច្រើន​ជំហាន​មួយ ដែល​ជា​ដំណើរការ​ដែល​ខ្លួន​បាន​បញ្ជាក់​ថា ត្រូវតែ​ដឹកនាំ​ដោយ​ប្រជាពលរដ្ឋ​ស៊ីរី​ផ្ទាល់ និង​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​ការ​បោះ​ឆ្នោត ក៏​ដូចជា​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ៕

XS
SM
MD
LG