ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​រុស្ស៊ី​ និង​ស៊ីរី​បាន​ជួប​ពិភាក្សា​គ្នា​លើ​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ីរី


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (រូប​ស្តាំ) ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ស៊ីរី Bashar Assad នៅ​ក្នុង​វិមាន Bocharov Ruchei ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (រូប​ស្តាំ) ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ស៊ីរី Bashar Assad នៅ​ក្នុង​វិមាន Bocharov Ruchei ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vlamidir Putin និង​មេដឹកនាំ​ស៊ីរី Bashar al-Assad បាន​ពិភាក្សា​គ្នា​អំពី​សេចក្តី​ត្រូវ​ការ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណោះ​ស្រាយ​ខាង​នយោបាយដល់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​អស់​លោក​បាន​ជួប​ប្រជុំ​គ្នា ដោយ​មិន​បាន​ត្រូវ​ប្រកាស​ជាមុន​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ក្រុង​ Sochi។

ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​កិច្ចចរចា​នៅ​ថ្ងៃ​អង្គារ​នេះ។​ លោក Dmitry Peskov អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា​ ការ​ពិភាក្សា​គ្នា​នេះ​អាច​ជួយ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ដែល​ប្រទេស​រុស្ស៊ី​អាច​សម្រេច​បាន​ជាមួយ​ពួកមន្ត្រី​នៃ​ប្រទេស​តួកគី និង​ប្រទេស​អ៊ីរ៉ង់។​

វិមាន​ក្រឹមឡាំង ​និង​ទីភ្នាក់ងារ​ព័ត៌មាន​ SANA នៃ​ប្រទេស​ស៊ីរី​ក៏​បាន​និយាយ​ដែរ​ថា​លោក Putin បាន​ពណ៌នា​ថា​កិច្ច​ប្រតិបត្តិការ​យោធា​នៅ​ក្នុងប្រទេស​ស៊ីរី​ជិត​ចប់ហើយ ហើយ​លោក​បាន​សរសើរ​លោក Assad អំពី​ការ​ប្រយុទ្ធ​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​ពួក​ភេរវជន។

លោក Assad ដែល​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​រុស្ស៊ី​ថា​បាន​ស្ថិត​នៅ​ក្នុង​ក្រុង Sochi ប្រមាណ​បួនម៉ោង​កាល​ពី​ថ្ងៃ​ចន្ទ បាននិយាយ​ថា​លោកមាន​ជំនឿ​ថា​ស្ថានភាពសង្គ្រាម​អនុញ្ញាត​ឱ្យ​មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​រំពឹង​ថា​នឹង​មាន​ការ​ជឿនលឿន​ខាង​នយោបាយ។

មេដឹកនាំ​ស៊ីរី​រូបនេះ​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ីកាល​ពី​ពីរ​ឆ្នាំមុននេះ​នៅ​ពេល​ដែល​កងកម្លាំង​រុស្ស៊ី​បាន​បើក​ធ្វើកិច្ចប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​ជួយ​លើកកម្លាំង​ក្រុម​យោធា​របស់​លោក៕

XS
SM
MD
LG