ប្រធានាធិបតីប្រទេសស៊ីរីលោក Bashar al-Assad កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃសុក្រនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអារ៉ាប់ ដែលនៅទីនោះ លោកនឹងជួបស្វាគមន៍មេដឹកនាំអារ៉ាប់ជាច្រើននាក់ ដែលតែងតែមិនចង់ជួបលោកអស់ពេលជាច្រើនឆ្នាំមកហើយ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយមួយរបស់សម្ព័ន្ធអារ៉ាប់ ដែលត្រូវបានប្រឆាំងដោយសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងៗទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយត្រូវបានបណ្តេញចេញពីក្រុមសម្ព័ន្ធអារ៉ាប់ដោយរដ្ឋអារ៉ាប់ជាច្រើន បន្ទាប់ពីមានការបង្ក្រាបទៅលើការប្រឆាំងតវ៉ាទៅនឹងការគ្រប់គ្រងអំណាចរបស់លោកក្នុងឆ្នាំ២០១១មក ហើយបន្ទាប់មកក៏មានសង្គ្រាមស៊ីវិលមួយ ដែលបានសម្លាប់មនុស្សប្រមាណ ៣៥០.០០០ នាក់នៅក្នុងប្រទេសស៊ីរីនោះ ការទទួលបញ្ចូលឡើងវិញនូវរដ្ឋាភិបាលរបស់លោក Assad ទៅក្នុងប្លុកសម្ព័ន្ធអារ៉ាប់នោះ គឺជាសញ្ញាមួយនៃការបញ្ចប់ការដាក់ឱ្យនៅឯកោរបស់លោក Assad។
ក្នុងទឹកមុខស្រស់ស្រាយ លោក Assad ត្រូវបានទទួលស្វាគមន៍ដោយអភិបាលរងតំបន់ Mecca គឺព្រះអង្គម្ចាស់ Badr bin Sultan និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit នៅពេលដែលលោកបានមកដល់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាកន្លែងដែលត្រូវរៀបចំកិច្ចប្រជុំកំពូលនេះ។
ដោយអមដំណើរដោយក្រុមមន្ត្រីស៊ីរីជាច្រើននាក់ផងនោះ លោក Assad ត្រូវបានគេនាំចូលទៅកាន់សាលទទួលស្វាគមន៍ ដែលនៅទីនោះលោកបានជួបនិយាយជាមួយព្រះអង្គម្ចាស់ Badr និងលោក Aboul Gheit។ សាលនេះមានដាក់តាំងព្រះឆាយាល័ក្ខដ៏ធំរបស់អតីតព្រះមហាក្សត្រដែលជាស្ថាបនិកប្រទេសអារ៉ាប៊ីសាអូឌីត គឺព្រះមហាក្សត្រ Abdulaziz ព្រះមហាក្សត្របច្ចុប្បន្នគឺព្រះមហាក្សត្រ Salman និងរជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman នៅលើជញ្ជាំងផងដែរ។
លោក Assad ត្រូវគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំអារ៉ាប់ដទៃទៀតផងដែរ។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Vedant Patel បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមិនអាចជឿថា ប្រទេសស៊ីរី អាចត្រូវបានគេបញ្ចូលឡើងវិញទៅក្នុងសម្ព័ន្ធអារ៉ាប់នោះឡើយ»។ លោកបន្ថែមទៀតថា «ការដាក់ទណ្ឌកម្មមិនគួរត្រូវបានលុបចោលនោះទេ»។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកនៃគណបក្សទាំងពីរ បានតាក់តែងច្បាប់មួយកាលពីសប្តាហ៍មុន ក្នុងគោលបំណងរារាំងសហរដ្ឋអាមេរិក មិនឱ្យទទួលស្គាល់លោក Assad ថាជាប្រធានាធិបតីរបស់ប្រទេសស៊ីរី ហើយជំរុញរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនឱ្យដាក់ទណ្ឌកម្មទៅលើរូបលោកផងដែរ៕