នៅថ្ងៃពុធនេះ រដ្ឋាភិបាលស៊ីរីបានបដិសេធថាខ្លួនមិនបានចាប់ពង្រត់ឬក៏ឃុំឃាំងអ្នកកាសែតអាមេរិកលោក Austin Tice ដែលបានបាត់ខ្លួនកាលពីមួយទសវត្សរ៍មុននោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការបដិសេធនេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទាមទារឱ្យរដ្ឋាភិបាលស៊ីរីដោះលែងលោក Tice។
លោក Tice ដែលធ្លាប់ធ្វើជាទាហានម៉ារីនអាមេរិកផងដែរនោះ ត្រូវបានគេចាប់ពង្រត់កាលពីខែសីហា ឆ្នាំ ២០១២ ដែលនៅពេលនោះលោកមានអាយុ ៣១ ឆ្នាំ នៅពេលដែលលោកកំពុងយកព័ត៌មាននៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី អំពីការបះបោរប្រឆាំងនឹងប្រធានាធិបតីស៊ីរីលោក Bashar al-Assad។
ក្រុមគ្រួសាររបស់លោក Tice ជឿថា លោកនៅរស់និងកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសស៊ីរី។ កន្លងមក គេមិនដឹងអំពីអត្តសញ្ញាណរបស់អ្នកដែលបានចាប់ឃុំលោកនោះទេ ហើយគេក៏មិនទាន់ឃើញមានការអះអាងទទួលខុសត្រូវណាមួយចំពោះការចាប់ពង្រត់នេះដែរ។
ក្រសួងការបរទេសស៊ីរីបានបញ្ជាក់ថា លោក Tice គឺជាទាហានអាមេរិក និងបានបដិសេធថារដ្ឋាភិបាលស៊ីរីមិនបានឃុំខ្លួនលោកឬក៏ពលរដ្ឋអាមេរិកណាម្នាក់នោះទេ។ ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ទាំងនេះគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន»។
កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយអំពីខួប ១០ ឆ្នាំនៃការបាត់ខ្លួនលោក Tice ថា រដ្ឋបាលរបស់លោកបាន «ស្នើរដ្ឋាភិបាលស៊ីរីម្ដងហើយម្ដងទៀតឱ្យធ្វើការជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យលោក Austin [Tice] បានត្រឡប់មកផ្ទះវិញ»។
លោក Biden បានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកដឹង «យ៉ាងច្បាស់» ថា លោក Tice នៅពេលនោះត្រូវបានរដ្ឋាភិបាលស៊ីរីឃុំខ្លួន៕
រដ្ឋធានីអាម៉ាន់ ប្រទេសហ្ស៊កដានី —