ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

គណៈកម្មការ​អ.ស.ប.៖ ស៊ីរី​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​មនុស្សធម៌​និង​សេដ្ឋកិច្ច​ខណៈ​អំពើ​ហិង្សា​កំពុង​កើន​ឡើង


លោក Mahmoud Madarati អាយុ ៥៥ ឈរ​ជិត​កូន​​ប្រុស​របស់​លោក​ដែល​ដៃជើង​ត្រូវ​បាន​​វះ​កាត់​ចេញ​ក្រោយ​ពី​ត្រូវ​របួស​ពី​ព្រឹត្តិការណ៍​គ្រាប់​ផ្លោង​នៅ​តំបន់​កាន់​កាប់​ដោយ​រដ្ឋាភិបាល​​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ប្រទេស​ស៊ីរី​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​មនុស្សធម៌ និង​សេដ្ឋកិច្ច​ដែល​ទំនង​ជា​កាន់​តែ​អាក្រក់​ នៅ​ពេល​មាន​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ស៊ីរី​កំពុង​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី​ចាប់​តាំង​ពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​នេះ​កាលពី​ជាង​ ១០ ឆ្នាំ​មុន។ នៅ​ក្នុង​របាយការណ៍​ចុងក្រោយរ​បស់​ខ្លួន គណៈកម្មការ​ដែល​មាន​សមាជិក​ ៣ ប្រទេស​នេះ​បាន​ពណ៌នា​លក្ខខណ្ឌ​នេះ​ថា​បាន​ឈាន​ដល់​ភាព​លំបាក​ក្នុង​កម្រិត​ថ្មី​មួយ។

គណៈកម្មការ​នេះ​និយាយ​ថា ប្រជាជន ៩០% បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ និង​ពឹងផ្អែក​លើ​ជំនួយ​មនុស្សធម៌។ លោក Hanny Megally សមាជិក​នៃ​គណៈកម្មការ​នេះ​បាន​ថ្លែង​ថា ពិភពលោក​ហាក់​ដូចជា​ជឿ​ថា ជម្លោះ​នៅ​ស៊ីរី​កំពុង​ត្រូវ​បាន​បញ្ចប់។ ផ្ទុយ​ទៅ​វិញ លោក​ថា សង្គ្រាម​នេះ​នៅ​តែ​បន្ត​នៅ​ឡើយ។

លោក Hanny Megally បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នៅ​តំបន់​ភាគ​ពាយព្យ យើង​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​គ្រាប់​ផ្លោង និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ពី​រដ្ឋ​ស៊ីរី និង​សហព័ន្ធ​រុស្ស៊ី និង​ការ​បាញ់​ផ្លោង​ពី​លើ​ដី​រួម​ទាំង​ការ​ប្រើប្រាស់​អាវុធ​សម្លាប់​មិន​រើស​មុខ និង​ការ​ប្រើប្រាស់​រ៉ូកែត​តម្រង់​គោលដៅ។ ហើយ​នៅ​ពេល​នេះ យើង​មើល​ឃើញ​ការ​ប្រើប្រាស់​រ៉ូកែត​ Krasnopol នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ»។

របាយការណ៍​នេះ​រក​ឃើញ​ថា ជន​ស៊ីវិល​កំពុង​ត្រូវ​បាន​គេ​យក​ជា​គោលដៅ និង​សម្លាប់​ដោយ​ប្រព័ន្ធ​អាវុធ​កាំភ្លើង​ធំ​ដែលអាច​បញ្ជាបាញ់​តាមគោល​ដៅ​ដ៏ទំនើប​តាម​បៀប​សូវៀត​។ របាយការណ៍​នេះ​លើក​ឡើង​ថា ជនស៊ីវិល​នៅ​ទូទាំង​ប្រទេស​កំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​សម្លាប់​ ការ​ឃុំ​ខ្លួន​មិន​ស្រប​ច្បាប់ និង​ទារុណកម្ម។ លោក Megally បាន​ថ្លែង​ថា គណៈកម្មការ​នេះ​ព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​ហេតុការណ៍​អាច​នឹង​កើត​ឡើង​នៅ​អ៊ុយក្រែន​ផង​ដែរ។

លោក Hanny Megally បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ទីកន្លែង​ដែល​មាន​ការ​វាយប្រហារ​ដោយ​មិន​រើស​មុខ​លើ​ជនស៊ីវិល​ និង​ការ​វាយប្រហារ​តម្រង់​គោលដៅ​លើ​ទីតាំង​មន្ទីរ​ពេទ្យ និង​ការ​មិន​ខ្វាយខ្វល់​ពី​ចំនួន​ជន​ស៊ីវិល​ស្លាប់​គឺ​ជា​ក្តីបារម្ភ​មួយ​ក្នុង​ចំណោម​ក្តីបារម្ភ​ចម្បងៗ​របស់​យើង​នៅ​ស៊ីរី។ ខ្ញុំ​សង្ឃឹម​ថា រឿង​នេះ​នឹង​មិន​កើត​ឡើង​នៅ​អ៊ុយក្រែន​នោះ​ទេ»។

លោក Paulo Pinheiro ប្រធាន​គណៈកម្មការ​បាន​ថ្លែង​ថា លោក និង​ក្រុម​ការងារ​របស់​លោក​ក៏​បារម្ភ​អំពី​ផលវិបាក​អវិជ្ជមាន​លើ​វិបត្តិ​អ៊ុយក្រែន​នៅ​ស៊ីរី។

លោក Paulo Pinheiro បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «អតិផរណា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រួច​ហើយ។ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​គ្រប់គ្រង​លើ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ប្រេង​ឥន្ធនៈ​ផង​ដែរ។ តម្លៃ​នៃ​ការ​នាំចូល​បាន​កើន​ឡើង​ខ្លាំង​ ហើយ​យើង​គួរ​តែ​ចងចាំ​ថា ការ​នាំចូល​ស្រូវសាលី​របស់​ស៊ីរី​ភាគច្រើន​យក​មក​ពី​អ៊ុយក្រែន និង​រុស្ស៊ី»។

របាយការណ៍​នេះ​លើក​ឡើង​ថា សង្គ្រាម​រ៉ាំរ៉ៃ​រយៈពេល​ ១០ ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស រាប់​ម៉ឺន​នាក់​ និង​បាន​ធ្វើ​ឱ្យ​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​មុន​សង្គ្រាម​ភៀស​ខ្លួន។ របាយការណ៍​នេះ​ថា មនុស្ស​ជាង ១០០.០០០ នាក់​កំពុង​បាត់​ខ្លួន ឬ​បាត់ខ្លួន​ដោយ​បង្ខំ។

គណៈកម្មការ​នេះ​ថា ពលរដ្ឋ​ស៊ីរី​បាន​មើល​ឃើញ​ការ​បំផ្លិចបំផ្លាញ​ប្រទេស​របស់​ពួកគេ និង​មិន​អាច​ទទួល​យក​រឿង​នេះ​បាន​ទេ។ ខណៈ​ដែល​គ្រប់​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សោកនាដកម្ម​បន្ត​កើត​ឡើង​នៅ​អ៊ុយក្រែន ពួកគេ​ថា គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​លើ​ពលរដ្ឋ​ស៊ីរី ដែល​ស្ថានភាព​របស់​ពួកគេ​មិន​ត្រូវ​ព្រងើយ​កន្តើយ​នោះ​ទេ៕

XS
SM
MD
LG