ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​អ៊ុយក្រែន​គ្រោង​នឹង​ចរចា​ នៅ​ពេល​ដែល​កងទ័ព​រុស្ស៊ី​បាញ់ផ្តក់​ដាក់​ទីក្រុង​នានា


ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​និង​ប្រជាជន​នាំគ្នា​រើ​កម្ទេចកម្ទី​បាក់បែក​ បន្ទាប់​ពី​អគារ apartment មួយ​ត្រូវ​បាន​បាញ់​ផ្លោង​ដោយ​កងកម្លាំង​រុស្ស៊ី ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (REUTERS/Thomas Peter)

ពួក​អ្នក​ចរចា​មកពី​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន បានកំណត់​ពេល​ធ្វើការ​ពិភាក្សា​កាន់តែ​ច្រើន​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​នៅពេល​ដែល​រុស្ស៊ី​ធ្វើ​ការឈ្លានពាន​របស់​ខ្លួន​អស់រ​យៈពេល​ជិត៣ សប្តាហ៍​ដោយ​ការបាញ់ផ្តក់​ដាក់​រដ្ឋធានី​កៀវ​និង​ទីក្រុង​សំខាន់ៗផ្សេង​ទៀត​របស់​អ៊ុយក្រែន។

ការចរចា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ធ្វើ​ឡើង​តាម​វីដេអូ​ជាជាង​ការចរចា​ដោយផ្ទាល់នៅ​ក្នុង​ប្រទេស​បេឡារុស​ដែល​ជា​ប្រទេស​ជិត​ខាង ហើយ​ដូចជា​ការចរចា​លើកមុនៗដែរ ​ការ​ចរចា​នេះ​ នៅ​មិន​ទាន់​មាន​សញ្ញា​នៃ​ការបំបែកភាព​ទាល់ច្រក​សំខាន់​ណា​មួយ​នៅ​ឡើយនោះ​ទេ។

អ្នក​ចរចា​អ៊ុយក្រែន​លោកMykhailo Podolyakបាន​បញ្ជូន​សារ​តាមTwitter បន្ទាប់ពី​ការចរចា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា «ការទាក់ទង​ជា​ការធ្វើឡើង​ដ៏ពិបាក»។ លោក​បាន​បង្កើន​ក្តី​សង្ឃឹម​ពី​ការជឿនលឿន​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​និយាយ​ថា រុស្ស៊ី «បាន​ស្តាប់​ប្រកប​ដោយ​យកចិត្តទុកដាក់​នូវ​សំណើ​របស់​យើង» ហើយ​បាន​ចាប់ផ្តើម​ពិភាក្សា«ក្នុង​ន័យ​ស្ថាបនា»។

អ្នកនាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការចរចា ក៏ប៉ុន្តែ គឺថាការចរចា​នោះ ស្វែងរក​សញ្ញា​ដែល​រុស្ស៊ី មាន​ឆន្ទៈ​ធ្វើការ​ចរចា​ដោយ​ការកាត់បន្ថយ​អំពើ​ហិង្សា។

លោក​ស្រី Psaki មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ទស្សនៈ​របស់​យើង​គឺ​ថា ថ្វីបើ​មាន​ពាក្យ​សម្តី​ដែល​ត្រូវ​បាន​គេ​និយាយ​នៅ​ក្នុង​ការចរចា​ទាំង​នោះ​ឬ​ចេញ​មកពី​ការចរចា​ទាំង​នោះ​ក៏ ដោយ ក៏​សកម្មភាព​ការទូត​តម្រូវ​ឲ្យមានភាព​ស្មោះត្រង់​ដើម្បី​កាត់បន្ថយ​ការតានតឹង។ ហើយ​អ្វី​ដែល​យើង កំពុង​ស្វែងរក​គឺ​ភស្តុតាង​នៃ​ភាព​ស្មោះ​ត្រង់​ទាំង​នេះ។ យើង​មិន​ឃើញ​ភស្តុតាង​នៅពេល​នេះ​ថា ប្រធានាធិបតី Putin កំពុង​ធ្វើ​អ្វីៗដើម្បី​បញ្ឈប់​ការកាប់​សម្លាប់​ឬ​បន្ថយ​ភាព​តានតឹងនោះទេ»។

លោក​ស្រី Psaki ក៏​បាន​បដិសេធ​មិនបញ្ជាក់​ពីសេចក្តីរាយការណ៍ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden ត្រូវ​គេ​រំពឹងថា ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៊្រុចសែល​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អង្គការ​អូតង់​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​នោះ​ទេ។ លោក​ស្រី បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Biden បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​អូតង់​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​អំពី​ការបង្កើន​វិធានការ​ការទូត រួមទាំង​ជំនួយ​មនុស្សធម៌​និង​សន្តិសុខ​ផងដែរ ក៏ប៉ុន្តែ មិន​មែន​ការសម្រេច​ចុងក្រោយ​អំពី​ការធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៊្រុចសែល​នោះ​ទេ»។

លោក​ប្រធានាធិបតី Biden មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​រួម​ទាំង​ជំនួយ​យោធា​និង​មនុស្សធម៌​គ្រាអាសន្ន​ដែល​មាន​ទឹកប្រាក់១៣,៦ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។ ហើយ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក។ លោក Zelenskyy បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ ដែល​រួម​មាន​ទាំង​តំបន់​ហាមឃាត់​ការ​ហោះហើរ​លើ​ប្រទេស​អ៊ុយក្រែន​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden បាន​ច្រានចោល។

ការឆ្លើយតប​ភាគ​ច្រើន​របស់​អន្តរជាតិ​បាន​ផ្តោតលើ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ជប៉ុន​បាន​ប្រកាស​ការបង្កក​ទ្រព្យសម្បត្តិ​ថ្មី​លើ​ជនជាតិ​រុស្ស៊ី១៧នាក់ រួម​ទាំង​សមាជិក​សភា​រុស្ស៊ី១១នាក់ មហា​សេដ្ឋី Viktor Vekselberg និង​សមាជិក​ក្រុម​គ្រួសារ​របស់​ធនាគារិក Yuri Kovalchuk ផង​ដែរ។

សហភាព​អឺរ៉ុប បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​អនុម័ត​ការដាក់​ទណ្ឌកម្ម​ជុំ​ទី៤ប្រឆាំង​នឹង​ផ្នែក​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង«បុគ្គល​និង​អង្គភាព​ដែល​បាន​ទាក់ទិន​នៅ​ក្នុង​ការឈ្លាន​ពានប្រទេស​អ៊ុយក្រែន»៕

ប្រធាន​ផ្នែក​អឺរ៉ុប​ខាង​កើត​នៃ​វីអូអេអ្នកស្រី Myroslava Gongadez អ្នក​យកព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិ មានអ្នកស្រី Anita Powell អ្នក​យកព័ត៌មាន​ជាន់​ខ្ពស់​វីអូអេ​ខាង​ការទូត​អ្នកស្រី Cindy Saine អ្នក​យកព័ត៌មាន​ខាង​សន្តិសុខ​ជាតិ​របស់​វីអូអេអ្នកស្រី Margaret Basheer អ្នក​យកព័ត៌មាន​របស់​វីអេអូ​នៅ​ក្រសួង​ការបរទេស​អ្នកស្រី Nike Chingនិង​អ្នក​យកព័ត៌មានវីអូអេ​ផ្សាយ​ភាសា​ចិន​កុកងឺអ្នកស្រី Lin Yang និង Si Yang បាន​ផ្តល់​ព័ត៌មាន​ដល់​សេចក្តីរាយការណ៍​នេះ។ ហើយ​ព័ត៌មាន​ខ្លះ​ទៀត​នៃ​សេចក្តី​រាយការណ៍​នេះ ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG