ដោយលើកពីមូលហេតុនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdelena Andersson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ុយ អែត ចាំបាច់បង្កើនការចំណាយខាងយោធាហើយនឹងស្វះស្វែងបង្កើនការចំណាយរហូតដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP) របស់ខ្លួនឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានអំពីផែនការនេះនៅទីក្រុងស្តុកខុល លោកស្រី Anderson បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកស្រី កំពុងបង្ហាញសារដ៏ច្បាស់មួយដល់ប្រជាពលរដ្ឋស៊ុយអែតនិងពិភពលោកថា សមត្ថភាពខាងការពារប្រទេស «ត្រូវតែធ្វើពង្រឹងឲ្យបានខ្លាំង»។
លោកស្រី បានមានប្រសាសន៍ទៀតថា ស្ថានភាពសន្តិសុខនៅក្នុង«ប្រទេសជិតខាងរបស់ស៊ុយអែត» កាន់តែយ៉ាប់យ៉ឺនឡើងនៅពេលនេះ ហើយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង»។
នៅឯសន្និសីទកាសែតដដែលនោះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ុយអែតលោក Mikael Damberg បាននិយាយថា ថវិកាយោធានៅពេលបច្ចុប្បន្ននេះរបស់ស៊ុយអែតមានប្រហែល 7,18 ពាន់លានដុល្លារ ប្រហែល1,3ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP)។ លោកស្រី Andersson មិនបានកំណត់ពេលវេលាជាក់លាក់ដើម្បីឲ្យទៅដល់កម្រិត២ភាគរយនោះទេ ក៏ប៉ុន្តែ បាននិយាយថា លោកស្រី នឹងធ្វើឲ្យដល់ចំនួននេះនៅក្នុងរយៈពេលមួយទសវត្សរ៍។
លោកស្រី Andersson ក៏បានបញ្ជាក់ដែរ ថាការបង្កើនការចំណាយវិស័យការពារប្រទេស ក៏មានន័យដែរថា យុវជន ត្រូវតែប្រុងប្រៀបបំពេញកាតព្វកិច្ចយោធា៕