ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស បាន​ដាក់ទណ្ឌកម្ម​លើ​អភិជន​រុស្ស៊ី ៧នាក់​ទៀត


រូបឯកសារ៖ ម្ចាស់ក្លឹបបាល់ទាត់ Chelsea លោក Roman Abramovich ចូលរួមការប្រកួតបាល់ទាត់នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ម្ចាស់ក្លឹបបាល់ទាត់ Chelsea លោក Roman Abramovich ចូលរួមការប្រកួតបាល់ទាត់នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា ខ្លួន​បាន​បន្ថែម​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​ល្បីៗ​ជា​ច្រើន​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន រួមមាន​លោក Roman Abramovich មហា​សេដ្ឋី​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បាល់ទាត់Premier League ក្លឹប Chelsea និង​អ្នក​ឧស្សាហកម្ម Oleg Deripaska ដែល​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​សង្គ្រាម​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់ ផ្តើមជាមួយ​អ៊ុយក្រែន​កាល​ពី​ខែ​មុន។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា​នេះ ថា បញ្ជី​ថ្មី​នោះ ក៏​រួមមាន​លោកIgor Sechin ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Rosneft ប្រធាន​ធនា គារ VTB លោក Andrei Kostin ប្រធាន​ក្រុមហ៊ុន​ប្រេង Gazprom លោក Aleksei Miller ម្ចាស់​បំពង់​បង្ហូរ​ប្រេង​ក្រុមហ៊ុន Transeft លោក Nikolai Tokarev និង​ប្រធាន​ធនាគារ Rossia លោក Dmitry Lebedev។

ចំណាត់ការ​នេះ ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​ឈ្លានពាន​ដែល​គ្មាន​ហេតុផល​ត្រឹមត្រូវ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​របស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ​ហើយ​ក៏​ហាមឃាត់​ការធ្វើ​ដំណើរ​របស់​ពួកគេ​ដែរ មាន​ន័យ​ថា ពួកគេ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទៅ​ទស្សនា​ចក្រភព​អង់គ្លេស​ ហើយ​ក៏​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​ជន​ជាតិ​អង់គ្លេស​ដែរ។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ប្រកាស​ការ​បន្ថែម​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​នោះ​ថា « ការដាក់​ទណ្ឌកម្ម​នៅ​ថ្ងៃ

​នេះ ជា​វិធានការ​ថ្មី​ៗបំផុត​នៅ​ក្នុង​ការគាំទ្រ​មិន​ងាករេ​របស់​ចក្រភព​អង់គ្លេស​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន។ យើង នឹង​ដេញតាម​គ្មាន​ទីបញ្ចប់​ដល់​អ្នក​ដែល​សម្លាប់​ជន​ស៊ីវិល បំផ្លិច​បំផ្លាញ​មន្ទីរពេទ្យ​និង​ត្រួតត្រា​ខុសច្បាប់​លើ​អធិបតេយ្យភាព​របស់​សម្ពន្ធមិត្ត»។

រុស្ស៊ី បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃទី២៤ ខែ​កុម្ភៈ។ ចាប់តាំង​ពីពេល​នោះ​មក ប្រទេស​លោក​ខាង​លិច​ជា​ច្រើន បាន​ដាក់​ទណ្ឌកម្មធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាប់គាំង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​ពួក​មន្ត្រី​ជា​ច្រើន​ហើយ​នឹង​មហាសេដ្ឋី​រុស្ស៊ី​ដែល​ត្រូវ​បាន​គេ​មើលឃើញ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin៕

XS
SM
MD
LG